Thursday, September 18, 2025
Homeតារាខ្មែរអ៊ីវ៉ា ប្រថុយចេញទៅកូរ៉េ ដោយគ្មានឪពុកតាមការពារ

អ៊ីវ៉ា ប្រថុយចេញទៅកូរ៉េ ដោយគ្មានឪពុកតាមការពារ

តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានចោលលុយធំក្រៅស្រុកដល់ទៅជិត១០ប្រទេស ព្រោះតែនាងមិនហ៊ានចេញទៅច្រៀងតែម្នាក់ឯង ក្នុងនោះមានដូចជា អាមេរិក, បារាំង, កាណាដា, កូរ៉េ, ថៃ និងចិន ជាដើម ដែលខាង Sponsor ទាំងនោះធ្លាប់ទាក់ទងមក តែនាងតែងបានច្រានចោលជានិច្ច។

ដោយឡែក នៅដើមខែកញ្ញា ឆ្នាំ២០១៩នេះ មានការផ្សព្វផ្សាយពីក្រុមការងារផលិតកម្ម Galaxy ដែលអះអាងថា តារាចម្រៀងអ៊ីវ៉ា នឹងទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង រយៈពេលខ្លីជាមួយតារាចម្រៀង ខេម, គូម៉ា, Tempo Tris, វ៉ាន់ដា, Mr Oun,កំពូលតារាចម្រៀងព្រាប សុវត្ថិ និងកូនប្រុសទាំង៣ រួមទាំងក្រុមភ្លេងចចកសមុទ្រផងដែរ។

តាមរយៈការបញ្ជាក់បែបនេះបង្ហាញថា អ៊ីវ៉ា បានប្តូរចិត្តពីការចោលទីផ្សារចម្រៀងក្នុងស្រុក ដោយទៅរកលុយនៅក្រៅស្រុកដូចតារាផ្សេងៗទៀតដែរហើយ។

ប៉ុន្តែនៅពេលដែលអ្នកកាសែតសួរពីគម្រោងចេញទៅច្រៀងសម្តែងនៅក្រៅស្រុកជាលើកដំបូង ដោយជ្រើសរើសយកប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងសម្រាប់ការច្រៀងក្រៅប្រទេសនោះ អ៊ីវ៉ា នៅតែបង្ហាញអារម្មណ៍បែបស្ទាក់ស្ទើរក្នុងចិត្តហើយនាងថា មិនទាន់ប្រាកដទៅវិញ បើទោះជាអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីនោះបានអះអាងថា នាងប្រាកដជានឹងចូលរួមក៏ដោយ។

អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនឹងមិនចេញទៅច្រៀងសម្តែងនៅក្រៅស្រុកជាដាច់ខាត ប្រសិនបើគ្មានឪពុករបស់នាង លោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ចូលរួមជាមួយទេ។

ការដែលនាងតាំងចិត្តបែបនេះ ដោយសារអ៊ីវ៉ា ថាមិនមែនខ្លាចមានប្រុសតាមញ៉ែតាមរំខាននោះទេ តែនេះគឺជាទម្លាប់ ព្រោះតាំងពីតូចមក នាងមិនដែលចេញទៅណាដោយគ្មានឪពុកម្តាយរបស់នាងទៅជាមួយឡើយ។

នាងថា ការដែលនាងបដិសេធចេញទៅច្រៀងនៅក្រៅស្រុកដល់ទៅជិត១០ប្រទេសនោះ ព្រោះខាង Sponsor ទាំងនោះ ចង់បានតែនាងម្នាក់ឯង តែនាងទាមទារឱ្យគេធានាប៉ារបស់នាងទៅជាមួយដែរ តែគេមិនព្រមទើបនាងមិនទៅ។

នាងបន្តថា បើខាង Sponsor ព្រមធានាប៉ានាងទៅដែរ នោះនាងនឹងចេញទៅច្រៀងហើយ គឺមិនមែនចេញទៅក្រៅស្រុក ព្រោះមិនហ៊ានជិះយន្តហោះទេ រឿងតែមួយគត់ គឺរឿងត្រូវយកប៉ាទៅជាមួយដែរ ទើបនាង Ok៕

RELATED ARTICLES