Thursday, September 18, 2025
Homeតារាខ្មែររ៉ាប៊ី អស់៣០០០ដុល្លារ ម៉ែស្តីឱ្យ3ខែ

រ៉ាប៊ី អស់៣០០០ដុល្លារ ម៉ែស្តីឱ្យ3ខែ

ស្រីស្អាតរ៉ាប៊ី បានលេងឈុតរ៉ូបសិចស៊ីពណ៌ស្លាបកំភេម ដែលនាងច្នៃអស់តម្លៃ70ដុល្លារ ឡើងឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ ហើយអតីតពីធីការិនីទូរទស្សន៍ហង្សមាស រូបនេះ នៅតែអះអាងថា នាងគ្មានគម្រោងកែកុនសម្រស់សិប្បនិម្មិតឱ្យកាន់តែទាក់ទាញជាងនេះឡើយ បន្ទាប់ពីបានកែច្រមុះអស់3000ដុល្លារមក ធ្វើឱ្យម្តាយរបស់នាងស្តីឱ្យរហូតដល់ទៅ3ខែឯណោះ។

វាចារបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ ក្រោយពេលដែលតារាពូកែរាំធ្វើឱ្យប្រុសៗគ្រឺតក្នាញ់របស់នាងគ្រប់ពេលនេះ កំពុងត្រូវបានគេសង្ស័យថា នាងវះកាត់កែពង្រីកដើមទ្រូង និងតចង្កាឱ្យវែង ចេញជាអក្សរ V ដើម្បីឱ្យប្រុសៗកាន់តែលង់ស្នេហ៍នាងថែមទៀត។

រ៉ាប៊ី ដែលត្រូវបានគេហៅថា “មាន់ស្រែ” ថ្លែងថា “រឿងកែលើកខ្ទង់ច្រមុះហ្នឹងហើយ ខ្ញុំត្រូវម៉ែស្តីឱ្យដល់ទៅ3ខែ។ គាត់មិនចង់ឱ្យខ្ញុំកែកុនអីទេ ព្រោះខ្លាចគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព នាំតែពិបាកនៅថ្ងៃក្រោយ។ សម្រាប់ខ្ញុំផ្ទាល់សូមអះអាងសាជាថ្មីថា ចាប់ពីពេលនេះតទៅ គឺអត់មានចង់កែកុនកន្លែងណាផ្សេង ក្រៅពីច្រមុះហ្នឹងទៀតទេ។ ចំណែកដើមទ្រូង និងចង្ការបស់ខ្ញុំ គឺជារបស់ធម្មជាតិសុទ្ធសាធ បើមិនជឿ ហ៊ានភ្នាល់ក៏បានដែរ”។

រ៉ាប៊ី ដែលច្រៀងបទចម្រៀងញាក់នៅថោន ល្បីស្ទើរគ្រប់បទទាំងអស់ ដូចជាបទ “មាន់ស្រែ”, “លុយ លុយ លុយ” និងបទ “ម៉ែជេរ” ជាដើមនោះ ត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលមានទ្រព្យកើនយ៉ាងលឿនរហ័សស្ទើរមិនគួរឱ្យជឿ ដូចជា កាលពីពេលថ្មីៗនេះ នាងបានទិញផ្ទះ2ល្វែង តម្លៃជាង20ម៉ឺនដុល្លារ និងទិញវីឡាយ៉ាងប្រណីតតម្លៃ15ម៉ឺនដុល្លារថែមទៀត ដែលធ្វើឱ្យមហាជននិងតារាជាច្រើនកោតស្ញប់ស្ញែង រហូតដល់មានអ្នកខ្លះសង្ស័យថា ស្រីស្អាតរូបនេះមានប្រុសស្នេហ៍ចិញ្ចឹម។ ប៉ុន្តែរ៉ាប៊ី ថា នាងគ្មានប្រុសឧបត្ថម្ភទេ ហើយផ្ទះវីឡានោះ នាងទិញបង់រំលស់រៀងរាល់ខែ។

ដោយឡែក នៅមុនបុណ្យអុំទូក ខាងមុខនេះ នាងនឹងចេញបទចម្រៀងមួយបទដែលមានការសម្រិតសម្រាំងយ៉ាងពិសេស សង្ឃឹមថានឹងផ្ទុះមិនចាញ់បទល្បីៗរបស់នាងពីមុនឡើយ៕

RELATED ARTICLES