Thursday, September 18, 2025
Homeតារាខ្មែរបេប៊ី សង្ឃឹមអ្នកគាំទ្រមហាជនជួយ

បេប៊ី សង្ឃឹមអ្នកគាំទ្រមហាជនជួយ

តារាសម្តែងនិងពិធីការិនី ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បានចេញមុខឡើងឆាកតន្ត្រីផ្ទួនៗនៅសប្តាហ៍នេះ ដូចជាកាលពីថ្ងៃទី០៣ ខែសីហា ស្រីស្រស់ឡើងឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី “តន្ត្រី AD” ហើយថ្ងៃអាទិត្យ នាងឡើងឆាកទូរទស្សន៍ PNN កម្មវិធី “Anchor Fun Zone” ដោយលើកយកបទចម្រៀងថ្មីរបស់ខ្លួននៅផលិតកម្មថោន តាមរយៈបទ “baby Lonely”, “អត់សើច” និងបទ “Hey baby”។

បេប៊ី មានការតុបតែងខ្លួនកាន់តែប្លែកទៅៗ ហើយមានក្រុមរាំអមកញ្ជ្រោកលើឆាកតន្ត្រីដែលមិនចាញ់តារាល្បីផ្សេងៗទៀតឡើយ។

ពិធីការិនីទូរទស្សន៍ CTN រូបនេះថា មិនយូរទេ MV ជាពិសេសរបស់នាងនៅផលិតកម្មថោន នឹងបានចេញ នាងមានសង្ឃឹមថា ទស្សនិកជននឹងគាំទ្រជាមួយអាជីពថ្មីនេះដូចការសម្តែងនិងពិធីការិនីរបស់នាងនាពេលកន្លងមក។

ប៉ុន្តែនៅពេលត្រូវសួរថា តើបេប៊ី នៅទទួលការសម្តែងភាពយន្តនិងថត MV ឱ្យតារាផ្សេងទៀតឬអត់នោះ? ស្រីស្រស់រូបនេះនិយាយបែបស្ទាក់ស្ទើរ ដោយអះអាងថា ឱ្យតែអាជីពសិល្បៈនាងស្រលាញ់ទាំងអស់ ប៉ុន្តែពេលនេះត្រូវពង្រឹងអាជីពចម្រៀងសិន ហើយការថតសម្តែងផ្សេងៗទៀត គឺនាងធ្វើទៅតាមពេលវេលា។

បេប៊ី បានធ្វើបទចម្រៀងផ្ទាល់ខ្លួនមុនពេលដែលនាងមានឱកាសបានក្លាយជាតារាចម្រៀងអាជីពនៅផលិតកម្មថោន ដោយនាងល្បីបទ “អំណាចលុយ”។

ការមកដល់ផលិតកម្មថោន របស់បេប៊ី នៅពេលនេះធ្វើឱ្យស្រីស្អាតត្រូវបានមហាជនលើកឡើងថា នាងមានការប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយម្ចាស់បទ “លុយ លុយ លុយ” គឺកញ្ញារ៉ាប៊ី ដែលតារាទាំងពីរមានសម្រស់និងក្បាច់រាំមិនចាញ់គ្នាឡើយ។

ប៉ុន្តែបេប៊ី ថា រ៉ាប៊ី ជាមិត្តភក្តិរបស់នាង ហេតុនេះហើយគ្មានការប្រកួតប្រជែងគ្នាទេ គឺមានតែប្រឹងប្រែងរៀងៗខ្លួនប៉ុណ្ណោះ។ ដោយឡែករឿងស្នេហាវិញ បេប៊ី នៅតែមិនដែលហ៊ានបណ្តើរគូស្នេហ៍ដូចតារាដទៃទេ ស្របពេលដែលម្តាយរបស់នាង អ្នកស្រីប៊ុន ណារី ធ្លាប់និយាយថា កូនស្រីគាត់អត់ទាន់មានគូឡើយ ព្រោះ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

RELATED ARTICLES