មាន សូនីតា បានធ្វើឱ្យរឿងស្នេហារបស់នាងល្បីខ្លាំងជាងអាជីពសិល្បៈថែមទៀត ព្រោះតែស្រីស្អាតរូបនេះមានទ្រព្យយ៉ាងលឿនរហ័ស ត្រឹមតែមួយប៉ប្រិចភ្នែក នាងមានផ្ទះវីឡាថ្លៃជាង៣០ម៉ឺនដុល្លារ , ហាងលក់ក្រមា តម្លៃម៉ឺនដុល្លារ ព្រមទាំងការលេងម៉ូដរថយន្តទំនើបៗផ្លាស់ប្តូរជាញឹកញាប់ថែមទៀតផង ទើបធ្វើឱ្យបែកធ្លាយរឿងស្រីស្អាតរូបនេះមានគូស្នេហ៍ជាមន្ត្រីគយនៅខាងក្រោយខ្នង។

ការលេចឮរឿងស្នេហាដ៏រសើបរបស់មាន សូនីតា នៅពេលនេះ ចំពេលដែលស្រីស្អាតរូបនេះច្រើនតែយកការលំហែកាយានៅក្រៅស្រុកជាងការងារសិល្បៈ ខណៈដែលលោកគយសម្បុរស វ័យ៥០ប្លាយរូបនោះ ត្រូវបានអ្នកសិល្បៈជាច្រើនដឹងថា លោកស្រលាញ់សូនីតា ខ្លាំងណាស់ រហូតដើរនិយាយប្រាប់គេថា តារាស្រុកខ្មែរ លោកមើលតារាណាក៏មិនចូលភ្នែកដែរ តែបើសូនីតា វិញ គ្មានកន្លែងណារិះគន់ឡើយ។

ទោះជាយ៉ាងណា នៅពេលដែលតារាស្និទ្ធលោកគយម្នាក់នោះ សួរថា តើពេលណាទើបលោក ហ៊ានបណ្តើរសូនីតា នោះ? បុរសដែលមានលុយចាយមិនចេះអស់នោះឆ្លើយយ៉ាងខ្លីថា “ស្រេចតែលើគេ (សូនីតា) ចុះ!”។
ការថ្លែងបែបនេះមានន័យថា លោកគយរូបនោះចង់បណ្តើរកៀកកើយជាមួយមាន សូនីតា ជាចំហខ្លាំងណាស់ ដើម្បីឱ្យគ្រប់គ្នាបានដឹងថា លោកមានសង្សារជាស្រីស្អាត តារាល្បីឈ្មោះ គឺសូនីតា រហស្សនាមរាជិនីក្រមា។

ថ្វីត្បិតតែរឿងស្នេហារបស់មាន សូនីតា និងលោកគយ ផ្ទុះខ្លាំងទាំងក្នុងនិងចង្កោម អ្នកសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ សូនីតា មិនដែលចេញមុខបំភ្លឺរឿងស្នេហាដ៏រសើបនេះឡើយ គឺនាងមានតែព្យាយាមគេចចេញពីការសម្ភាសរបស់អ្នកកាសែតទៀតផង។
ការបិទបាំងស្នេហារបស់សូនីតា នៅពេលនេះ ដោយសារតែមានការបង្ហើបថា លោកគយទ្រព្យស្តុកនោះមិនមែននៅទំនេរឡើយ គឺលោកមានភរិយានិងកូនៗច្រូងច្រាងទៅហើយ ហេតុនេះហើយកុំថាឡើយ សូនីតា ហ៊ានបណ្តើរបុរសលុយក្រាស់នោះ ទោះជានាងចង់រៀបការ ក៏លោកគយរូបនោះមិនអាចបំពេញតាមបំណងបានដែរ ព្រោះខ្លាចផ្ទុះរឿងធំ។

មាន សូនីតា ធ្លាប់ប៉ះរឿងស្នេហ៍ផ្អើលពេញផ្ទៃប្រទេសម្តងហើយ ដោយលេចឮថា ថៅកែស្រីលក់ពេជ្រម្តុំផ្សារធំថ្មី និងថៅកែលក់កាហ្វេម៉ាកល្បីមួយ នៅម្តុំផ្សារធំថ្មី តាមស្នេហ៍តារាសំឡេងស្រាលនេះព្រមៗគ្នា ធ្វើឱ្យសូនីតា ពិបាកសម្រេចចិត្តយ៉ាងខ្លាំង ស្របពេលដែលថៅកែស្រីលក់ពេជ្រ នៅមិនសុខឡើយ ពេលដែលឃើញស្រីស្អាតរូបនេះ ស្និទ្ធស្នាលជាមួយតារាសម្តែងប្រុសណាម្នាក់ ខណៈដែលថៅកែលក់កាហ្វេវិញ គិតតែពីដេកមើលរូបថតសូនីតា សម្តែង MV ទើបធ្វើឱ្យផ្ទុះជម្លោះជាមួយប្រពន្ធ ផ្អើលភ្ញៀវរត់ជាន់ជើងគ្នាក៏មាន។
ប៉ុន្តែចាប់តាំងពីមន្ត្រីគយរូបនោះចូលខ្លួនមកស្នេហ៍សូនីតា ដែរ ធ្វើឱ្យទាំងថៅកែពេជ្រ និងថៅកែកាហ្វេ ខ្ទាតចេញព្រមៗគ្នាតែម្តង ព្រោះថាមិនអាចតតាំងជាមួយលោកគយបានឡើយ។

មាន សូនីតា ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលរស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃ មានដូចជា រ៉ាប៊ី , បេប៊ី , ដួង ម៉ានិច្ច , នៅ សុនិតា , ទេព បូព្រឹក្ស ជាដើម ដែលពួកគេមានទ្រព្យរាប់សែនដុល្លារក្នុងកណ្តាប់ដៃ ហើយត្រូវបានគេសង្ស័យថា មានគូស្នេហ៍កំបាំងមុខនៅក្រោយខ្នង។

ប៉ុន្តែ សូនីតា ខុសពីតារាមួយចំនួនទៀតដែលត្រូវគូស្នេហ៍ចង ជើងលែងឱ្យលេងអាជីពចាស់នោះ ព្រោះពេលនេះស្រីស្រស់រូបនេះនៅតែឆ្មក់ថតកុន ដោយគ្មានការហួងហែងពីគូស្នេហ៍ឡើយ ដូចជាមុននេះ នាងល្បីរឿង “ផ្កាថ្ម” ដែលធ្វើឱ្យសូនីតា មានយីអ៊ុនទាំងសិល្បៈនិងស្នេហាព្រមគ្នាតែម្តង៕