Friday, September 19, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ម៉ែឪខ្លាចបែកឆ្វេងភ្លេចការរៀនសូត្រ តាមការពារគ្រប់ជំហាន

រ៉េត ស៊ូហ្សាណា ម៉ែឪខ្លាចបែកឆ្វេងភ្លេចការរៀនសូត្រ តាមការពារគ្រប់ជំហាន

រ៉េត ស៊ូហ្សាណា កាន់តែមានរូបសម្រស់គួរឱ្យទាក់ទាញឡើងៗនៅឆ្នាំ២០១៩នេះ ទើបធ្វើឱ្យប្រុសៗទាំងឡាយទាំងក្នុងនិងក្រៅស្រុកជ្រួលជ្រើមកាន់តែខ្លាំងៗឡើង ពិសេសគឺមន្ត្រីធំៗជាច្រើនរូបដែល ប៉ងចង់បានបេះដូងរបស់ស្រីស្អាតនេះមកឃុំគ្រង។

ប៉ុន្តែតាមព័ត៌មានឪពុកម្តាយរបស់ម្ចាស់បទ “ប្រយោគស្នេហ៍” រូបនេះ បានហាមហ្សាណា មិនឱ្យមានសង្សារឡើយ ព្រោះមិនចង់ឱ្យនាងបែកឆ្វេងពីការសិក្សា…។

បើតាមរូបសម្រស់វិញ រ៉េត ស៊ូហ្សាណា ចង់បានសង្សារប្រុសសង្ហាបែបណា ឬជាមន្ត្រីធំប៉ុនណា ក៏មិនពិបាកឡើយ ព្រោះថាតារាធ្មេញច្រពើសសាច់សខ្ចីរូបនេះមានមន្តស្នេហ៍មិនធម្មតាឡើយ គឺសម្រស់របស់នាងធ្វើឱ្យប្រុសៗមិនតិចនាក់ទេ ដែលដេកមិនលក់និងនៅមិនសុខចង់តែនែបនិត្យកាយាស្រីស្អាតរូបនេះ។

ប៉ុន្តែហ្សាណា បែរជាពិបាកមានសង្សារទៅវិញ ព្រោះតាមប្រភពដែលកៀកបំផុតតារារូបនេះ បានបង្ហើបឱ្យដឹងថា ម្តាយនិងឪពុករបស់នាងហាមស្រីស្រស់មានសង្សារនៅពេលនេះ។

ប្រភពពីអ្នកផាត់មុខឱ្យតារាល្បីៗជាច្រើននៅហង្សមាស បានប្រាប់អ្នកយកព័ត៌មានយើងថា ហ្សាណា ពិតជាមានអ្នកធំៗតាមស្រលាញ់ច្រើនមែន ប៉ុន្តែមើលទៅនាងមិនជ្រួលជ្រើមទេ ព្រោះថាក្រុមគ្រួសារនាងរឹតបន្តឹងខ្លាំងណាស់ សូម្បីតែទូរស័ព្ទក៏មិនឱ្យនិយាយផ្តេសផ្តាសជាមួយអ្នកណាដែរ។

អ្នកតែងមុខតារាល្បីវ័យ២០ក្រាស់រូបនោះ ថ្លែងថា “ហ្សាណា ហ្នឹង ម៉ែឪគេមិនឱ្យមានសង្សារទេ! គាត់ខ្លាចប៉ះពាល់ការរៀនសូត្រ។ បើតាមគេស្រលាញ់វិញអី ទោះជាហ្សាណា ចង់យកមួយកញ្ឆេ ក៏មិនអស់ដែរ…”។

រ៉េត ស៊ូហ្សាណា ត្រូវឪពុកម្តាយតាមគ្រប់ជំហានមែន ហើយនាងតែងតែផ្អើលៗជាមួយអ្នកកាសែត និងមិនផ្តល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដូចតារាផ្សេងៗទៀតរបស់ហង្សមាស ឡើយ។

មនុស្សជាច្រើននិយាយថា ហ្សាណា ជាតារាដែលវ៉ៃប្ញកជាងគេនៅហង្សមាស ប៉ុន្តែតារាចម្រៀងជើងចាស់របស់ហង្សមាស ពេជ្រ សោភា បែរជានិយាយការពារតារារូបនេះថា មកពីនាងមិនសូវចេះនិយាយស្តីដូចគេ ទើបគេច្រឡំថា នាងវ៉ៃប្ញកទៅវិញ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើស្រីស្អាតរ៉េត ស៊ូហ្សាណា ដែលភ័យខ្លាចរឿងអាស្រូវស្នេហា ហើយត្រូវម្តាយហាមមិនឱ្យមានសង្សារនៅពេលនេះនាងអាចគេចផុតពីអន្ទាក់ស្នេហ៍មន្ត្រីធំៗដែរឬទេ? ព្រោះថាកន្លងមកមានតារាជាច្រើនដួងមកហើយដែលពួកគេត្រូវបានឪពុកម្តាយតាមគ្រប់វិនាទីដែរ ប៉ុន្តែចុងក្រោយស្រាប់តែបាត់ខ្លួនម្តងម្នាក់ៗ រហូតតារាខ្លះស្រាប់តែមានកូនធំពេញវ័យ ទាំងគេមិនដែលឃើញពួកគេរៀបការឡើយ។

ប៉ុន្តែអ្នកផាត់មុខឱ្យតារាល្បីៗនៅហង្សមាស នោះ និយាយមិនខុសពីពេជ្រ សោភា ឡើយថា គ្រួសារហ្សាណា ឱ្យនាងយកការសិក្សាជាជម្រើសទី១ ការងារសិល្បៈជាជម្រើសទី២ ហើយបើស្រីស្អាតរូបនេះប្រឈមការប៉ះរឿងអាស្រូវស្នេហានោះ ច្បាស់ជាឪពុកម្តាយរបស់នាងឱ្យដកខ្លួនចេញពីសិល្បៈជាមិនខានឡើយ។

រ៉េត ស៊ូហ្សាណា ល្បីតែពីរបទប៉ុណ្ណោះ គឺបទ “ឈប់” និងបទ “ប្រយោគស្នេហ៍” ដែលធ្វើឱ្យនាងមានទីផ្សារចម្រៀងដល់បច្ចុប្បន្ន ហើយពេលនេះនាងច្រៀងតាមឆាកប្រគំតន្ត្រីធំៗ ១កម្មវិធីស៊ីថ្លៃ១៦០០ដុល្លារ៕

RELATED ARTICLES