Friday, September 19, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី លក់ផ្ទះព្យាបាលជម្ងឺម្តាយ

កែវ ពេជ្រពិសី លក់ផ្ទះព្យាបាលជម្ងឺម្តាយ

ទាំងអ្នកសិល្បៈនិងក្រៅសិល្បៈមានការ ភ្ញាក់ផ្អើលខ្លាំងនៅពេលដែលកែវ ពេជ្រពិសី ដែលជាថៅកែហាងសម្អាងការដំណើរការ១០ឆ្នាំមកហើយនោះ ស្រាប់តែពេលនេះនាងប្រកាស លក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺម្តាយរបស់នាង ដែលឈឺទឹកនោមផ្អែមរយៈពេល២០ឆ្នាំមកហើយនោះ។

មុននេះម្នាក់ៗនិយាយថា ពេជ្រពិសី មានគូស្នេហ៍ជាមន្ត្រីធំៗនៅក្រោយខ្នង បានជានាងដកខ្លួនចេញពីសិល្បៈ ប៉ុន្តែពេលនេះឃើញពេជ្រពិសី ឆ្លេឆ្លាប្រកាសលក់ផ្ទះព្យាបាលជំងឺម្តាយអាយុ៦៧ឆ្នាំ ទើបពួកគេស្រឡាំងកាំង…។

កែវ ពេជ្រពិសី និយាយថា ពេលនេះនាងទ័លខ្លាំង ត្រូវការលុយជាបន្ទាន់ហើយ បានដាក់លក់ផ្ទះជាទីស្រលាញ់ ព្រោះជីវិតម្តាយសំខាន់ជាងអ្វីៗទាំងអស់។

ផ្ទះរបស់ពេជ្រពិសី ដែលដាក់លក់តម្លៃត្រឹម៣៥០០០ដុល្លារ មានទីតាំងនៅភូមិខ្វាវ សង្កាត់ត្រពាំង- ក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

កែវ ពេជ្រពិសី បាននិយាយតាមទូរស័ព្ទប្រាប់ “អង្គរធំ” កាលេពីពេលថ្មីៗនេះទាំងស្រងូតស្រងាត់ថា “ផ្ទះខ្ញុំលក់មិនទាន់ដាច់ទេបង! គេឱ្យថ្លៃអត់ទាន់ត្រូវគ្នាសោះ! ខ្ញុំត្រូវការលុយព្យាបាល ជំងឺម្តាយ ទើបលក់ផ្ទះដែលយើងស្រលាញ់ហ្នឹង”។

ពិសី បានបន្តថា “ម្តាយខ្ញុំគាត់អាយុ៦៧ឆ្នាំហើយ គាត់ឈឺច្រើនមុខណាស់ គឺជំងឺទឹកនោមផ្អែមរយៈពេលជាង២០ឆ្នាំ ហើយ។ ឥឡូវគាត់រាលដាលដល់ជំងឺបេះដូងសួត និងលើសឈាមទៀត។ ខ្ញុំធ្លាប់យកគាត់ទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត និងពេទ្យរុស្ស៊ី អីដែរ ប៉ុន្តែមើល មិនជា។ ឥឡូវខ្ញុំចង់យកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យនៅថៃ ឬវៀតណាមម្តង។ ប៉ុន្តែយើងមិនទាន់អាចកំណត់ពេលចេញទៅបាន ព្រោះរឿងលក់ផ្ទះមិនទាន់ដាច់ហ្នឹង”។

កែវ ពេជ្រពិសី ថា ពេលនេះ នាងពិបាកចិត្តខ្លាំងដោយសារស្ថានភាពសុខភាពម្តាយរបស់នាងកាន់តែធ្វើទុក្ខខ្លាំង ហើយផ្ទះលក់មិនទាន់ដាច់ទៀត អ៊ីចឹងធ្វើឱ្យនាងកាន់តែស្មុគស្មាញឡើងៗ។

ដោយឡែក តារារួមអាជីពនិងមហាជនមានការភ្ញាក់ផ្អើលនិងសម្តែងការអាណិតពេជ្រពិសី ដែល នាងបានដកខ្លួនចេញពីសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះបែរជាខ្វះខាតលុយព្យាបាលជំងឺម្តាយ បើទោះជានាងជាម្ចាស់ហាងសម្អាងការក្តី…៕

RELATED ARTICLES