Friday, September 19, 2025
Homeតារាខ្មែរពេជ្រ សោភា មេម៉ាយសប្បាយចិត្ត

ពេជ្រ សោភា មេម៉ាយសប្បាយចិត្ត

តារាចម្រៀងពេជ្រ សោភា រយៈពេលចុងក្រោយនេះបានយកពេលវេលាទៅដើរលេងលំហែកាយានៅក្រៅស្រុកជាងក្នុងស្រុក ប៉ុន្តែនាងបានព្រមានអ្នកកាសែតថា មិនអាចសរសេរអត្ថបទណាថា នាងទៅដើរលេងដើម្បីបំបាត់ទុក្ខស្នេហ៍បានឡើយ ព្រោះការផ្សព្វផ្សាយបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នាងខ្លាំងណាស់។

ការព្រមានអ្នកសារព័ត៌មានបែបនេះ មុនពេលដែលសោភា ហោះទៅដើរលេងដើរកម្សាន្តប្រទេសកូរ៉េ, ម៉ាឡេស៊ី និងវៀតណាម ជាដើម ហើយនាងបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង បើទោះជាគ្មានគូ ស្នេហ៍បណ្តើរដូចតារាដទៃទៀតក៏ដោយ។

សោភា ដែលមិនចូលចិត្តស្លៀកពាក់សិចស៊ី ហើយមិនចូលចិត្តបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ឱ្យគេឃើញដូចតារាផ្សេងៗទៀតនោះ បែរជាហ៊ានស្លៀកខោខូវប៊យពាក់អាវវ៉ែនតា និងពន្លែងខ្លួនបញ្ចេញស្បែកខ្នងនៅលើកប៉ាល់ទៅវិញ ទើបធ្វើឱ្យអ្នកគាំទ្រនិយាយថា សោភា ពិតជាអ្នកមេម៉ាយសប្បាយចិត្តមែន ព្រោះទោះជាគ្មានសង្សារមែន ប៉ុន្តែនាងអាចមានពេលវេលាទៅរកសេចក្តីសុខបន្ធូរអារម្មណ៍នៅក្រៅស្រុកដោយខ្លួនឯង។

ពេជ្រ សោភា ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនដែលយកស្នេហាជាធំនោះទេ ហើយទោះជាគ្មានប្តីក៍អាចរស់បានដូចគេដែរ។

សោភា ថា សម្រាប់នាងគឺក្រុមគ្រួសារជាជម្រើសទីមួយ, ការងារជាជម្រើសទីពីរ ហើយស្នេហាជាជម្រើសទី៣។ ពេលគ្មានប្តី ទៅណាមកណាគ្មានអ្នកណាហួងហែងអាចដេកនៅជាមួយក្រួមគ្រួសារ បងប្អូនបានដោយគ្មានគេរំខានឡើយ។

ទោះជាយ៉ាងណា គេមិនដឹងថា ការនិយាយរបស់ពេជ្រ សោភា នៅពេលនេះអស់ពីចិត្តឬយ៉ាងណាទេ ព្រោះថាកន្លងមកនាងជាតារាចម្រៀងម្នាក់ដែលត្រូវបានគេចាត់ទុកថាជោគជ័យតែអាជីពសិល្បៈ តែរឿងស្នេហាបរាជ័យរហូត។

ការលើកឡើងបែបនេះ ដោយសារតែសោភា ធ្លាប់បានផ្តាច់ពាក្យពីអតីតគូដណ្តឹងអាណិកជនខ្មែរមកពីអាមេរិក និងបានលែងប្តីអាណិកជនខ្មែរមកពីអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ខណៈដែលមានការខ្សឹបខ្សៀវពីចង្កោមអ្នកសិល្បៈថា ថ្មីៗ នេះ សោភា ទើបត្រូវអតីតសង្សាររៀបការ ចោល។

ប៉ុន្តែសោភា បានប្រកែកហើយនាងបង្ហាញសារថា ពេលនេះនាងកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសជាមួយប្រុសក្មេងឆឹម សក្កដា។

យ៉ាងណា សោភា មិនបានបញ្ជាក់ថា តើថ្ងៃពិសេសដែលជិតដល់សម្រាប់នាងនោះជាពិធីភ្ជាប់ពាក្យ ឬរៀបការជាមួយសក្កដា នោះទេ ស្របពេលដែលកន្លងមកលេចឮថា ពួកគេបានសាងស្នេហ៍ “ក្លែងក្លាយ” ដើម្បីបំភ័ន្តភ្នែកមហាជន៕

RELATED ARTICLES