Thursday, September 18, 2025
Homeតារាខ្មែរហេតុអី យុគ ចិន្តា មិនចង់រៀបការ ?

ហេតុអី យុគ ចិន្តា មិនចង់រៀបការ ?

នៅពេលដែលតារាជាង១០ដួងនាំគ្នាសម្រុកចូលរោងការនៅឆ្នាំ២០១៩ នេះ អ្នកនាងយុគ ចិន្តា ដែលមានវ័យ៤០ប្លាយ ជាពិធីការិនីដ៏មានឥទ្ធិពលរបស់ CTN នោះ ហាក់មិនជ្រួលជ្រើមក្នុងការធ្វើជាកូនក្រមុំមែនទែនដូចគេឡើយ។

ការពន្យារពេលរៀបការរបស់អ្នកនាងយុគ ចិន្តា នៅពេលនេះ នាំឱ្យតារារួមអាជីពមានការបារម្ភកាន់តែច្រើន ព្រោះខ្លាចអ្នកនាងដើរជាន់ដានស្នេហ៍ចាស់នាំឱ្យរងបរាជ័យស្នេហាជាថ្មីម្តងទៀត។ ប៉ុន្តែ យុគ ចិន្តា ហាក់មិនខ្វល់ខ្វាយច្រើនរឿងមិត្តភក្តិជំរុញឱ្យចូលរោងការនេះឡើយ ព្រោះនាងនៅតែរក្សាគោលការណ៍យកការងារជារឿងសំខាន់ជាងស្នេហាដដែល។

អ្នកនាងចិន្តា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ត្រូវការយ៉ាងហោចណាស់ក៏៣ឆ្នាំទៀតដែរ ទើបរៀបការ ពោលគឺនៅឆ្នាំ២០២២ ព្រោះឆ្នាំនោះ កូនស្រីរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅអម អាយុ១៨ឆ្នាំ អាចធ្វើជាអ្នកកំដរឱ្យនាងបានហើយ ខណៈដែលពេលនេះនាងទើបមានអាយុ១៥ឆ្នាំទេ។

យុគ ចិន្តា បានផ្តាច់ស្នេហ៍អាណិកជនខ្មែរនៅអាមេរិក លោក វុទ្ធី បណ្ឌិត ហៅសម័យ ដោយបានភ្ជាប់ជាមួយគូស្នេហ៍ថ្មីបុរស វ័យចំណាស់ដែលមានមាឌធំនិងត្រូវបានអ្នកសិល្បៈរួមអាជីព ចាត់ទុកថាជាមនុស្សសុភាពរាបសា ថ្លៃថ្នូរ ស័ក្តិសមគ្នាជាមួយ អ្នកនាងចិន្តា។

ប្រភពនោះបានឱ្យដឹងថា សង្សារថ្មីអ្នកនាងចិន្តា ស្រលាញ់កូនស្រីអ្នកនាងដូចជាកូនបង្កើតអ៊ីចឹងហេតុនេះហើយបានជាតារាជិតស្និទ្ធពិធីការិនីរូបនេះចេះតែជំរុញនាងឱ្យរៀបការឆាប់ៗទៅ។ ប៉ុន្តែការឱ្យយោបល់នេះគឺត្រូវបរាជ័យរហូត ព្រោះអ្នកនាងចិន្តា មិនស្តាប់តាមការណែនាំឡើយដោយសារនាងត្រូវការស្វែងយល់ពីសង្សារថ្មីឱ្យកាន់តែច្បាស់លាស់ថែមទៀតកុំឱ្យដើរជាន់ដានស្នេហ៍ដូចមុនទៀត។

យុគ ចិន្តា មិនដែលឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឡើយ ប៉ុន្តែអ្នកនាងមានកូនស្រីម្នាក់ពេញក្រមុំទៅហើយ ដែលនេះជាចម្ងល់របស់មហាជនជាច្រើនឆ្នាំមកហើយថា តើឪពុកកូនស្រីរបស់អ្នកនាងចិន្តា គឺជាអ្នកណា?

ប៉ុន្តែសំណួរនេះគ្មានចម្លើយទេ ព្រោះអ្នកនាងចិន្តា មិនដែលហ៊ានលាតត្រដាងស្របពេលដែលតារាស្ទើរតែ៩៩%បានអះអាងថា ឪពុករបស់កូនស្រីអ្នកនាងចិន្តា គឺជាលោកឧកញ៉ាល្បីឈ្មោះម្នាក់។

ប្រភពនោះបានឱ្យដឹងថា អ្នកនាងចិន្តា ស្រលាញ់កូនស្រីស្មើជីវិត ហើយទ្រព្យសម្បត្តិទាំងឡាយរបស់អ្នកនាង ដែលមានតម្លៃរាប់លានដុល្លារនោះ គឺនឹងមានតែស្រីអម នោះហើយជាអ្នកទទួលមរតកនេះ។

អ្នកនាងចិន្តា មានមុខជំនួញជាច្រើន ដូចជាហាងកាត់ដេរ, ភោជនីយដ្ឋាន, ផ្ទះជួល និងហាងមួយចំនួនទៀតនៅអាមេរិក ដែលគេអាចនិយាយបានថា នាងជាសេដ្ឋិនីម្នាក់ក្នុងសិល្បៈដូចអ្នកនាងគង់ សុជាតិ ខាត់ សុឃីម និង កែវ ស្រីនាង ជា ដើម។

ប៉ុន្តែទោះមានលុយច្រើនយ៉ាងណា ក៏អ្នកនាងចិន្តា នៅតែគេចមិនផុតពីគេនិយាយថា នាងជាតារាដែលបរាជ័យរឿងស្នេហាឡើយ។ ការចាត់ទុកបែបនេះ ដោយសារតែអ្នកនាងចិន្តា ធ្លាប់ប្រេះឆាស្នេហ៍មិនក្រោម៤លើកឡើយ ដូចជា ជាមួយឧកញ៉ា, អតីត បុគ្គលិកជាន់ខ្ពស់ប៉ុស្តិ៍លេខ៥, ឌញឃ្លាំង, ពោះម៉ាយមកពីអាមេរិក ជាដើម។

ប៉ុន្តែរឿងរ៉ាវទាំងអស់នឹងត្រូវកប់ចោលអស់ជាមិនខាន នៅពេលដែលអ្នកនាងចិន្តា ព្រមដឹកដៃសង្សារថ្មីរៀបការឆាប់ៗ លែងពន្យារពេលតទៅទៀត៕

RELATED ARTICLES