អំឡុងពេលដែលតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស កាលពីដើមឆ្នាំ២០១៧នោះ នាយចឺម ដែលជាតារាចម្រៀងសាន់ដេ បានប្រកាសជាសាធារណៈថា រូបគេអាចជំនួសតំណែងខេមរៈ សិរីមន្ត បាន ហើយនាយថែមទាំងកំណត់ត្រឹមតែ១ឆ្នាំប៉ុណ្ណោះ គេនឹងតាមឱ្យទាន់ល្បីស្មើជាមួយលោកសិរីមន្ត ទៀតផង។

ការដាក់គោលការណ៍បែបនេះ មានន័យថា នាយចឺម បានកំណត់ល្បីឱ្យស្មើខេមរៈ សិរីមន្ត តាំងពីឆ្នាំ២០១៨ម៉្លេះ ហេតុនេះហើយបានជាមានសំណួរពីមហាជនថា តើនៅឆ្នាំ២០១៩នេះ នាយចឺម ឡើង ហួសខេមរៈ សិរីមន្ត ទៅហើយ ឬមួយក៏នៅតែមិនអាចតាមទាន់?
អតីតតារាចម្រៀងហង្សមាស លោក នូ ស៊ឹប និយាយថា នាយចឺម មានសំឡេងខ្លាំងស្រែកខ្ពស់បាន ហើយបើចង់តាមឱ្យទាន់ខេមរៈ សិរីមន្ត គឺត្រូវការប្រើពេលវេលាថែមទៀត ព្រោះលោកចឺម នៅក្មេង មានពេលវេលាច្រើន។

លោកនូ ស៊ឹប ថ្លែងថា “នាយចឺម ចង់តាមទាន់ខេមរៈ សិរីមន្ត អាចធ្វើបាននៅពេលខាងមុខ។ ចំណុចខ្លាំងរបស់នាយចឺម គេអាចច្រៀងបទតឹងៗស្រែកខ្ពស់ៗបានសំឡេងខ្លាំង។ ប៉ុន្តែចំណុចខ្សោយវិញ គឺនាយចឺម ស្រែកអស់ព្រលែងតែម្តង អត់ចេះថ្នមកន្ទុយអីចឹង កន្លែងហ្នឹងពិបាកដែរ។

លោកនូ សុឹប បន្តថា “ខ្ញុំយល់ថា បើនាយចឺម ចង់ឱ្យឡើងស្មើខេមរៈ សិរីមន្ត ត្រូវចេះប្រើប្រាស់សំឡេងឱ្យបានត្រឹមត្រូវ ហើយកុំយកការប្រើសំឡេងច្រៀងទៅលាយឡំគ្នាការលេងកំប្លែង បើមិនអីចឹងទេ ពេលច្រៀងបទនោះនឹងប្រើសំឡេងខុសទាំងអស់ជាមិនខាន”។

នាយចឺម បានបោះបង់អាជីពកំប្លែងនៅ CTN មកស្រវាអាជីពចម្រៀងនៅផលិតកម្មសាន់ដេ ហើយពេលនេះនាយចឺម ឡើងកូដក្លាយជាតារាចម្រៀងត្រូវប៉ាន់ផ្នែកយុវវ័យ ដែលច្រៀង១កម្មវិធីស៊ីថ្លៃចាប់ពី១៥០០ទៅ២៥០០ដុល្លារទៀតផង ទើបធ្វើឱ្យនាយចឺម មានលទ្ធភាពទិញផ្ទះ១ល្វែង និងសង់ផ្ទះឱ្យម្តាយនៅស្រុកកំណើតខេត្តកំពង់ស្ពឺ ចំណាយលុយដល់ទៅជាង២០ម៉ឺនដុល្លារ។

ទស្សនិកជនមួយចំនួននិយាយថា មុនពេលខេមរៈ សិរីមន្ត ចេញពីសាន់ដេ ចូលទៅហង្សមាស នោះ អតីតតារាកំប្លែង CTN រូបនេះ និងតារាចម្រៀងថោន ពេជ្រ ថាណា ក៏ជាចំណែកមួយធ្វើឱ្យសិរីមន្ត ធ្លាក់ចុះខ្សោយជាងមុនមួយផ្នែកដែរ ព្រោះលោកចឺម និងថាណា អាចច្រៀងប្រើប្រាស់សំឡេងបទចម្រៀងដែលខេមរៈ សិរីមន្ត ច្រៀងបានដូចគ្នា។
ដោយឡែក អំឡុងពេលដែលសិរីមន្ត ជ្រកកោននៅហង្សមាស ហើយនាយចឺម បានអះអាងថា នាយជាអ្នកអង្គុយកៅអីសិរីមន្ត នៅសាន់ដេ នោះ ស្រាប់តែមានចម្ងល់ពីមហាជនបានលើកឡើងថា តើនាយចឺម និងសិរីមន្ត ពេលនេះអ្នកណាល្បីជាង ?

លោកនូ ស៊ឹប បន្ថែមទៀតថា “នាយចឺម បើចង់អភិវឌ្ឍន៍ខ្លួនឱ្យបានល្អជាងនេះឈានទៅដល់ចំណុចដូចខេមរៈ សិរីមន្ត នោះ គួរតែនាយចឺម ស្វែងយល់ពីលោកព្រាប សុវត្ថិ ឱ្យបានច្រើនពីបច្ចេកទេសច្រៀងការប្រើប្រាស់សំឡេងឱ្យបានត្រឹមត្រូវ ព្រោះព្រាប សុវត្ថិ ខ្លាំងណាស់ គេច្រៀងតាមក្បួនខ្នាតត្រឹមត្រូវ ហើយរហូតមកដល់ពេលនេះ ព្រាប សុវត្ថិ នៅមិនទាន់ធ្លាក់ចុះទេ។

ចុងក្រោយ តារាជើងចាស់រូបនេះ បានបញ្ជាក់ថា “ខ្ញុំយល់ថា នាយចឺម អាចតាមទាន់ខេមរៈ សិរីមន្ត នៅពេលខាងមុខ យូរឆ្នាំទៀត”។
នាយចឺម ត្រូវបានឪធម៌ លោកឈុន ឡាក់ ដែលជាថៅកែផលិតកម្ម BKS បានទិញរថយន្តទំនើប Toyota Tundra ១គ្រឿង តម្លៃជាង៧ម៉ឺនដុល្លារឱ្យ ហើយពេលនេះនាយមានអង្គរក្ស ឈ្មោះនាយទិន ជាអ្នកបើកឡានឱ្យដូចសិរីមន្ត មានតៃកុងឡានដែរ។

ដោយឡែក ក្រោយរបូតសង្សារស្រីស្អាតអស់ម្តងដល់ទៅ២នាក់គឺ កញ្ញាពុធ ស្រីខួច និងអូនម៉ីម៉ី ធ្វើឱ្យនាយចឺម ដេកស្តាយកាយាសាច់សខ្ចីអតីតសង្សារក្រៃលែងនោះ ពេលនេះនាយរកបានសង្សារថ្មីខ្ចីញ៉េញ គឺអូនបេឡា ហៅអូនហ្វា ដែលពួកគេល្អូកល្អិនគ្នាដូចប្តីប្រពន្ធអ៊ីចឹង ប៉ុន្តែអូនហ្វា អះអាងថា ពេលនេះនាងនិងនាយចឺម រស់នៅផ្ទះផ្សេងគ្នា មិនមែនរស់នៅក្រោមដំបូលតែមួយឡើយ៕