Friday, September 19, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា សំណាងណាស់ ប្តីតាមថ្នាក់ថ្នមគ្រប់ជំហាន ពេលមានផ្ទៃពោះ

ឱក សុគន្ធកញ្ញា សំណាងណាស់ ប្តីតាមថ្នាក់ថ្នមគ្រប់ជំហាន ពេលមានផ្ទៃពោះ

តារាចម្រៀងឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ ពេលនេះមានផ្ទៃពោះកាន់តែធំទៅៗហើយ អំឡុងពេលដែលកូនប្រុសក្នុងផ្ទៃនាងមានអាយុជាង៦ខែនេះ។

សុគន្ធកញ្ញា មិនអាចច្រៀងតាមឆាកតន្ត្រីធំៗ ហើយលេងក្បាច់រាំដូចមុនបានទៀតទេ ព្រោះខ្លាចប៉ះ-ពាល់ដល់សុខភាពទារកក្នុងផ្ទៃ។ ប៉ុន្តែសុគន្ធកញ្ញា នៅតែបន្តបង្ហាញមុខតាមកម្មវិធីសម្ពោធក្រុម- ហ៊ុនទាក់ទងអាហារបំប៉នសុខភាពទារក និងហាងតែគុជ ជាដើម ដែលទៅណាមកណាមានអ្នកបើកឡានជូន ហើយនាងដើរដំណើរមួយៗ ព្រោះតែផ្ទៃពោះធំពិបាកឈានជើងទៅមុខ។

តាមព័ត៌មានថា អំឡុងពេលដែលឱក សុគន្ធកញ្ញា មានផ្ទៃពោះកាន់តែធំនេះ ស្វាមីរបស់នាងលោកអ៊ឹង សុខលី កាន់តែថ្នាក់ថ្នមកាយានាងកាន់តែខ្លាំងជាងមុនទៅទៀត ដូចជាមិនអនុញ្ញាតឱ្យសុគន្ធកញ្ញា ធ្វើដំណើរទៅខេត្តឆ្ងាយៗទាក់ទងក្រុមហ៊ុនមួយចំនួនហៅទៅចូលរួមកម្មវិធីនោះឡើយ។

ដោយឡែក នៅតាមបណ្តាកម្មវិធីមួយចំនួនដែលមិនអាចអាក់ខានបានវិញ សុគន្ធកញ្ញា ត្រូវប្តីអមដំណើរទៅចូលរួមតែម្តង បើទោះជាគេដឹងថា លោកសុខលី មមាញឹកខ្លាំងព្រោះជាអ្នកគ្រប់គ្រង បុគ្គលិកទូរទស្សន៍ហង្សមាស រាប់រយនាក់នៅក្រោមឱវាទលោកក៏ដោយ។

តារាសិល្បៈជាច្រើនបានចាត់ទុកឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងដែលជោគជ័យទាំងអាជីពចម្រៀង និងស្នេហាព្រមគ្នានៅឆ្នាំ២០១៩ នេះ។

តារាភាពយន្តជើងចាស់ អ្នកស្រីឌី សាវ៉េត ធ្លាប់អះអាងថា សុគន្ធកញ្ញា ជាតារាមាន “សំណាង” ដែលបានធ្វើជាប្អូនថ្លៃថៅកែហង្សមាស ជាក្រុមហ៊ុនមួយបណ្តុំទៅដោយសិល្បៈចម្រុះពណ៌នោះ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយពេលដែលឱក សុគន្ធកញ្ញា សម្រាលកូនប្រុស ដែលនាងនិងប្តីបានដាក់ឈ្មោះហៅក្រៅថា “ឆលី” នោះមក នាងនៅតែជាតារាចម្រៀងស្រីខ្លាំងជាងគេនៅហង្សមាស ទៀត ឬក៏ពិបាកស្តារមុខមាត់ដូចតារាមួយចំនួនទៀតដែលមានប្តីដែរ ?

លោកនូ ស៊ឹប បញ្ចេញយោបល់ថា ការដែលឱក សុគន្ធកញ្ញា ក្លាយទៅជាតារាចម្រៀងល្បីនៅហង្សមាស នោះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែមកពីនាងមានមូលដ្ឋានគ្រឹះធ្លាប់រៀននៅសាលាវិចិត្រសិល្បៈ ហើយមានម្តាយជាអ្នករបាំ និងឪពុកជាអ្នកភ្លេងអ៊ីចឹង នាងបានដំបូន្មានពីឪពុកម្តាយក៏ច្រើនដែរ ទើបឈានមកដល់ចំណុចនេះ។

អតីតតារាចម្រៀងហង្សមាស រូបនេះ យល់ថា សុគន្ធកញ្ញា នឹងមិនងាយធ្លាក់ចុះវិញឡើយ ទោះជាពេលនេះនាងមានប្តីក្តី៕

RELATED ARTICLES