តារាសម្តែងសាច់សខ្ចីដូចបណ្តូលចេក ស្រីស្រស់ប៊ែលឡា ហៅអូនហ្វា ដែលជាសង្សារថ្មីរបស់នាយចឺម នោះ អះអាងថា នាងនិងនាយចឺម មិនបានរួមរស់ផ្ទះក្រោមដំបូលតែមួយជាមួយគ្នាដូចគេសង្ស័យនោះទេ គឺដេកផ្ទះរៀងៗខ្លួន ប៉ុន្តែរឿងបេះដូងវិញ នាងថា មិនខ្លាចបែកគ្នាដូចនៅផ្ទះផ្សេងគ្នានោះឡើយ។
ប៉ុន្តែនាងថា ពិធីភ្ជាប់ពាក្យ ឬកំណត់កាលបរិច្ឆេទរៀបមង្គលការ នៅតែមិនទាន់អាចកំណត់បានទេ ព្រោះថា ពេលនេះរវល់រកលុយរៀងៗខ្លួន។

អូនហ្វា វាចាទាំងផ្អើលៗនៅពេលសួររឿងស្នេហាជាមួយនាយចឺម នោះថា “រឿងស្នេហាអីហ្នឹង ខ្ញុំដូចជាអត់ចង់និយាយសោះ ចង់និយាយតែរឿងការងារសិល្បៈទេ។ កុំចុះរឿងស្នេហាអីបង អត់ចង់ឱ្យគេដឹងច្រើនពេកទេ”។

អូនហ្វា បានបន្តថា “ខ្ញុំនិងគាត់ (នាយចឺម) មិនបានរស់នៅជាមួយគ្នាដូចគេសង្ស័យទេ ពួកយើងនៅផ្ទះរៀងៗខ្លួន ហើយមានការបានជួបគ្នា។ ឥឡូវខ្ញុំនិងគាត់នៅទាក់ទងគ្នាធម្មតា តែមិនទាន់បានធ្វើពិធីភ្ជាប់ពាក្យ ឬកំណត់ការចូលរោងការអីទេ”។

ទោះជាអូនហ្វា មិនទាន់ដេញពេលាកំណត់វេលាក្រាបផ្ទឹមជាមួយនាយចឺម ក្តី ប៉ុន្តែនាងថា មិនខ្លាចចំណងស្នេហាមានការប្រែប្រួលឡើយ បើទោះជាពេលកន្លងមក លោកចឺម ធ្លាប់ចែកផ្លូវជាមួយសង្សារចាស់ ស្រវាឱបសង្សារថ្មីក្តី។

អូនហ្វា ថា នាងមិនមានការបារម្ភចំពោះរឿងរ៉ាវទាំងអស់នោះទេ ព្រោះថាពេលនេះពួកនាងបានស្វែលយល់ចិត្តគ្នាបានច្រើនដែរហើយ។

អូនហ្វា ឬប៊ែលឡា បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាយចឺម ក្រោយពេលដែលស្រីស្អាតថតសម្តែងបទចម្រៀងអតីតតារាកំប្លែង CTN “សុំទោសប៊ិក សុំទោសសៀវភៅ” ហើយ នាយចឺម ដែលកំពុងតែខូចចិត្តរឿងបាត់សង្សារស្រីស្អាតដល់ទៅម្តង ២ដួង គឺ អូនពុធ ស្រីខួច និងអូនម៉ីម៉ី ផងនោះ ធ្វើឱ្យអូនហ្វា ព្រមស្ម័គ្រចិត្តចូលខ្លួនមកស្អំរបួសបេះដូងលោកចឺម រហូតពេលនេះពួកគេចិត្តមួយថ្លើមមួយទៅហើយ។

នាយចឺម ធ្លាប់និយាយថា រកសង្សារ គឺដាច់ខាតត្រូវតែរកឱ្យបានស្អាត បើមិនស្អាត តើយកមកធ្វើអី ? ឥឡូវសម្តីរបស់នាយចឺម ក្លាយទៅជាការពិតមែន ព្រោះអូនហ្វា សាច់សខ្ចីញ៉េញ ដែលធ្វើឱ្យនាយចឺម ពេញចិត្តយ៉ាងខ្លាំង៕