តារារោមទ្រួងច្រើនឆន សុវណ្ណរាជ ស្ថិតក្នុងចំណោមអ្នកចម្រៀងដែលសំខាន់របស់ហង្សមាស ព្រោះតែផលិតកម្មនេះបានផ្ដល់ទំនុកចិត្តឲ្យអតីតតារាចម្រៀង U2 រូបនេះ តាមរយៈការផ្ដល់តំណែងធំជាគណៈកម្មការដល់ទៅ៣ផ្សេងគ្នា គឺThe Voice Cambodia, Cambodian Idol និង Cambodian Idol Junior ទើបពេលសុវណ្ណរាជ បង្ហាញខ្លួនតាម Concert ខ្លះ ត្រូវបានក្មេងៗមួយចំនួនហៅថា ”លោកគ្រូៗ” ថែមទៀតផង។

ប៉ុន្ដែគេកត់សម្គាល់ឃើញថា បើទោះជាឆន សុវណ្ណរាជ ក្តាប់តំណែងធំៗទាំងនេះមែន ប៉ុន្តែទីផ្សារតារាចម្រៀងរូបនេះនៅតែពិបាកស្ទុះឡើងជាងនេះដដែល ហើយដំណាក់កាលចុងក្រោយ គឺប្រឈមការនៅទ្រឹងតែម្ដង។

ការប្រែប្រួលទីផ្សារចម្រៀងរបស់សុវណ្ណរាជ កាន់តែខ្លាំងនៅពេលដែលការមកដល់របស់អតីតតារាចម្រៀងសាន់ដេ ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលចុងក្រោយនេះ ធ្វើឲ្យម្ចាស់បទ ”ទីក្រុងគ្មានមេឃ” កាន់តែពិបាកទប់ទល់ ខណៈដែលសុវណ្ណរាជ មិនអាចប៉អ ឬប្រជែងជាមួយព្រាប សុវត្ថិ បានឡើយ។

ឆន សុវណ្ណរាជ ល្បីចុងក្រោយតាមរយៈបទ ”អារម្មណ៍ពេលខូចចិត្ត” ហើយនៅឆ្នាំ២០១៩នេះ សុវណ្ណរាជ បានចេញទៅសម្ដែងនៅក្រៅស្រុក២ប្រទេស គឺនៅកាណាដា និងកូរ៉េ ហើយនឹងចេញទៅច្រៀងតាម Concert ក្នុងស្រុកជាហូរហែទៀត ដែលបញ្ជាក់ថា ទីផ្សារតារាចម្រៀងរូបនេះនៅតែរក្សាបាននៅឡើយ ថ្វីត្បិតតែមិនសូវមានបទចម្រៀងល្បីៗដូចមុនក៏ដោយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ក្នុងចំណោមតារាចម្រៀងពីខាងក្រៅចូលទៅហង្សមាស គឺមានតែឆន សុវណ្ណរាជ ម្នាក់គត់ ដែលចូលហង្សមាស ត្រូវតាមពេលវេលាអំណោយផលល្អ ព្រោះក្រៅពីនេះតារាផ្សេងៗទៀតចូលមកហង្សមាស គឺមិនសូវត្រូវតាមពេលវេលាទេ ព្រោះថា ពេលនេះហង្សមាស បានជ្រើសរើសបានតារាច្រើនក្នុងដៃទៅហើយ។

ការសំអាងបែបនេះដោយសារតែគេគិតថា អំឡុងពេលដែលសុវណ្ណរាជ ចូលហង្សមាស កាលពីឆ្នាំ២០០៧នោះ តារារូបនេះច្រៀងបទអីក៏ល្បីដែរ ដូចជាបទ ”ទីក្រុងគ្មានមេឃ”, ”ស្ពាយកំហុសដើរចេញ”, ”ដីវិលរកកន្លែងឈប់”, ”នៅតែស្រលាញ់អូនដូចដើម” និងបទ ”ស្ដាប់ហេតុផល អូនកាន់តែឈឺចាប់” ជាដើម។

ប៉ុន្តែពេលនេះ សុណ្ណរាជ ខុ្សត់បទចម្រៀងល្បីៗនៅពេលចុងក្រោយនេះ ហើយរឿងស្នេហាជាមួយនិស្សិតស្រីនៅអាមេរិក កញ្ញា ”អរិយា” នោះ កាន់តែបាត់ដំណឹងទៀត ទើបធ្វើឲ្យមានការសង្ស័យថា ពួកគេចែកផ្លូវគ្នាទៅហើយ ខណៈដែលសុវណ្ណរាជ នៅតែមិនស្ងាត់សោះរឿងថា មានប្រុសតាមស្រលាញ់ច្រើនជាងស្រី៕