បើទោះជាមិនមែនកំពូលតារាចម្រៀងក៏ដោយ ប៉ុន្តែអ្នកមេម៉ាយសុខ ស្រីនាង តាំងពីស្ពាយបង្វេចរត់ចោលសាន់ដេ ទៅជ្រកកោនក្រោមដំបូលហង្សមាស នោះ ស្រាប់តែតម្លៃខ្លួនរបស់នាងបានហក់ឡើងស្រឺតៗ ធ្វើឲ្យអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីមួយចំនួនឈឺក្បាលយ៉ាងខ្លាំង។

ជាក់ស្ដែង ដូចជាការច្រៀងក្នុងកម្មវិធីប្រគំតន្រ្ដីតាមបណ្ដាប៉ុស្ដិ៍នោះ ស្រីនាង ច្រៀង៣បទ ស៊ីថ្លៃរហូតដល់ទៅ៥០០ដុល្លារ បើទោះជាមុននេះ ខាងសមាគមទូរទស្សន៍បានកំណត់ថ្លៃថា តារាល្បីផុតលេខយកថ្លៃខ្ពស់បំផុតសម្រាប់ការច្រៀងនៅស្ទូឌីយូប៉ុស្ដិ៍ទូរទស្សន៍ មិនឲ្យលើសពី១០០ដុល្លារក៏ដោយ ប៉ុន្តែការកំណត់នេះហាក់លែងមានឥទ្ធិពល ឬប្រសិទ្ធភាពសម្រាប់ការយកទៅអនុវត្តន៍លើតារាល្បីៗទាំងនោះទៀតហើយ។

សម្រាប់សុខ ស្រីនាង វិញ អ្នករៀបចំកម្មវិធីប្រគំតន្រ្ដីមួយចំនួន នៅតែបន្ដរហៅនាងឡើងច្រៀង តែអ្នកខ្លះទៀតបែរជាញ៉ាញមិនហ៊ានហៅស្រីនាង ឡើងបង្ហើរសំនៀងនិងបញ្ចេញក្បាច់រាំឡើយ ព្រោះពួកគេសំអាងថា បើហៅស្រីនាង ម្នាក់ អាចហៅតារាដែលមានសមត្ថភាពប្រហាក់ប្រហែលនាងដល់ទៅ៥នាក់ឯណោះ ហើយកម្មវិធីដំណើរការបានដូចគ្នា។

សុខ ស្រីនាង មានកេរ្ដិ៍ឈ្មោះលោតឡើងជាងមុន នៅពេលដែលនាងបានទៅចូលធ្វើជាសមាជិករបស់ផលិតកម្មរស្មីហង្សមាស ហើយតាមអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីធំៗ បានបង្ហើបឲ្យដឹងថា សម្រាប់ការច្រៀង Concert តាមខេត្ត ស្រីនាង ស៊ីថ្លៃជាង១ពាន់ដុល្លារ ក្នុងមួយកម្មវិធី។

ទោះជាយ៉ាងណា ស្រីនាង នៅមិនទាន់មានបទចម្រៀងល្បីថែមទៀតឡើយ ខណៈដែលតាំងពីចូលហង្សមាស គេស្គាល់បទនាងច្បាស់តែមួយបទគត់ គឺបទ ”ហត់ទេ ស្រលាញ់គេម្នាក់ឯង?”។ ដោយឡែក រឿងបេះដូងវិញ តាំងពីស្រីនាង លែងលះប្ដីស៊ី សុវត្ថិ ជិត១០ឆ្នាំមក តារាដែលគ្មានកូនមួយគ្រាប់ សាច់កាន់តែសខ្ចីរូបនេះ ព្យាយាមលាក់បាំងគូស្នេហ៍ថ្មីជានិច្ច៕


