ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិនម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏សម្រេចចិត្តគិតខ្លីប៉ុនប៉ងលោតចុះពីលើអគារកាស៊ីណូ តែសំណាងល្អត្រូវសមត្ថកិច្ចចម្រុះអន្តរាគមន៍ទាន់ពេល បង្កមានការភ្ញាក់ផ្អើលឡើងកាលពីព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអគារកាស៊ីណូមួយកន្លែង យីហោប៊ីវិន តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតក្នុងក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បុរសជនជាតិចិនដែលប៉ុនប៉ងធ្វើអត្តឃាត ដោយលោតពីលើអគារកាស៊ីណូខាងលើនេះ មានឈ្មោះ SI CHANGMENG អាយុ២២ឆ្នាំ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយប្រើពេលច្រើនម៉ោងតាមនីតិវិធី គិតមកដល់ម៉ោងជិត៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចបានឡើងទៅយកបុរសជនជាតិចិនរូបនេះពីកន្លែងដែលគេចង់លោតសម្លាប់ខ្លួនចុះមកក្រោម ហើយភ្លាមៗបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ត ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីសាវតានិងមូលហេតុថាបណ្តាលមកពីអ្វីឡើយ ដោយប្រាប់បណ្តាញផ្សព្វផ្សាយថា រង់ចាំសាកសួរចប់សិន។

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធការជួយសង្គ្រោះនេះផងដែរ គេសង្កេតឃើញមានកម្លាំងចំរុះរួមមានសមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ ក្រុមសង្គ្រោះ RRC711 រួមជាមួយកម្លាំងប្រជាការពារផងដែរ៕


