ភរិយាតារាចម្រៀងឆាយ វីរៈយុទ្ធ គឺអ្នកនាងសែ ចាន់ឌី និងភរិយានាយចយ គឺអ្នកនាងប៉ិច ក្វាន់ឌី សម្រាលកូនក្នុងខែកញ្ញាតែមួយ ប៉ុន្តែខុសថ្ងៃ ខណៈដែលអ្នកនាងចាន់ឌី សម្រាលបានកូនស្រី ចំណែកអ្នកនាងប៉ិច ក្វាន់ឌី សម្រាលបានកូនប្រុស។

ឆាយ វីរៈយុទ្ធ ថ្លែងថា “ភរិយាខ្ញុំសម្រាលបានកូនស្រីទម្ងន់៣គីឡូក្រាម កាលពីវេលាម៉ោង៨ៈ២៧នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ កូនស្រីរបស់ខ្ញុំឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា (Atara)។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដល់ប្រិយមិត្ត បងប្អូន លោកតា លោកយាយ អ៊ំពូមីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះ អូនអាតារ៉ា និងម៉ាក់ៗ សុខសប្បាយទាំងអស់គ្នា”។

ចំណែកនាយចយ វិញ ត្រូវបានមេរបស់ខ្លួន គឺលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ថ្លែងសារនៅពេលដែលទៅមើលប្រពន្ធនាយចយ សម្រាលកូននោះថា លោកមានជំនឿហើយថា នៅពេលដែលប្តីស្រលាញ់ប្រពន្ធខ្លាំង គឺកូនប្រាកដជាកាត់ទៅរកប្រពន្ធហើយ។

ដោយឡែក ភរិយានាយចយ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ចេះមើលមុខម៉ាក់ទៀតកូនពៅ បេះដូងម៉ាក់ 14/09/2019 3គីឡូ3ខាំ ម៉ោង9:32នាទីយប់”។

អ្នកនាងក្វាន់ឌី បានបង្ហោះសារទៀតថា “អូនណាឃីន សូមអរគុណលោកជំទាវម៉ាក់អ៊ុំ ហ៊ុន ម៉ានិដា ម៉ាក់អ៊ុំជំទាវមិនបានមក ព្រោះនៅឆ្ងាយ ក៏អូនបានកាដូរពីម៉ាក់អ៊ុំជំទាវដែរ អូនសូមជូនពរលោកជំទាវម៉ាក់មានសុខភាពល្អនឹងជោគជ័យគ្រប់ភារកិច្ចទាំងអស់ អូននឹកជំទាវបងណាស់”។

គួរបញ្ជាក់ថា ឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី កូនអ្នកជំនួញធំក្រុងកំពង់ចាម លោកហាក់ សែ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ ខណៈដែលកន្លងមក លោកឆោម ធ្លាប់លេចឭថា មានប្រពន្ធកូន២ ប៉ុន្តែតារាសាន់ដេ បានច្រានចោល។

ចំណែកលោកភិច សែ ហៅនាយចយ វិញ បានរៀបការជាមួយនិស្សិតស្រីឈ្មោះប៉ិច ក្វាន់ឌី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយពេលនេះទាំងលោកវីរៈយុទ្ធ និងនាយចយ គឺបានកូនបីប្រលែងរៀងៗខ្លួនទៅហើយនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ៕

