សុខ ពិសី កាន់តែមានរាងស្វែលតូចស្អាតគួរឱ្យក្នាញ់ រហូតគ្រាន់តែចុះពីលើឆាកតន្ត្រីភ្លាម ស្រីស្អាតប្រចាំសាន់ដេ រូបនេះ ត្រូវបានអ្នកគាំទ្ររបស់នាងដែលភាគច្រើនជាយុវវ័យ ព័ទ្ធឱបថើបនៅខាងក្រោយឆាកស្ទើរតែរើខ្លួនមិនរួចឡើយ។

ក្រុមអ្នកគាំទ្រសុខ ពិសី ទាំងនោះ ភាគច្រើនក្នាញ់នឹងសម្រស់របស់នាង រួមទាំងបទចម្រៀងមួយចំនួនដែលពិសី បង្ហើរសំនៀងត្រូវសាច់រឿងរបស់ពួកគេ ហើយពិសី បានចាត់ទុកអ្នកដែលនៅក្មេងៗទាំងនោះថា ជា “កូនៗ” ខណៈដែលអ្នកគាំទ្រនាងវិញ ហៅពិសី វិញថា “ម៉ាក់ៗ” ដែរ។
សុខ ពិសី បានឡើងបង្ហាញខ្លួនលើឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ក្នុងកម្មវិធីប្រគំតន្ត្រី ICHITAN ហើយនាងបានយកបទចម្រៀង៣បទបំពេអារម្មណ៍ Fan របស់នាង ដូចជាបទ “នឹកមិនអាចជួប”, “សើចពេលភ្លឺ ឈឺពេលយប់” និងបទ “យាយវ៉ែនតា”។

ពិសី មិនត្រឹមតែប្រែប្រួលពីរាងមានសាច់មកជារាងស្វែលនោះទេ តែពេលនេះការលេងក្បាច់រាំរបស់នាងក៏ប្រែប្រួលច្រើនជាងមុនដែរ ព្រោះមានភាពរស់រវើកគួរឱ្យទាក់ទាញ ខណៈដែលកាលពីឆ្នាំមុនៗ ពិសី ច្រើនតែច្រៀងបទស្លូវជាងបទញាក់។

សុខ ពិសី បានឱ្យដឹងថា នាងបានសម្រកទម្ងន់បាន៥គីឡូ (៥៤-៤៩គ.ក្រ) ហើយចំពោះអាថ៌កំបាំងនៃការសម្រកទម្ងន់នេះ មិនមែននាងប្រើប្រាស់ផលិតផលសម្រកទម្ងន់ទេ តែបានមកពីនាងឆ្លៀតហាត់ប្រាណជាប្រចាំ គឺកីឡាយូហ្គា តាមរយៈការស្វែងយល់កីឡានេះលើអ៊ីនធើណេតយកមកអនុវត្ត ស្រាប់តែបានផលមែន។ ដោយឡែក ការច្រៀងរាំបទញាក់វិញ គឺពេលនេះនាងធ្វើទៅតាមតម្រូវការទីផ្សារ។

សុខ ពិសី នៅតែរក្សាតំណែងបានជាតារាស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេ បើទោះជាមុននេះ នាងបានបាត់បង់ដៃគូដ៏សំខាន់ គឺតារាចម្រៀងខេមរៈ សិរីមន្ត ក្តី តែពិសី នៅតែមិនធ្លាក់កូដឡើយ ក្រោយពេលនាងងាកទៅចាប់ដៃជាមួយតារាប្រុសសាន់ដេ ដល់ទៅ៣នាក់ គឺខាន់ ជេមស៍, នាយចឺម និង ឆាយ វីរៈយុទ្ធ។
យ៉ាងណា ពិសី ថា នាងមិនប្រកាន់ចំពោះការចាប់ដៃគូឡើយ គឺផលិតកម្មតម្រូវយ៉ាងណា នាងធ្វើទៅតាមនោះទាំងអស់ ដើម្បីកុំឱ្យដដែលៗ នាំឱ្យអ្នកទស្សនាធុញទ្រាន់។

ទាក់ទងរឿងបេះដូងវិញ សុខ ពិសី នៅតែគ្មានគម្រោងចូលរោងការឡើយ បើទោះជាមុននេះមានព័ត៌មានថានាងមានភាពស្និទ្ធស្នាលគ្នាចម្លែកជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ក្តី តែរហូតមកដល់ពេលនេះ ទាំងពិសី និងលោកចំរើន មិនដែលហ៊ានលាតត្រដាងរឿងស្នេហានេះឡើយ។
អ្នកគាំទ្រសុខ ពិសី បានឱ្យដឹងថា ពួកគេចង់ឃើញពិសី មានភាពក្លាហានចូលរោងការដូចឱក សុគន្ធកញ្ញា ប៉ុន្តែពិសី ឆ្លើយតបវិញថា ពេលវេលាសម្រាប់នាងរឿងរៀបការគឺមិនទាន់សមស្របឡើយ។

ដោយឡែក ទាក់ទងរឿងមានប្រុសក្មេងៗដែលជា Fan របស់ពិសី ហ៊ានចាប់ឱបថើបតារារូបនេះនៅក្រោយឆាកនោះ ជំនួយការរបស់តារាសាន់ដេ រូបនេះ បញ្ជាក់ថា មិនមែនតែនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍មួយទេ គឺគ្រប់ប៉ុស្តិ៍ទាំងអស់ដែលពិសី ទៅច្រៀង ក្រុមយុវវ័យទាំងនោះមានទាំងស្រីទាំងប្រុសតែងទៅចាប់ថតរូបឱបថើប ពិសី ជានិច្ច ដែលនោះជាការស្រលាញ់ គឺប្រុសៗទាំងនោះគ្មានបំណងកេងចំណេញលើពិសី ឡើយ”