តារាសម្តែងស៊ុំ សុម៉ាលី បានបង្ហូរទឹកភ្នែកជោកថ្ពាល់នៅពេលដែលត្រូវអ្នកកាសែតសួររឿងទាក់ទងប្តី ដោយសារតែនាងថា មិនអាចផ្សះផ្សាស្នេហ៍វិញបានទេ ប៉ុន្តែអ្វីដែលនាងខ្លោចផ្សាបំផុតនោះ គឺនាងអាណិតកូនស្រីដែលត្រូវកំព្រាឪពុកទាំងវ័យក្មេង។

ស៊ុំ សុម៉ាលី និយាយផងយកដៃជូតទឹកភ្នែកផងថា “ខ្ញុំអាណិតកូនស្រីខ្ញុំណាស់ គ្នានៅក្មេងពេកបែកពីឪពុក។ រឿងខ្ញុំនិងប្តីមិនទាន់ដាច់ស្រេចគ្នាទេ គឺទុកឱ្យមេធាវីខ្ញុំ គាត់ធ្វើការរឿងនេះចុះ ព្រោះខ្ញុំនិងគាត់មានរឿងច្រើននិយាយជាមួយគ្នា។ ប្តីខ្ញុំព្យាយាមចង់ជួបជុំវិញច្រើនដងដែរ តែខ្ញុំមិនអាចទទួលយកបានទេ”។

ស៊ុំ សុម៉ាលី បានឱ្យដឹងដែរថា អំឡុងពេលដែលនាងនិងប្តីជួបរឿងរកាំរកូសរហូតដល់ចែកផ្លូវគ្នានេះ ឥឡូវនាងកំពុងត្រៀមខ្លួនវិលមករកអាជីពសម្តែងសាជាថ្មីឡើងវិញ ក្រោយផ្អាករយៈពេលជិត៥ឆ្នាំមក។

នាងបន្តថា ភាពយន្តដែលនាងត្រៀមសម្តែងនោះ គឺរឿង “ឯកោ” របស់ផលិតកម្មមហាហង្ស ហើយនាងសម្តែងជាតួកម្សត់ខ្លាំងបំផុត ប៉ុន្តែនាងតាំងចិត្តថា នឹងធ្វើឱ្យទាល់តែបានទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន។

សុម៉ាលី បន្ថែមថា “ខ្ញុំថតរឿងក្រោយនេះឱ្យផលិតកម្មមហាហង្ស គឺរឿង “ឯកោ”។ តាមប៉ារ៉ូល គឺរឿងនេះខ្ញុំលេងជាតួកម្សត់ខ្លាំងណាស់ គឺជាស្ត្រីម្នាក់ដែលអត់ធ្មត់មែនទែន ហើយដោយសារការស្រលាញ់អាជីពសិល្បៈ ទើបខ្ញុំតាំងចិត្តថា នឹងត្រូវតែលេងរឿងនោះឱ្យបាន”។

ស៊ុំ សុម៉ាលី បានរៀបការកាលពីឆ្នាំ២០១២ ជាមួយអ្នកលក់មីឆា លោកមាស ទី ហើយពេលនេះមានកូនស្រីម្នាក់អាយុជាង២ឆ្នាំ។ ចំណងស្នេហ៍ជាង៧ឆ្នាំនេះ សុម៉ាលី និងលោកទី បានឈានមករកផ្លូវបំបែកនៅពេលដែលសុម៉ាលី ចាប់បានប្តីផិតក្បត់នាងទៅទាក់ទងមានស្នេហាលួចលាក់ជាមួយស្រីម៉ាស្សាម្នាក់។

សុម៉ាលី ឈឺចាប់ខ្លាំងណាស់ ទើបពេលនេះនាងមិនអាចអត់ឱនឱ្យប្តីបានទេ គឺបានឱ្យមេធាវីចាត់ការរឿងនាងលែងលះជាមួយប្តីទៅតុលាការ បើទោះជាលោកទី ព្យាយាមសុំអង្វរត្រូវរ៉ូវគ្នាវិញយ៉ាងណាក៏ដោយ៕