អតីតបេក្ខភាព Cambodian Idol រដូវ កាលទី២ នាងប្រាក់ សុគន្ធ ដែលក្លាយទៅជាតារាចម្រៀងសាន់ដេ ហើយត្រូវគេស្គាល់តាមរយៈបទ “បេះដូងស្រវឹង” នោះ រហូតមកដល់ពេលនេះ អ្នកចម្រៀងស្រអែមស្រស់រូបនេះលែងចាប់ដៃគូច្រៀងជាមួយតារាចម្រៀងលេងក្បាច់រាំ និងម៉ូដសក់ប្លែកៗខុសគេ គឺលោកអ៊ីណូ ទៀតហើយ ក្រោយពេលដែលមានការលើកឡើងថា ពួកគេមិនសូវស៊ីចង្វាក់គ្នានៅលើឆាក ព្រោះតែអ៊ីណូ លេងក្បាច់ប្លែកៗពេក ខណៈដែលនាងសុគន្ធា វិញ មិនសូវចេះលេងខ្លួនដូចដៃគូឡើយ។

យ៉ាងណា នាងសុគន្ធា វិញថា ពេលនេះនាងមិនច្បាស់ថាពេលណាបានចាប់ដៃជាមួយអ៊ីណូ ទៀតទេ ព្រោះរូបនាងផ្ទាល់មិនជាបញ្ហាទេ ប៉ុន្តែនៅលើអ៊ីណូ តែម្តង ថាដៃគូនាងនេះទំនេរអាចច្រៀងជាមួយគ្នាវិញបានពេលណា ?

នាងប្រាក់ សុគន្ធា ថ្លែងថា “មិនដឹងថាពេលណាបានច្រៀងជាមួយគាត់វិញទេបង? ខ្ញុំអត់បញ្ហាទេ ច្រៀងជាមួយអ្នកណាក៏បានដែរ តែសំខាន់នៅលើគាត់ (អ៊ីណូ) ទេ ឱ្យតែគាត់ថាពេលណាច្រៀងជាមួយគ្នាវិញ ខ្ញុំនឹងធ្វើតាមគាត់”។

នាងប្រាក់ សុគន្ធា ធ្លាប់ធ្វើឱ្យគេចាប់អារម្មណ៍តាមរយៈនាងច្រៀងបទ “ម៉ែ” ក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ប៉ុន្តែនាងត្រូវបានធ្លាក់ចេញពីកម្មវិធីកណ្តាលទី ខណៈដែលហង្សមាស ហុចពាននេះទៅឱ្យឈិត ម៉ានិច្ច វិញ។

ទោះជាយ៉ាងណា នាងប្រាក់ សុគន្ធា ដែលមានទឹកដមសំឡេងក្រអួនក្រអៅនោះ ត្រូវបានសាន់ដេ ជ្រើសយកធ្វើជាសមាជិករបស់ខ្លួន ហើយពេលនេះ សុគន្ធា មានទីផ្សារមធ្យមនៅឡើយ ខណៈ ដែលរូបសម្រស់របស់នាងមានការប្រែប្រួលពីស្បែកខ្មៅស្រអែមទៅជាសស្រស់ថ្លាជាងមុន។

តារាសាន់ដេ រូបនេះ បន្ថែមថា “ខ្ញុំច្រៀងនៅសាន់ដេ បានជាង១០បទហើយ។ ខ្ញុំចេញច្រៀងតាមកម្មវិធីផ្សេងៗជាហូរហែដែរ ហើយនៅថ្ងៃបុណ្យអ៊ុំទូកឆ្នាំនេះ មានគេកក់ខ្ញុំច្រៀង កម្មវិធីខ្លះដែរ។

នាងបន្តថា “រឿងមិនចាប់ដៃគូច្រៀងជាមួយបងអ៊ីណូ នោះ ខ្ញុំនិងគាត់គ្មានរឿងអីជាមួយគ្នាទេ ប៉ុន្តែមកពីគាត់រវល់ពេក ច្រៀងផង និពន្ធបទចម្រៀងផង អ៊ីចឹងបានជាឥឡូវ ខ្ញុំមិនដែលបានឡើងឆាកជាមួយគាត់”៕
