ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូគូស្នេហ៍១គូ ខណៈដែលពួកគេបាននាំគ្នាឡើងទៅដេកបាត់ លុះព្រឹកឡើងចុះមកវិញ ក៏បានបាត់ម៉ូតូ ទើបពួកគេសុំអ្នកជិតខាងមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញនារីសង្ស័យខាងលើលួចយកទៅ ទើបសម្រេចចិត្តនាំគ្នាទៅដាក់ពាក្យបណ្តឹងហហើយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មុខផ្សារសូរិយាម៉ល។
ជនសង្ស័យឈ្មោះ ជា សុវណ្ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែ រមុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ស៊ុន ចាយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ133E0z ផ្លូវ154 ភូមិ6 សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ម៉ូតូដែលជនសង្ស័យខាងលើលួចយកទៅ ម៉ាក ZOOMER X ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1FS-1680 លេខតួ 5109928 លេខម៉ាស៊ីន0109928។
បើតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នាងនិងមិត្តប្រុស ទើបនាំគ្នាមកពីហូបបាយនៅផ្សារកណ្ដាល ហើយក៏បានយកម៉ូតូទុកក្នុងផ្ទះលេខ133E0z ផ្លូវ154 ភូមិ៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រួចក៏ចូលដេកក្នុងបន្ទប់ទៅ។ លុះដល់វេលាព្រឹកម៉ោង៧ មិត្តប្រុសរបស់នាងបានភ្ញាក់ពីដំណេក ចុះមកយកម៉ូតូជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូ ហើយទ្វារផ្ទះបើកចំហរ ភ្លាមនោះ នាងបានសួរម្ចាស់ផ្ទះ “ម៉េចបានជាទ្វារបើកអ៊ីចឹង ” ម្ចាស់ផ្ទះបានឆ្លើយថា ”មិនដឹងថា អ្នកណាជាអ្នកបើកទ្វារដែរ”។ ពេលនោះ ជនរងគ្រោះបានទៅសុំឆែកកាមេរ៉ាសុវត្ថិភាពផ្ទះអ្នកជិតខាងមើល ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់) ក្នុងនោះមាននារីជាសង្ស័យខាងលើលួចយកទៅ ទើបនាងនិងមិត្តប្រុសបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ តែម្តង”។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវ រហូតដល់ ម៉ោង០៨និង០០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ទើបឃើញនារីជាសង្ស័យ ឈ្មោះ ជា សុវណ្ណា នៅមុខផ្សារសូរិយាម៉ល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក៏បានឃាត់ខ្លួននាំមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ តែម្តង។
នារីជាជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ច ថា នាងនិងបក្ខពួក៣នាក់ទៀត ពិតជាបានលួចម៉ូតូនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន នារីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកបក្ខពួកផ្សេងទៀត កំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕