តារាចម្រៀងប៊ុន សុគន្ធា ហៅសុគន្ធ និសា បានហោះទៅប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ ហើយនាងថែមទាំងបានជួបអតីតតារាចម្រៀងរួមផលិតកម្ម លោកករុណា ពេជ្រ ទៀតផង។

តាមការអះអាងរបស់លោកករុណា ពេជ្រ គឺលោកបានជួបសុគន្ធ និសា ដោយចៃដន្យនៅកន្លែងពិនិត្យសុខភាព មិនមែនទៅថៃ ទាក់ទងការច្រៀងសម្តែង Concert ណាមួយឡើយ។

លោកករុណា ពេជ្រ ថ្លែងសារតាមឆាតហ្វេសប៊ុកថា “អូបង! ខ្ញុំមកថៃជួបនិសា នេះ មិនមែនមកច្រៀងសម្តែងអីទេ គឺខ្ញុំមកពិនិត្យសុខភាព ក៏បានជួបគាត់តែម្តង។ ខ្ញុំមកនេះអត់ទាក់ទងរឿងការងារសិល្បៈជាមួយនាងទេ”។

ការហោះទៅពិនិត្យសុខភាពដល់ថៃ របស់សុគន្ធ និសា នៅពេលនេះ ត្រូវបានអ្នកគាំទ្រតារាតូចច្រឡឹងរូបនេះសង្ស័យថា នាងមានផ្ទៃពោះ ប៉ុន្តែមិនត្រូវបាននិសា ឆ្លើយតបតាមការចង់ដឹងរបស់អ្នកគាំទ្រនាងឡើយ។
អ្នកគាំទ្ររបស់តារាចម្រៀងហង្សមាស រូបនេះ បាន Comment សួរនិសា ថា Idol ទៅពិនិត្យសុខភាពនៅថៃ ហ្នឹង មានដំណឹងល្អ (ផ្ទៃពោះ) មែន ? ប៉ុន្តែនិសា មិនបានផ្តល់ចម្លើយអ្វីទេ។

សុគន្ធ និសា បានដឹកដៃលោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមេនញូឡាយ រៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលពេលនេះជិតដល់ថ្ងៃខួប២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់នាងហើយ។
ប៉ុន្តែ និសា មិនទាន់ពពោះកូនដំបូងឡើយ ដែលខុសពីអ្នកនាងឱក សុគន្ធកញ្ញា ដែលរៀបការភ្លាម ពពោះភ្លែតតែម្តង។

មហាជនជាច្រើនបាននិយាយស្រដៀងគ្នាថា សុគន្ធ និសា មានទីផ្សារធ្លាក់ចុះជាងមុន ក្រោយពេលរៀបការប្តី ហើយអាចនឹងប្រឈមភាពស្ងប់ស្ងាត់ថែមទៀត បើសិនជានិសា នៅតែគ្មានបទផ្ទុះដូចមុន។

យ៉ាងណា ពេលនេះ និសា មិនផ្តោតតែលើអាជីពចម្រៀងមួយមុខឡើយ ព្រោះនាងងាកទៅថតកុន ដោយឆក់បានតំណែងតួឯកដល់ទៅ៣រឿងព្រមគ្នា គឺរឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក”។

និសា ក៏បានចាប់អាជីពក្រៅសិល្បៈ ដោយបើកហាងលក់កាហ្វេ, គុយទាវខ្ចប់ និងចេកអាំងប្រអប់ ជាដើម៕