អ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួន អ្នកនាងអឿន ស្រីមុំ បានប្រកាសក្តែងៗថា ចាប់ពីពេលនេះតទៅ នាងសុខចិត្តរស់នៅខ្លួនមួយអស់មួយជីវិត ដោយមិនយកប្តីថ្មីទៀតនោះទេ។
ការតាំងចិត្តរបស់អឿន ស្រីមុំ បែបនេះ ដោយសារតែកន្លងមក នាងធ្លាប់ខកចិត្តរឿងស្នេហាជាបន្តបន្ទាប់ ទើបធ្វើឱ្យតារាចម្រៀងរូបនេះខ្លាចប៉ះរឿងស្នេហាខកចិត្តតទៅទៀត ហើយចុងក្រោយក៏សម្រេចចិត្តថា លែងចង់បានប្តីថ្មីទៀតហើយ។
អឿន ស្រីមុំ និយាយថា “ខ្ញុំលែងយកប្តីថ្មីទៀតហើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំសុខចិត្តរស់នៅម្នាក់ឯងដេកម្នាក់ឯង មិនចាំបាច់មានប្តីកំដរទៀតទេ។ មិនមែនពន្យារពេលយកប្តីទេ គឺមិនយកប្តីជារៀងរហូតតែម្តង។ នេះខ្ញុំនិយាយការពិតទាំងអស់ហើយ បើមិនជឿ អាចចាំមើលបានថា ខ្ញុំយកប្តីទៀតអត់? យកមកធ្វើអី បើជួបតែរឿងខកចិត្តអ៊ីចឹង យកមកទៀត ខ្លាចប៉ះរឿងខកចិត្តទៀត តើយ៉ាងម៉េចទៅវិញ ? ខ្ញុំរាងហើយ មិនយកប្តីទៀតទេ”។
ការសន្យាមិនយកប្តីថ្មីរបស់អឿន ស្រីមុំ នៅពេលនេះ គឺក្រោយពេលដែលនាងបានរៀបការជាមួយតន្ត្រីករ លោកកែវ សុខា រួមរស់ជាមួយគ្នាជាង១០ឆ្នាំ តែគ្មានកូន១គ្រាប់ ហើយក៏បានចែកផ្លូវគ្នាវិញទាំងចម្រូងចម្រាស ខណៈដែលលោកសុខា ចោទស្រីមុំ ថា លួចមានថ្មី និយាយទូរស័ព្ទជាមួយប្រុសទល់ៗភ្លឺ អំឡុងពេលដែលរួមរស់ជាមួយលោក។ ប៉ុន្តែស្រីមុំ ថា នាងរស់នៅមិនចុះសម្រុងជាមួយប្តី ទើបត្រូវតែលែងលះ និងមិនអាចផ្សះផ្សាគ្នាវិញជាដាច់ ខាត។
លោកសុខា បានដេកទន្ទឹងរង់ចាំផ្លូវស្រីមុំ ជាច្រើនខែ នៅតែមិនឃើញនឹមនួនវិលវិញ ហើយមិនយូរប៉ុន្មាន ស្រីមុំ ក៏បង្ហាញគូស្នេហ៍ថ្មី ដោយឱបថើបគ្នាជាមួយប្រុសអាណិកជនខ្មែរនៅអាមេរិក ហើយប្រុសនោះថែមទាំងមកតាមនាងដល់ស្រុកខ្មែរថែមទៀតផង ទើបធ្វើឱ្យលោកសុខា ឈឺចាប់ពេក ក៏ទៅរកប្រពន្ធថ្មីស្អំបេះដូង។
ប៉ុន្តែពេលនេះ ចំណងស្នេហាស្រីមុំ បានក្រឡាប់ចាក់ទៅហើយ គឺនាងបានចែកផ្លូវគ្នាជាមួយសង្សារថ្មី ហើយពេលនេះទោះជាប្រុសផ្សេងទៀតសុំចូលខ្លួនមកស្អំបេះដូងនាង ក៏ស្រីមុំ មិនព្រមជាដាច់ខាត ព្រោះខ្លាចដំបៅបេះដូងមិនទាន់បានជាសះស្បើយនោះ រឹតតែឈឺចាប់លើសដើម។
អឿន ស្រីមុំ បន្ថែមទៀតថា “មានអ្នកសុំស្រលាញ់អី មិនអត់ទេ។ ប៉ុន្តែខ្ញុំឆ្នាំនេះ អាយុ៤២ឆ្នាំហើយ អ៊ីចឹងរឿងស្នេហាគូស្រករ មិនចង់គិតទៀតទេ តែឥឡូវបែរមកគិតរឿងព្រះពុទ្ធសាសនា រឿងធម៌អាថ៌វិញច្រើនជាង។ ខ្ញុំលែងចង់បានប្តីថ្មីទៀតហើយ គឺមិនយករហូតតែម្តង ទោះជាវ័យនេះ ខ្ញុំអាចមានថ្មីអាចរៀបការទៀតបានមែន ប៉ុន្តែខ្ញុំមិនត្រូវការយកប្តីទៀតទេ”។
អឿន ស្រីមុំ ថា អំឡុងពេលដែលបេះដូងនាងនៅកំព្រារងាឯកោនេះ នាងចង់ផ្តោតលើអាជីពសិល្បៈទាំងការច្រៀងក្នុងស្រុក និងក្រៅស្រុកព្រមគ្នាតែម្តង ហើយនៅរដូវបុណ្យភ្ជុំនេះ មានខាង Sponsor ទាក់ទងឱ្យនាងចេញទៅច្រៀងជាមួយលោកណូយ វណ្ណេត និង ណូយ វណ្ណា រយៈពេល៣ខែនៅអាល្លឺម៉ង់ ប៉ុន្តែពេលនេះ ត្រូវបានពន្យារពេលចេញទៅវិញ ដោយសារតែនាងជាប់រវល់ការងារក្នុងស្រុកជាហូរហែដែរ ដូចជាត្រៀមថតឱ្យទូរទស្សន៍ PNN សម្រាប់បុណ្យភ្ជុំបិណ្ឌ និងចេញច្រៀងតាមកម្មវិធីមួយចំនួនទៀត។
អ្នកនាងបន្តថា ខែភ្លៀងមិនសូវមមាញឹកខ្លាំងណាស់ណាទេ គឺទាល់តែខែវិច្ឆិកា ឬធ្នូ ទើបដកឃ្លាមិនរួចតែម្តង។ ហើយនៅដើមឆ្នាំ២០២០ ខាងមុខនេះ នាងបានត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក រយៈពេល៣ខែដែរ ទោះជាទៅដល់ប្រទេសណា ហើយមានគេសុំស្រលាញ់ក៏ដោយ ក៏បេះដូងរបស់នាងពេលនេះ សូមបិទទ្វារត្រឹមនេះ គឺមិនទទួលយកស្នេហ៍ថ្មីទៀតឡើយ៕



