នៅព្រឹកមិញនេះ អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំអ្នកសិល្បៈចាស់ក្មេងជាច្រើនរូប ចួលរួមគោរពវិញ្ញាណក្ខន្ធ និងនាំថវិការបស់សម្តេចតេជោហ៊ុន សែន និងសម្តេចជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចូលបច្ច័យក្នុងពិធីបុណ្យសពនាយសាន់ម៉ៅ ហៅ សេដ្ឋី អ៊ូរ៉ាន់។

អ្នកសិល្បៈដែលបានចូលរួមនោះមាន ដូចជា ៖ អ្នកនាងចន ច័ន្ទលក្ខិណា, លោកជួង ជី ហៅនាយកុយ , ឧកញ៉ាឃ្លោក , យាយ ណាង , យាយ យ៉ាយ និងលោកវណ្ណស័ក្តិ ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។

ទឹកប្រាក់ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បច្ច័យ បុណ្យសពនាយសាន់ម៉ៅ មានចំនួន២លានរៀល តាមរយៈមូលនិធិសិល្បៈចាស់ជរាតបស់សមគមសិល្បករខ្មែរ។

លោកហេង ឡុង ស្វាថ្មីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារថា “សិល្បករជេីងចាស់ និងអ្នកនាង ចន ច័ន្ទលក្ខិណា បានពាំនាំថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២លានរៀល ទៅចូលបុណ្យតារាកំប្លែងសាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ។ ភ្នំពេញ, ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩”។

សូមរំលឹកថា នាយសាន់ បានទទួលមរណភាពកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអូប៊ុន ប្រទេសថៃ។ សពរបស់លោកត្រូវបានដឹកយកមកតម្កល់នៅវត្តព្រែកប្រា រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩៕