នៅពេលទទួលដំណឹងថា លោកសានម៉ៅ បានទទួលមរណភាព គេសង្កេតឃើញថ្នាក់ដឹកនាំ តារាសិល្បៈរួមអាជីព និងសិល្បករសិល្បការិរីជាច្រើនរូបបានចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែនៅថ្ងៃបូជាសពនោះ គេបែរជាមិនឃើញតារាសិល្បកររួមអាជីពជាមួយនាយសាន ម៉ៅ មិនចូលរួមឡើយ គឺមានតែវត្តមានលោកឧកញ៉ាឃ្លោក ម្នាក់ប៉ុណ្ណោះ។

ភរិយានាយសាន ម៉ៅ អ្នកស្រីសាវ៉ុន បាននិយាយទាំងទឹកភ្នែកថា “បងប្អូនសិល្បករមិនមកពេលបូជាប្តីខ្ញុំមែន ប៉ុន្តែពួកគាត់ច្រើនណាស់បានមកមុនពេលបូជានេះហើយ”។

អ្នកស្រីបានបន្តថា “ខាងថ្នាក់ដឹកនាំក៏បានមកចូលរួមដែរ ដូចជា ឯកឧត្តមហ៊ីង ប៊ុនហៀង, ខៀវ កាញារីទ្ធ និងកូនសម្តេច ជាដើម។ ប្តីខ្ញុំស្លាប់ដោយសារជំងឺបេះដូងនិងសួត”។

គួរបញ្ជាក់ថា លោកធូ ចំរ៉ុង ហៅនាយសានម៉ៅ ឬសេដ្ឋី អ៊ូរ៉ាន់ បានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅមន្ទីពេទ្យអ៊ូប៊ុន ប្រទេសថៃ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

ហើយសពត្រូវបានបូជាកាលពីល្ងាចថ្ងៃទី៥ ខែតុលា នៅវត្តព្រែកប្រា និងបានធ្វើបុណ្យសពគម្រប់៧ថ្ងៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ដោយមានតារាសិល្បករមួយចំនួនចូលរួមផងដែរ៕