Thursday, September 18, 2025
Homeតារាខ្មែរអាលីហ្សា បង្ហួសទៅម៉ាឡេសុី សប្បាយទាំងឈឺ

អាលីហ្សា បង្ហួសទៅម៉ាឡេសុី សប្បាយទាំងឈឺ

បើទោះបីជាដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) របស់អាលីហ្សា ត្រូវរំខានដោយជំងឺរលាកបំពង់កក្រហាយៗស្ទើរតែធ្វើឱ្យនាងនិយាយមិនកើតមែន តែសុខភាពមិនអំណោយផលនេះ មិនអាចរារាំងដំណើរសប្បាយរបស់នាងដែលទើបរៀបការប្តីហើយថ្មោងថ្មីនេះបានឡើយ។

អាលីហ្សា ដែលនិយាយខ្សាវៗប្រាប់អ្នកយកព័ត៌មានយើង អំឡុងដឹកដៃប្តីក្មេងទៅដើរលេងសប្បាយមួយអស់ដៃនៅថៃ នោះ ពេលនេះនាងបន្តនាំលោកសូ លីឃាំង ទៅរឹតចំណងស្នេហ៍ដល់ប្រទេសម៉ាឡេស៊ី ទៀត ហើយពួកគេបានថតរូបឱបថើបបឺតមាត់គ្នានៅពីមុខអគារភ្លោះ ដោយអាលីហ្សា មិនខ្លាចឈឺកថែមទៀតឡើយ។

ការដែលអាលីហ្សា សម្រុកក្រេបចន្ទទឹកឃ្មុំ ដោយមិនបន្ធូរដៃទាំងបំពង់កនាងមិនទាន់ជា នៅពេលនេះ ដោយសារប្តីក្មេងរបស់នាងត្រូវវិលត្រឡប់ទៅអាមេរិក វិញ នៅពាក់កណ្តាលខែកក្កដា នេះ។ ហេតុនេះហើយទើបអាលីហ្សា ត្រូវតែសប្បាយជាមួយប្តីមួយអស់ដៃ ព្រោះបន្តិចទៀតនាងត្រូវគេងម្នាក់ឯង ហើយនឹកប្តីទាំងយប់ទាំងថ្ងៃជាមិនខាន។

អាលីហ្សា ដែលបរាជ័យស្នេហ៍2លើក គឺជាមួយតារាចម្រៀងសេន រ៉ានុត និងថៅកែកាហ្វេលោកដេនី នោះ បានរៀបការជាមួយអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក លោកសូ លីឃាំង អាយុប្អូននាង 4ឆ្នាំ ទើបធ្វើឱ្យនាងស្ថិតក្នុងចំណោមតារាដែលបានប្តីក្មេងមានដូចជាអ្នកនាងគង់ សុជាតិ, ឆ័យលី ដាឡែន និងខាត់ សុឃីម។

អាលីហ្សា បានឱ្យដឹងថា នាងនឹងយកកូនទៅតាមធម្មជាតិ ហើយក្រោយរៀបការនេះ អាជីពសិល្បៈនឹងត្រូវកាត់បន្ថយ ព្រោះនាងរង់ចាំតែទិដ្ឋាការពីស្ថានទូតអាមេរិក ដើម្បីចេញទៅរស់នៅតាមស្វាមីប៉ុណ្ណោះ៕

RELATED ARTICLES