សូ ដានីតា បានឆេះដុំផ្ទុះប្រតិកម្មយ៉ាងខ្លាំងមិនធ្លាប់មានពីមុន នៅពេលដែលមានដំណឹងថា នាងផ្តាច់ពាក្យជាលើកទី2 បានប៉ះដល់ត្រចៀករបស់នាង ដោយតារាចម្រៀងនិងសម្តែងរូបនេះប្រកាសចង់ណាត់ជួបអ្នកដែលនិយាយរឿងនេះប្រាប់ដល់អ្នកកាសែត ដើម្បីដោះស្រាយគ្នាឱ្យដឹងសខ្មៅទៀតផង។

តារាចម្រៀងដែលបានប្រឡូកសិល្បៈជាង10ឆ្នាំ សូ ដានីតា បានចាត់ទុកថារឿងនោះបានប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ មិនអាចទទួលយកបានជាដាច់ខាត ហេតុនេះហើយនាងមិនអាចដេកសម្ងំស្ងៀម ទុកឱ្យគេដើរនិយាយតាមតែចិត្តបានទេ។

ការដែលសូ ដានីតា មិនអាចទ្រាំទ្របានតទៅទៀតនោះ ដោយនាងយល់ថា មនុស្សស្រីបែកបាក់គូស្នេហ៍ឬគូដណ្តឹងអីញឹក មិនមែនជារឿងល្អដែលត្រូវយកមកនិយាយឡើយ។ នាងថា មិនត្រូវការអ្នកសារព័ត៌មានឡង់សេរឿងមិនល្អបែបនេះចំពោះនាងទេ ព្រោះវាអាចជះឥទ្ធិពលមិនល្អសម្រាប់នាងដែលជាអ្នកសិល្បៈម្នាក់ ប្រឹងតស៊ូសន្សំកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំមកហើយនោះ។

សូ ដានីតា បញ្ជាក់ធ្ងន់ៗថា “បងឯងឱ្យអាណាដែលនិយាយថា ខ្ញុំផ្តាច់ពាក្យជាលើកទី2ហ្នឹង វាមកជួបខ្ញុំមក។ តើវាបានមកចូលរួមភ្ជាប់ពាក្យ់អត់? ម៉េចបានប្រាកដម៉េសថា ខ្ញុំភ្ជាប់ពាក្យផ្តាច់ពាក្យអីហ្នឹង? បើអ្នកឯងច្បាស់អ៊ីចឹង ហ៊ានមកជួបជាមួយខ្ញុំទេ ? ខ្ញុំមិនសប្បាយចិត្តទេ អាអ្នកដើរនិយាយផ្តេសផ្តាសពីខ្ញុំអីចឹង តើយើងជាស្រីល្អណាស់ឬ ដែលគេថា យើងផ្តាច់ពាក្យពីអ្នកណាមួយ ទាំងយើងខ្លួនឯងអត់បានដឹងរឿងអីផង ?”។

ទោះជា សូ ដានីតា ផ្ទុះកំហឹងយ៉ាងណា ប៉ុន្តែនាងបានទទួលស្គាល់ថា ពិតជាធ្លាប់ផ្តាច់ពាក្យម្តងជាមួយអតីតគូដណ្តឹងម្នាក់ កាលពី5ទៅ6ឆ្នាំមុន។ តែនាងមិនដែលភ្ជាប់ពាក្យជាមួយប្រុសណា ហើយទើបផ្តាច់ពាក្យកាលពីពេលថ្មីៗនេះទេ ការនិយាយបែបនេះ គឺជាចេតនារបស់មនុស្សខ្លះ ដើម្បីចង់បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងឱ្យពិបាកប្រឈមប៉ុណ្ណោះ។

សូ ដានីតា បានប្រឡូកអាជីពចម្រៀង និងសម្តែងជាង10ឆ្នាំមកហើយ ដែលពេលនេះ នាងនៅតែឈរជើងក្នុងអាជីពសិល្បៈបាន ទាំងការច្រៀងតាមបណ្តាកម្មវិធីធំក្នុងស្រុក ពិសេសគឺកម្មវិធីមង្គលការកូនអ្នកធំៗ ហើយនាងក៏ចេញទៅច្រៀងនៅក្រៅស្រុកជាញឹកញាប់ផងដែរ។

កន្លងមក មហាជនបានសម្តែងការអាណិតចំពោះសូ ដានីតា ដែលជាញឹកញាប់នាងតែងតែបង្ហោះសារពិបាកចិត្ត ព្រោះត្រូវរ៉ាប់រងទទួលបន្ទុកក្នុងគ្រួសារតែម្នាក់ឯងរហូតមកដល់ពេលនេះ នាងមិនទាន់មានគូជីវិតដូចមិត្តភក្តិឡើយ។

យ៉ាងណា តាមរយៈរូបសម្រស់នៅតែស្អាតផូផង់នោះ សូ ដានីតា ដែលកំពុងតែមួម៉ៅរឿងគេនិយាយថា នាងផ្តាច់ពាក្យជាលើកទី2នេះ ប្រាកដជាមានបុរសទាំងក្នុងនិងក្រៅស្រុកមិនតិចឡើយ ដែលចង់ភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងរូបនេះ។ ប៉ុន្តែសូ ដានីតា និយាយខ្លីថា នាងគ្មានគម្រោងចូលរោងការឆាប់ៗទេ៕