Friday, September 19, 2025
Homeតារាខ្មែរកែវ សីហា រៀបការថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែព្យាយាមលាក់មុខអនាគតស្វាមី

កែវ សីហា រៀបការថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែព្យាយាមលាក់មុខអនាគតស្វាមី

ពិធីការិនីកែវ សីហា នឹងដឹកដៃលោកដុកទ័រ ចូលរោងការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះហើយ ដែលពិធីអាពាហ៍ពិពាហ៍របស់នាងនឹងរៀបចំជប់លៀងធំ៨០តុ នៅមជ្ឈមណ្ឌលដឺព្រីមៀ សេនធឺរ សែនសុខ ។

កែវ សីហា ថា ការដែលនាងសម្រេចចិត្តប្រគល់បេះដូងឱ្យលោកដុកទ័រ ជាអ្នកថ្នមបំពេដោយមិន ប្រាថ្នាប្តីមន្ត្រីធំនោះ ដោយសារតែលោកគ្រូពេទ្យអាចប្រគល់សេចក្តីសុខគ្រប់យ៉ាងជូននាង…។

កែវ សីហា បាយបាយភាពនៅលីវត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះហើយ បន្ទាប់ពីនាងបានដឹកដៃភ្ជាប់ពាក្យជាមួយលោកដុកទ័រកំពូលស្នេហ៍ម្នាក់ តាំងពីឆ្នាំ២០១៦ ហើយពេលនេះដល់វេលាល្មមដែលពួកគេត្រូវសម្រេចចិត្តក្រាបផ្ទឹមជាមួយគ្នាតាមប្រពៃណីខ្មែរ។

តារាសម្តែងនិងជាពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កែវ សីហា វាចាថា “ខ្ញុំនឹងរៀបការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហ្នឹងហើយបង! មង្គលការរបស់ខ្ញុំរៀបចំនៅមជ្ឈមណ្ឌលដឺព្រីមៀ សេនធឺរ សែនសុខ ហើយខ្ញុំធ្វើ៧០ទៅ៨០តុ។ ភ្ញៀវអ្នកសិល្បៈ ខ្ញុំហៅច្រើនដែរតើ!”។

មានចម្ងល់ថា ហេតុអីបានជាកែវ សីហា សម្រេចចិត្តយកប្តីជាលោកដុកទ័រ ព្រោះស្រីស្អាតរូបនេះក៏ជាមុខសញ្ញារបស់មន្ត្រីធំៗតាមស្នេហាដែរ ហើយបើនាងលោតឆត្រដូចគេនោះ តំណែងជំទាវមិននៅឆ្ងាយឡើយពីស្រីស្រស់។

កែវ សីហា បន្ថែមថា “សម្រាប់តារាផ្សេងគាត់បានធ្វើជាជំទាវ ខ្ញុំគិតថា ជាសំណាងរបស់គាត់។ ប៉ុន្តែសម្រាប់ខ្ញុំមិនដែលប៉ងអ៊ីចឹងទេ រឿងគេផ្សេង ខ្ញុំផ្សឹង។ ខ្ញុំគិតថា គូដណ្តឹងខ្ញុំ ទោះជាមិនមែនជាឯកឧត្តម ឬឧកញ៉ាដូចគេ ប៉ុន្តែគាត់អាចផ្តល់សេចក្តីសុខឱ្យខ្ញុំបាន”។

សីហា បន្ថែមទៀតថា “ពួកខ្ញុំស្រលាញ់គ្នា៩ឆ្នាំមកហើយ ឃើញថា ពួកយើងចុះសម្រុងគ្នាច្រើន អ៊ីចឹងហើយបានជាកំណត់ពេលវេលារៀបការនៅពេលនេះតែម្តង ព្រោះបើពន្យារពេលរៀបការដល់ឆ្នាំ២០២០ ជាឆ្នាំគត់ យើងមិនអាចរៀបការបានទេ”។

ថ្វីត្បិតតែកែវ សីហា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ នាងនឹងក្លាយទៅជាប្រពន្ធស្របច្បាប់របស់លោកដុកទ័រ ក៏ដោយ ប៉ុន្តែពេលនេះ ក្រោយសីហា បានដឹកដៃអនាគតប្តីទៅថត Pre-Wedding នៅសៀមរាប ហើយក្តី ប៉ុន្តែសីហា នៅតែមិនហ៊ានបង្ហាញមុខម្ចាស់ស្នេហ៍ជាចំហដូចគេ ឡើយ គឺនាងតែងតែបិទមុខគូស្នេហ៍។

ការព្យាយាមមិនឱ្យគេស្គាល់មុខម្ចាស់ស្នេហ៍របស់សីហា នៅពេលនេះ ធ្វើឱ្យគេគិតថា ចំណងស្នេហារបស់សីហា នៅតែមានភាពអាថ៌កំបាំងនៅឡើយ បើទោះជាពួកគេបានកំណត់ពេលវេលារៀបការជាមួយគ្នាទៅហើយក្តី។

កែវ សីហា បន្ថែមថា “មានអាថ៌កំបាំងមកពីណា? ប៉ុន្តែគាត់មិនមែនជាអ្នកសិល្បៈទេ អ៊ីចឹងបង្ហាញភ្លាមធ្វើអី? គាត់មិនមែនជាបុរសសង្ហាណាស់ណាដូចគេថាទេ ដូចតែគេឯងដែរហ្នឹង! មូលហេតុដែលខ្ញុំតែងបិទមុខគាត់ ព្រោះខ្ញុំចង់បង្ហាញថ្ងៃរៀបការហ្នុងតែម្តង។ គង់តែឃើញទេ មិនមែនលាក់រហូតឯណា?”។

កែវ សីហា អាយុ២៦ឆ្នាំ ខណៈដែលអនាគតស្វាមីរបស់នាងអាយុ៣០ឆ្នាំ ហើយសីហា អះអាងថា ម្ចាស់បេះដូងនាងនៅលីវ គ្មានប្រវត្តិមានស្រីញីពីមុនទេ។ មុនសម្រេចចិត្តលាភាពនៅលីវនេះ កែវ សីហា ធ្លាប់សម្តែងភាពយន្តរឿង “កំលោះទាំង៣”, “ចម្ការលាក់ស្នេហ៍” និងជាពិធីការិនីកម្មវិធី “តន្ត្រីCHITAN” និង “តន្ត្រី “Happy Freshy Concert” ផងដែរ។

ការដឹកដៃប្តីចូលរោងការរបស់កែវ សីហា នៅពេលនេះ ធ្វើឱ្យពិធីករដៃគូនាងនៅលើឆាក លោកប៉ែន ចំរ៉ុង និងមុំ សារ៉េត (ហេរ៉ូ) ដែលធ្លាប់លែបខាយដាក់នាងនោះហាក់ស្រឡាំងកាំង និងមិនចង់ជឿថា សីហា យកប្តីលឿនបែបនេះឡើយ៕

RELATED ARTICLES