Friday, September 19, 2025
Homeតារាខ្មែរពេជ្រ សូលីកា-រ៉េត ស៊ូហ្សាណា មួយណា ត្រូវប៉ាន់ជាង?

ពេជ្រ សូលីកា-រ៉េត ស៊ូហ្សាណា មួយណា ត្រូវប៉ាន់ជាង?

ពេជ្រ សូលីកា បានក្លាយជាតារាចម្រៀងផលិតកម្មរស្មីហង្សមាសជាលើកទី២ បានដូចបំណង ក្រោយពេលដែលថៅកែផលិតកម្មដ៏ធំមួយនេះ គឺលោកឧកញ៉ាអ៊ឹង ឆៃងួន នៅតែផ្តល់ឱកាសជាថ្មីឱ្យនាងបានបញ្ចោញសមត្ថភាព បើទោះជាសូលីកា ធ្លាប់ធ្វើឱ្យហង្សមាស ខកចិត្ត ព្រោះតែនាងទៅចុះកុងត្រាជាន់គ្នាជាមួយផលិតកម្ម Rock ក្តី។

ការឈរជើងនៅហង្សមាស សាជាថ្មីរបស់ពេជ្រ សូលីកា នៅពេលនេះធ្វើឱ្យនាងក្លាយជាតារាស្រីដែលប្រជែងទាំងបទចម្រៀងនិងរូបសម្រស់ជាមួយស្រីស្អាតរ៉េត ស៊ូហ្សាណា ខណៈដែលពួកគេទាំង២មានសម្រស់គួរឱ្យទាក់ទាញជាងគេ ក្នុងចំណោមតារាចម្រៀងវ័យក្មេងរបស់ហង្សមាស។

ទស្សនិកជនជាច្រើនបានលើកជាសំណួរថា តើរវាងពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា មួយណាត្រូវប៉ាន់ជាង នៅពេលដែលស្រីស្អាតទាំង២ជ្រកកោនក្រោមដំបូលទ្រនំតែមួយនេះ ?

ពេជ្រ សូលីកា ៖ មានឈ្មោះល្បីមុន រ៉េត ស៊ូហ្សាណា ហើយនាងមានរូបសម្រស់ស្រស់ស្អាត ទឹកដមសំឡេងមធ្យម ដែលស័ក្តិសមជាតារាចម្រៀងអាជីពម្នាក់។

អតីតបេក្ខភាព Rock Star របស់ទូរទស្សន៍ CTN និងជាតារាចម្រៀងរបស់ផលិតកម្ម ROCk, M រូបនេះ អាចនឹងលេចធ្លោខ្លាំងជាងនេះនៅហង្សមាស ប្រសិនបើនាងមិនដកខ្លួនចេញពីអាជីពចម្រៀងអស់រយៈពេល៥ឆ្នាំ ដោយសារតែប៉ះស្នេហ៍ដ៏រសើបជាមួយមន្ត្រីផ្កាយ២ម្នាក់នោះទេ។

ប៉ុន្តែទោះជាលាក់ខ្លួនជាច្រើនឆ្នាំក្នុងទ្រុងស្នេហ៍មែន ប៉ុន្តែសូលីកា ដែលទើបវិលមករកអាជីពចាស់វិញនៅឆ្នាំ២០១៨ តាមរយៈការថតភាពយន្តឱ្យហង្សមាស រឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ហើយធ្វើឱ្យថៅកែហង្សមាស ទុកចិត្តព្រមទទួលយកនាងឱ្យច្រៀងនៅផលិតកម្មជាថ្មី តាមរយៈការចេញបើកឆាកបទចម្រៀងដំបូង “លេងសើចផ្លូវអារម្មណ៍” នោះ សូលីកា នៅតែមានទឹកដមសំឡេងមិនប្រែប្រួលអំឡុងពេលដែលនាងច្រៀងនៅផលិតកម្ម M ឡើយ។

តាមព័ត៌មានថា សូលីកា ត្រូវបានបណ្តាក្រុមហ៊ុនផលិតស្ពតមួយចំនួនងាកមកចាប់អារម្មណ៍នាង ដូចរ៉េត ស៊ូហ្សាណា ដែរ ប៉ុន្តែទីផ្សារចម្រៀងវិញនៅមិនទាន់ប្រែប្រួលទេ ព្រោះថាបទចម្រៀងនាងនៅហង្សមាស មានចំនួនតិចតួចនៅឡើយ។

រ៉េត ស៊ូហ្សាណា ៖ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២រូបនេះ មានរូបសម្រស់ទាក់ទាញច្រើនជាងទឹកដមសំឡេង ខណៈដែលការច្រៀងរាំបទជាភាសាអង់គ្លេសរបស់ហ្សាណា ក៏មានការចាប់អារម្មណ៍ពីទស្សនិកជនច្រើនជាងច្រៀងបទជាភាសាខ្មែរ ដែរ។

ស៊ូហ្សាណា ម្ចាស់បទ “ប្រយោគស្នេហ៍” មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ។ ពេលនេះតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃជិត២ពាន់ដុល្លារ ហើយនាងជាតារាដែលត្រូវប៉ាន់ថតស្ពតពាណិជ្ជកម្មផងដែរ។

ស៊ូហ្សាណា ជាតារាស្រីតែម្នាក់ដែលត្រូវថៅកែផលិតកម្មហួងហែង មិនអនុញ្ញាតឱ្យនាងច្រៀងនៅ ទូរទស្សន៍ណាក្រៅពីហង្សមាស និងបាយ័ន ឡើយ ហេតុនេះហើយបានជាអ្នករៀបចំកម្មវិធីសិល្បៈមួយចំនួនលើកឡើងថា ហ្សាណា ជាគោលដៅដែលហង្សមាស បានគូសទុកសម្រាប់ឡង់សេជាតារាចម្រៀងសំខាន់របស់ខ្លួននាពេលអនាគត។

យ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា តើរវាងតារាទាំង២ កញ្ញាពេជ្រ សូលីកា និង រ៉េត ស៊ូហ្សាណា មួយណានឹងលេចធ្លោជាងគេនៅហង្សមាស ព្រោះថា ពេលនេះសូលីកា ទើបហក់មកចូលស្តារមុខមាត់ជាថ្មីឡើងវិញប៉ុណ្ណោះ ខណៈដែលស៊ូហ្សាណា កំពុងបោះពួយទៅមុខ។

ប៉ុន្តែស្រីស្អាតទាំង២មានចំណុចដូចគ្នា គឺទាំងសូលីកា និងស៊ូហ្សាណា សុទ្ធតែមានមន្តស្នេហ៍មិនធម្មតាដូចគ្នា ហើយក៏ជាមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីសំណាក់មន្ត្រីធំៗ តែខុសគ្នាត្រង់ថា សូលីកា ហ៊ានបណ្តើរគូស្នេហ៍ថ្មីជាចំហ ខណៈដែលស៊ូហ្សាណា ជាតារាដែលខ្លាចរឿងអាស្រូវស្នេហាបំផុត ហើយជាទម្លាប់នាងត្រូវបានឪពុកនិងម្តាយតាមការពារជាប់ជានិច្ច៕

RELATED ARTICLES