បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា និងស្វាមី បានព្រមានប្តឹងទៅលើបុគ្គលឈ្មោះអ៊ូច រិទ្ធី ដែលបានជេរប្រមាថតាមបណ្តាញសង្គមហ្វេសប៊ុកនោះ នៅព្រឹកមិញនេះ លោកអ៊ូច រិទ្ធី បានចេញមុខមកសម្របសម្រួលជាមួយអ្នកនាងលក្ខិណា នៅក្រសួងវប្បធម៌ ហើយបានបញ្ជាក់ថា មកពីលោកមានសតិមិនល្អ។

នៅក្នុងលិខិតសុំទោសមួយច្បាប់បានបញ្ជាក់ថា “ខ្ញុំបាទ អ៊ូច រិទ្ធី អាយុ៤០ឆ្នាំ សូមធញវើការប្រកាសសុំទោសទៅលើអ្នកនាងចន ច័ន្ទលក្ខិណា ជាសាធារណៈ និងសុំទោសចំពើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ខ្ញុំបាទមានសតិមិនល្អ និងមានការយល់ច្រឡំជេរប្រមាថប្រើពាក្យសម្តីមិនសមរម្យទៅលើលោកស្រី ដែលជាគំរូអាក្រក់វចំពោះយុវជនខ្មែរ។ ខ្ញុំបាទសូមទទួលកំហុសនិងសូមការអភ័យទោសពីអ្នកស្រី និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស”។

ក្នុងលិខិតសុំទោសមួយច្បាប់បានបញ្ជាក់ទៀតថា “ខ្ញុំបាទសូមសន្យាថានឹងបញ្ឈប់ការជេរប្រមាថ ប្រើពាក្យសម្តីមិនសមរម្យទៅលើអ្នកស្រី រឺអ្នកផ្សេងទៀតទេ ចាប់ពីពលនេះតទៅ ប្រសិនបើរឿងនេះកើតឡើងម្តងទៀតចំពោះលោកស្រី ឬអ្នកដទៃ ខ្ញុំបាទសូមទទួលចំពោះមុខច្បាប់។ សូមអ្នកស្រីមេត្តាអធ្យាស្រ័យនិងអនុគ្រោះដល់ខ្ញុំបាទ ដោយក្តៅអនុគ្រោះ”។

ចំណែកលោកហេង ឡុង ដែលជាស្វាមីអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារថា “លោក អ៊ូច រិទ្ធី ជនបង្កការជេរប្រមាថលើអ្នកស្រី ចន ចាន់លក្ខិណា បានបំភ្លឺថា បច្ចុប្បន្ន លោកមិនមែនជាមន្ត្រីយោធាទេ គឺលោកបានឈប់ពីយោធា៥ឆ្នាំហើយ លោកបានប្រកាសទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈ ដោយលើកហេតុផលថា លោកមានសតិមិនល្អ និងស្រវឹងស្រា”។

លោកហេង ឡុង បានបន្តថា “ខ្ញុំបាទហេង ឡុង និងអ្នកនាងចន ចន្ទលក្ខិណា យល់ព្រមដកពាក្យបណ្តឹង ដោយយេីញថា ជនបង្កបានចេញមុខទទួលស្គាល់កំហុសនិងបានសូមទោសជាសាធារណៈ”៕

