ថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឲ្យដឹងថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិសប្បុរសធម៌កម្ពុជា-ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឬអាចក្លឹបផ្សេងទៀត ដើម្បីចូលរួមចំណែកទ្រទ្រង់មន្ទីពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅកម្ពុជា នោះ មានតារាល្បីៗចូលរួមក្នុងនាមជាកីឡាករ និងតារាខ្លះទៀតចូលរួមលើកទឹកចិត្ត សរុបតារាជាង១០០ដួងឯណោះ។

តារាដែលថៅកែផលិតកម្មមហាហង្ស រំពឹងថា នឹងចូលរួមប្រកួតបាល់ទាត់នោះ មានដូចជា លោកខេម, មង្គល, តុលា, គូម៉ា ជាដើម។ ដោយឡែក ខាងភាគីថៃ វិញ មានតារាល្បីៗជាកីឡាករជាង២០រូបផងដែរ ចូលរួម។ ចំណែកកីឡាករអាជីពវិញ មានដូចជាមកពីក្លឹបបឹងកេត ចាន់វឌ្ឍនាកា និងកីឡាករល្បីៗជាច្រើនរូបទៀត។

ទោះជាយ៉ាងណា ខេម មិនអាចទាក់ទងបំភ្លឺបានទេជុំវិញ ការត្រៀមចាប់ដៃកីឡាករចាន់វឌ្ឍនាកា លេងបាល់ទាត់ឲ្យផ្អើលស្ដាតអូឡាំពិក កាលពីថ្ងៃទី៥ ខែកក្កដានេះ ដោយសារតែទូរស័ព្ទតេមិនចូល។ ប៉ុន្ដែមុននេះ ខេម ធ្លាប់អះអាងថា លោកមានគម្រោងចេញទៅដើរលេងនៅប្រទេសបារាំង រយៈពេលមួយខែ នៅខែកក្កដានេះ ប៉ុន្តែទោះជារវល់យ៉ាងណា រឿងច្រៀងដើម្បីសប្បុរសធម៌នោះ លោកមិនអាចអាកខានបានទេ ពិសសេ គឺការស្វែងរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់ជីវិតកុមារទូទាំងប្រទេសនេះ។

ថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា គឺជាការប្រកួតរវាងក្លឹបបាល់ទាត់មួយ នៅកម្ពុជា ជាមួយក្លឹបបាល់ទាត់មួយមកពីថៃ និងការប្រកួតរវាងក្រុមតារាសិល្បៈកម្ពុជា-ថៃ ព្រមទាំងមានការប្រគំតន្រ្ដីផងដែរ។

កម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិសប្បុរសធម៌នេះ មានកិច្ចសហការជាមួយក្រុមហ៊ុន All That Once, ក្លឹបបាល់ទាត់ Once United នៅប្រទេសថៃ, ផលិតកម្មមហាហង្ស, ក្លឹបបាល់ទាត់ល្បីមួយនៅកម្ពុជា ដែលសម្របសម្រួលដោយលោក Sak Chanbotum ពី All Star Charity Soccer Match និងជាទីប្រឹក្សារបស់សម្ដេចព្រះសង្ឃរាជ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ៕


