Thursday, September 18, 2025
Homeតារាខ្មែរមាស សុខសោភា ពន្យារពេលវិលចូលស្រុក ព្រោះមានគេឃាត់?

មាស សុខសោភា ពន្យារពេលវិលចូលស្រុក ព្រោះមានគេឃាត់?

មាស សុខសោភា បានច្រៀងនៅប្រទេសកាណាដាជាលើកទី៤នេះ មានរយៈពេល៣ខែទៅហើយ នឹងដល់ពេលវេលាដែលនាងត្រូវវិលចូលស្រុកវិញហើយ។ ប៉ុន្តែការហាមឃាត់ពីសំណាក់សាច់ញាតិរបស់ស្វាមីសោភា ឱ្យនាងបន្តច្រៀងសម្តែងនៅទីនោះរយៈពេល៣ខែថែមទៀត ទីបំផុតធ្វើឱ្យសោភា ត្រូវពន្យារពេលវិល មកស្រុកវិញតាមការកំណត់ហើយនាងត្រូវចាប់ដៃឆន សុវណ្ណរាជ ច្រៀងសម្តែងរួមគ្នានៅថ្ងៃទី២៧ ខែកក្កដា នេះទៀតផងដើម្បីឱ្យកាន់តែប្លែក និងមានអ្នកទស្សនាចូលទិញសំបុត្រគាំទ្រច្រើនថែមទៀត។

ទោះជាយ៉ាងណា គេមិនទាន់ដឹងទេថា តើមាស សុខសោភា នឹងយល់ព្រមបន្តស្នាក់នៅប្រទេសកាណាដា ៣ខែទៀត ដែលអូសបន្លាយរហូតដល់តុលា ខាងមុខឬយ៉ាងណា ព្រោះថាពេលនេះមានបណ្តាក្រុមហ៊ុនមួយចំនួននៅក្នុងស្រុកនៅរង់ចាំនាងវិលវិញ ដើម្បីបន្តការធ្វើកម្មវិធីជាមួយតារាថោន នេះឡើយវិញ។

មាស សុខសោភា បានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមេសា ដោយរួមដំណើរជាមួយស្វាមីរបស់នាងលោកអ៊ឹត រ៉ាដា។

តាមព័តមានថា សោភា ខុសពីតារាមួយចំនួនទៀតដែលច្រៀងយកប្រាក់ខែ ប៉ុន្តែនាងវិញគឺច្រៀងចែកពាក់កណ្តាលជាមួយម្ចាស់ Sponsor ពីតម្លៃលក់សំបុត្រ ហេតុនេះហើយការចេញច្រៀងសម្តែងកាន់តែច្រើននឹងធ្វើឱ្យសោភា បានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត ព្រោះរាល់ការសម្តែងរបស់នាងម្តងៗមានអាណិកជនខ្មែរនៅបរទេសគាំទ្រពេញៗសាល។

ការរក្សាបានទីផ្សារខ្លាំងរបស់មាស សុខសោភា ដោយសារតែនាងអាចច្រៀងបានគ្រប់ទម្រង់ទាំងអស់ និងម៉្យាងទៀតការផ្អាកចេញទៅច្រៀងសម្តែងនៅក្រៅស្រុករបស់តារាល្បីៗមួយចំនួន ដូចជា ឱក  សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា និង សួស វីសា ជាដើម គឺធ្វើឱ្យទីផ្សាររបស់តារាថោន រូបនេះកាន់តែមានប្រៀបជាងតារាផ្សេងៗទៅទៀត។

សោភា បានសារភាពថា នាងពិតជាជាប់ចិត្តចំពោះទេសភាពនៅកាណាដា មែនសម្រាប់ការចេញច្រៀងជើងនេះ ជាពិសេសគឺឆ្នេរសមុទ្រភាគខាងជើងនៃកាណាដា តែម្តង។ ដំណើររកលុយក្រៅស្រុករបស់សោភា លើកនេះត្រូវបានគេសង្ស័យថា នាងអាចនឹងវិលចូលស្រុកវិញហើយធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងតាមរយៈការរៀបការតាមប្រពៃណីខ្មែរ ជាមួយលោកអ៊ឹត រ៉ាដា បន្ទាប់ពីពួកគេបានរួមរស់ក្រោមដំបូលជាមួយគ្នាតាំងពីឆ្នាំ២០០៨នោះ។

គេថាពេលនេះ សោភា មានអ្វីៗគ្រប់យ៉ាងក្នុងដៃ ដូចជាជីវភាពធូរធារជាងមុន ព្រោះរកលុយបានច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ មានផ្ទះនិងរថយន្តទំនើបៗជាដើម។ ប៉ុន្តែសោភា នៅខ្វះតែម្យាងគត់គឺពិធីរៀបការតាមប្រពៃណីខ្មែរ បើទោះជានាងធ្លាប់រៀបការតាមសាសនាគ្រិស្ត ដោយបានបំពាក់ចិញ្ចៀនជាមួយប្តីនៅព្រះវិហារគ្រិស្តមួយនៅកាណាដា កាលពីឆ្នាំ២០០៨ក្តី៕

RELATED ARTICLES