ឱក សុគន្ធកញ្ញា ដែលពពោះជាង៣ខែទៅហើយ ត្រូវបានប្តីនាងលោកអ៊ឹង សុខលី បណ្តើរទៅដើរកម្សាន្តនៅប្រទេសសាំងហ្គាពួរ កាលពីថ្ងៃទី១៩ ខែសីហា។ សុគន្ធកញ្ញា និងប្តីលេងស្ទីលថតរូបនៅពេលដែលកញ្ញា ពោះធំហើយ ត្រូវលោកសុខលី កាន់តែថ្នាក់ថ្នមធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងហង្សមាស រូបនេះ ចូលទៅអបអរសាទរនាងនិងជូនពរឱ្យមានសុខភាពល្អក្នុងដំណើរកម្សាន្តទាំងពពោះនៅសាំងហ្គាពួរ នេះផងដែរ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ធ្វើឱ្យពេលនេះ សុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស និងជាតារាចម្រៀងដ៏មានឥទ្ធិពលជាងគេនៅផលិតកម្មមួយនេះ។

ក្រោយរៀបការភ្លាមៗ សុគន្ធកញ្ញា បានបណ្តើរប្តីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៧ប្រទេស គឺបារាំង, ប៊ែលហ្សិក, ហូឡង់ដ៍, អូទ្រីស, អូស្ត្រាលី, អ៊ីតាលី និង អាឡឺម៉ង់។

ជាលទ្ធផល សុគន្ធកញ្ញា ពោះធំជាង៣ខែទៅហើយពេលនេះ ខណៈដែលមុននេះនាងបានប្រាប់មិត្តភក្តិថា ចង់បានកូនស្រី តែក្រោយមកក៏ប្តូរចិត្តថា ចង់បានកូនប្រុស និងចុងក្រោយថា ស្រីក៏បានប្រុសក៏បានដែរ។

ឱក សុគន្ធកញ្ញា ថ្លែងសារថា កូនប្រុសក៏បានស្រីក៏បាន តែបើបានភ្លោះរឹតតែល្អ ព្រោះជាក្តីប្រាថ្នា។ នាងបានអះអាងថា តាមចិត្តនាងចង់បានកូនប្រុសច្រើនជាងស្រី ព្រោះកូនប្រុសអាចធ្វើជាបុគ្គលរឹងមាំ ចំពោះគ្រួសារ ក៏ដូចជាមើលថែប្អូនៗ។

ជាក់ស្តែង នាងជាកូនស្រីច្បងក្នុងគ្រួសារ គឺពិតជាពិបាកខ្លាំងហើយធ្លាប់ឆ្លងកាត់ការពិបាកច្រើនណាស់ ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារមើលថែប្អូនៗសព្វបែបយ៉ាង រហូតមកដល់សព្វថ្ងៃ។

ប៉ុន្តែចុងក្រោយ នាងថា ពេលដឹងលទ្ធផលហើយ ទោះជាកូនប្រុសឬស្រី គឺនាងពេញចិត្តទទួលយកដូចៗគ្នា។

តាមព័ត៌មានថា ការដែលឱក សុគន្ធកញ្ញា ត្រូវប្តីនាំទៅដើរលេងនៅសិង្ហបុរី ដោយសារលោកសុខលី ចង់លើកទឹកចិត្តដល់នាងដែលប្រឹងធ្វើការជាគណៈកម្មការ X Factor Cambodia ទាំងពោះធំ ហេតុនេះហើយដើម្បីឱ្យប្រពន្ធបានសប្បាយចិត្ត គឺលោកត្រូវតែនាំទៅដើរលេងនៅក្រៅប្រទេស ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែផ្អែមល្ហែមថែមទៀត៕