Thursday, September 18, 2025
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា ហុឺហាដោយសារសង្សារថ្មី?

ឈិត សុវណ្ណបញ្ញា ហុឺហាដោយសារសង្សារថ្មី?

ឈិត សុវណ្ណបញ្ញា ខកចិត្តជាលើកទី២ ក្រោយពេលដែលនាងស្ពាយបង្វេចចេញពីហង្សមាស ចូលថោន ដោយរំពឹងថា នឹងល្បីជាងទ្រនំចាស់ ប៉ុន្តែដឹងអី សុវណ្ណបញ្ញា នៅតែធ្វើឱ្យទីផ្សារចម្រៀងមិនប្រែប្រួលឡើយ។

ទោះជាកេរ្តិ៍ឈ្មោះប្រឈមការធ្លាក់កូដក្តី ប៉ុន្តែគេកត់សម្គាល់ថា កម្រិតជីវភាពរបស់អតីតតារាហង្សមាស រូបនេះ បែរជាស្ទុះឡើងយ៉ាងរហ័សទៅវិញ ទើបធ្វើឱ្យមានការខ្សឹបខ្សៀវចេញពីចង្កោមអ្នកសិល្បៈថា សុវណ្ណបញ្ញា មានគូស្នេហ៍ថ្មីជួយផ្តល់ឱ្យនាងរស់ដោយសុខសាន្ត ទោះជាមិនចាំបាច់ច្រៀង សម្តែង ក៏មិនជួបវិបត្តិសេដ្ឋកិច្ចឡើយ…។

ឈិត សុវណ្ណបញ្ញា បង្ហាញទឹកមុខស្រងូតស្រងាត់ជាងមុន នៅពេលដែលមិត្តភក្តិរួមអាជីព សួរនាំនាងរឿងប្រាក់ចំណូលពីអាជីពចម្រៀង អំឡុងពេលដែលនាងចេញពីហង្សមាស ចូលថោន នេះ ព្រោះទោះជាមិននិយាយ ក៏គេអាចដឹងថាអតីតម្ចាស់ពាន Rock Star របស់ CTN កាលពីឆ្នាំ២០០៥នេះ មានការបាត់បង់ប្រាក់ចំណូលជាងមុនដែរ ព្រោះតែនាងមិនសូវឃើញច្រៀងរាំតាមបណ្តាកម្មវិធីប្រគំតន្ត្រីដូចមុនៗឡើយ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងស្ងប់ស្ងាត់ជាងកាលនៅហង្សមាស ទៀតផង។

ឈិត សុវណ្ណបញ្ញា ធ្លាប់ទទួលស្គាល់រឿងនេះ នៅពេលដែលអ្នកយកព័ត៌មានយើងសួរនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយនាងអះអាងថា កាលនាងច្រៀងនៅហង្សមាស ក្រុមហ៊ុនហៅឱ្យច្រៀងខ្លះ គេទាក់ទងមកនាងខ្លះ អ៊ីចឹងមើលទៅចេញច្រើនមែន ប៉ុន្តែពេលនេះនាងមានតែគេទាក់ទងមកផ្ទាល់ប៉ុណ្ណោះ។

យ៉ាងណា សុវណ្ណបញ្ញា ថា នាងនៅតែមានគេហៅច្រៀងជាហូរហែដែរ គ្រាន់តែកម្មវិធីខ្លះ គេមិន Live ទើបមិនសូវឃើញ នាងដូចមុន។

ឈិត សុវណ្ណបញ្ញា បានផ្ទុះជម្លោះជាមួយផលិតកម្មហង្សមាស នៅពេលដែលផលិតម្មនេះ សន្យាឱ្យនាងចេញបទចម្រៀង១វ៉ុល តែម្នាក់ឯង (Solo Album) ប៉ុន្តែនាងច្រៀងឱ្យហង្សមាស ១១ឆ្នាំ គឺផលិតកម្មមិនឃើញរៀបចំឱ្យនាងឡើយ ទើបនាងសម្រេចចិត្តទៅរួមរស់ជាមួយថោន។ ប៉ុន្តែការទៅដល់ថោន ជាង២ឆ្នាំ របស់ឈិត សុវណ្ណបញ្ញា ក៏នៅតែទ្រនំថ្មីនេះមិនរៀបចំបទចម្រៀងឱ្យនាង១វ៉ុលសុទ្ធឡើយ ទើបធ្វើឱ្យបញ្ញាប្រឈមការខកចិត្តជាលើកទី២ ខណៈដែលសិស្សប្អូនរ៉ាប៊ី ស្ទុះកេរ្តិ៍ឈ្មោះឡើងដូចកាំជណ្តើរឯនាងបែរជានៅទ្រឹងថ្កល់ទៅវិញ បើទោះជាសមត្ថភាពនៃការប្រើប្រាស់សំឡេងរបស់បញ្ញា ល្អជាងរ៉ាប៊ី ក៏ដោយ។

ប្រភពបានឱ្យដឹងថា សុវណ្ណបញ្ញា ពិបាកចិត្តដោយសារតែឱកាសដែលនាងត្រូវប្រកួតប្រជែងជាមួយតារាល្បី ហាក់កាន់តែខើចទៅៗ ស្របពេលដែលថោន នៅតែចាត់ទុកមាស សុខសោភា ជាតួឯកដដែល។

ថ្វីត្បិតតែអាជីពចម្រៀងរបស់ឈិត សុវណ្ណបញ្ញា កំពុងជួបបញ្ហាធំមែន ប៉ុន្តែអំឡុងពេលដែលនាងគ្មានបទចម្រៀងផ្ទុះដូចមុននេះ បែរជាជីវភាពរបស់នាងស្ទុះលោតឡើងទៅវិញ។ សុវណ្ណបញ្ញា ដែលជិះរថយន្ត Range Rover នោះ បានផ្លាស់មកជិះ Land Cruiser ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ហើយឥឡូវគេឃើញនាងជិះ Lexus RX200t ហើយនាងមានហាងសាឡន និងផ្ទះផ្ទាល់ខ្លួនទៀតផង។

ការហក់ឡើងនូវជីវភាពកាន់តែធូរធាររបស់តារាតូចច្រឡឹង ឈិត សុវណ្ណបញ្ញា នេះ ស្របពេលដែលមានព័ត៌មានថា បញ្ញា មានគូស្នេហ៍ថ្មីជាមន្ត្រីធំដែលបុរសនោះតែងបង្ហាញខ្លួននៅតាមបណ្តាកម្មវិធីជាច្រើនរបស់តារាថោន។

ប្រភពនោះបានឱ្យដឹងថា មន្ត្រីធំនោះមានជំនួញជាច្រើននៅក្នុងដៃ ហើយបើសុវណ្ណបញ្ញា ព្រមធ្វើជាកំណាន់ចិត្តរបស់លោកនោះ ទោះជានាងមិនចាំបាច់ច្រៀងក៏រស់នៅលើគំនរទ្រព្យយ៉ាងសុខសាន្តដែរ។

ប៉ុន្តែនៅគ្រប់កម្មវិធីទាំងអស់ ដែលសុវណ្ណបញ្ញា បង្ហាញខ្លួននោះ ស្រីស្រស់តូចច្រឡឹងរូបនេះ មិនដែលបណ្តើរគូស្នេហ៍ទេ ហើយនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងគ្មានគម្រោងរៀបការឆាប់ៗនេះដូចមិត្តរួមអាជីពឡើយ។

ឈិត សុវណ្ណបញ្ញា ធ្លាប់ប៉ះរឿងស្នេហាដ៏រសើបថា មានបុរសមានប្រពន្ធម្នាក់ ជាថៅកែលក់ឡាន បានបង្កាត់ភ្លើងស្នេហាជាច្រើនឆ្នាំជាមួយនាង ហើយបុរសនោះមាឌធំកាម៉ាប់ៗតែម្តង។ ប៉ុន្តែអតីតតារាហង្សមាស រូបនេះថា ប្រុសដែលគេសង្ស័យនោះជាប្តីរបស់ប្អូនស្រីនាងទេ ហើយដោយសារតែនាង និងប្អូនស្រី មានមុខមាត់ដូចគ្នាពេក ទើបគ្រឡំសង្សារគ្នាបែបនេះ។

យ៉ាងណា សុវណ្ណបញ្ញា ទទួលស្គាល់ថា មានប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍មែន គ្រាន់តែនាងមិនទាន់ធ្វើការជ្រើសរើសយកម្នាក់ មកធ្វើជាអនាគតស្វាមីប៉ុណ្ណោះ។

អ្នកសិល្បៈដែលស្និទ្ធសុវណ្ណបញ្ញា បានបង្ហើបឱ្យដឹងថា អតីតតារាហង្សមាស នេះ មានម្ចាស់ចិត្តហើយ ប៉ុន្តែនាងពូកែលាក់សង្សារណាស់ជាង១០ឆ្នាំនេះ គឺមិនដែលបណ្តើរកំណាន់ចិត្តជាចំហឱ្យគេឃើញឡើយ៕

RELATED ARTICLES