តារាចម្រៀងផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា ដែលធ្លាយរូបស្និទ្ធស្នេហ៍ជាមួយប្រុសកូនកាត់ចិនប្លែកមុខម្នាក់ កាលពីពេលថ្មីៗនេះ ហើយត្រូវបានគេចាត់ទុកថា បុរសនោះជាគូស្នេហ៍ថ្មីរបស់នាងនោះ ត្រូវបានមហាជនលើកឡើងថា ពេលដំណឹងនេះចូលដល់ត្រចៀកនិងភ្នែកលោកផ្កាយ២ម្នាក់ដែលជាគូស្នេហ៍លាក់មុខរបស់នាង ប្រាកដជាធ្វើឱ្យប្រុសនោះឆេះដុំជាមិនខាននោះ នៅទីបំផុត បុរសដែលធ្លាប់ដាក់ទ្រុងស្នេហ៍សូលីកា ជាង៥ឆ្នាំនោះ បែរជាមិនប្រចណ្ឌហួងហែងស្រីស្អាតរូបនេះទៀតឡើយ…។

ពេជ្រ សូលីកា ដែលធ្លាប់បានគេលើកឡើងថា នាងត្រូវលោកផ្កាយ២ ហួងហែងក្នុងទ្រុងស្នេហ៍ជាង៥ឆ្នាំ អំឡុងពេលដែលនាងបាត់ខ្លួនពីសិល្បៈនោះ ពេលនេះនាងពិតជាងត្រូវបានមន្ត្រីធំនោះ ដោះលែងឱ្យមានសេរីភាពពេញលេញវិញមែន ព្រោះថ្មីៗនេះ សូលីកា ធ្លាយរូបស្និទ្ធស្នេហ៍ជាមួយប្រុសប្លែកម្នាក់ជាកូនកាត់ចិន ហើយគេថា ប្រុសនោះជាសង្សារថ្មីរបស់សូលីកា នោះ លោកផ្កាយ២គ្មានប្រតិកម្មឬឆេះដុំដូចគេសន្និដ្ឋានឡើយ។

សកម្មភាពបែបនេះធ្វើឱ្យសូលីកា កាន់តែស្រាលខ្លួនជាងមុន ព្រោះមនុស្សភាគច្រើនយល់ថា លោកធំនោះនឹងមិនចងជើងសូលីកា ទៀតទេ ហើយពេលនេះស្រីស្អាតរូបនេះមិនត្រឹមតែមានសិទ្ធិសេរីភាពថតសម្តែងរាំច្រៀងឡើងវិញនោះទេ ប៉ុន្តែនាងក៏អាចរកសង្សារបានតាមចិត្តចង់ដែរ។
ប៉ុន្តែអ្វីដែលមនុស្សនៅក្នុងចង្កោមសិល្បៈ នៅមិនទាន់បាត់ការសង្ស័យនោះ គឺជុំវិញភាពហ៊ឺហារបស់ពេជ្រ សូលីកា ដូចជាការជិះរថយន្ត Porsche និងពេលខ្លះនាងជិះ Range Rover ដែលគ្រាន់តែរថយន្តទំនើប២គ្រឿងមានតម្លៃដល់ទៅកន្លះលានដុល្លារនោះ សូលីកា បានប្រាក់មកពីណាជុំវិញការលេងម៉ូដឡាននោះ?

ប្រភពពីតារាសិល្បៈដែលជិតស្និទ្ធពេជ្រ សូលីកា បានបង្ហើបឱ្យដឹងថា អតីតតារាចម្រៀងផលិតកម្ម M រូបនេះ បើនៅតែហ៊ឺហាលេងម៉ូដឡានថ្លៃៗដូចពេលនេះទៀត គឺនាងមិនទាន់កាត់ផ្តាច់និស្ស័យស្នេហ៍ចាស់ជាមួយលោកផ្កាយ២នោះបានទេ ព្រោះថាបុរសទ្រព្យស្តុកដែលគ្រាន់តែសង់ផ្ទះវីឡាមួយ អស់លុយ៣លានដុល្លារនោះ មានរថយន្តទំនើបៗជិះមិនក្រោម២០គ្រឿងឡើយ។

ប្រភពនោះថា សូលីកា មិនខ្វះទេប្រុសៗអ្នកមានតាមស្នេហ៍ ប៉ុន្តែបើឱ្យប៉ះប្រុសដៃទូលាយ ដូចជាលោកផ្កាយ២នោះកម្រនឹងមានណាស់ ហើយបើទោះជាមន្ត្រីធំនោះមានស្រីស្នេហ៍វ័យក្មេងៗផ្សេងទៀតដល់ទៅ៦នាក់ក្តី ប៉ុន្តែលោកនៅតែស្រលាញ់សូលីកា អ៊ីចឹង ព្រោះថាសង្សារលោកផ្សេងៗទៀត មិនមានសម្រស់លើសសូលីកា ឡើយ។
ពេជ្រ សូលីកា បានចេញមកស្តារមុខមាត់ជាថ្មីដោយឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាលើក ទី២ នៅឆ្នាំ២០១៨ តាមរយៈការក្រសោបបានតំណែងតួឯករឿង “អាពាហ៍ពិពាហ៍ចៃដន្យ”។ ដោយសារសូលីកា នៅតែមានសម្រស់ទើបថៅកែហង្សមាស បានផ្តល់ឱកាសឱ្យនាងថតសំឡេងសាជាថ្មី តាមរយៈបទបើកឆាក “លេងសើចផ្លូវអារម្មណ៍” ដោយទទួលបានការគាំទ្រមធ្យម។

ព័ត៌មានបានឱ្យដឹងថា សូលីកា នឹងត្រូវលោកថៅកែហង្សមាស ផ្តល់តំណែងតួឯកសម្រាប់រឿងភាគ ថ្មីៗទៀតរបស់ក្រុមហ៊ុននេះ ប៉ុន្តែសូលីកា ចង់ច្រៀងជាងសម្តែង ហើយនៅពេលដែលប្អូនថ្លៃថៅកែ ហង្សមាស ឱក សុគន្ធកញ្ញា កំពុងតែពោះធំ៦ខែនេះ សូលីកា អាចនឹងក្តាប់ឱកាសនេះដណ្តើមភាពលេចធ្លោជាងនេះនៅហង្សមាស ជាមិនខាន ។
ប៉ុន្តែសូលីកា ពិបាកក្នុងការធ្វើព្យុះភ្លៀងនៅផលិតកម្មធំមួយនេះ ព្រោះហង្សមាស ហាក់ពេញចិត្ត ស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេក រ៉េត ស៊ូហ្សាណា ច្រើនជាងគេ។ ហេតុនេះហើយបានជាអ្នកជំនាញសិល្បៈបានលើកឡើងថា សូលីកា មិនមែនពិបាកតតាំងជាមួយទេព បូព្រឹក្ស ទេ ប៉ុន្តែនាងពិបាកយកឈ្នះលើស៊ូហ្សាណា ដែលមានលោកថៅកែគាំទ្រនាងជាងតារារួមទ្រនំផ្សេងៗទៀត។

ពេជ្រ សូលីកា នឹងកាន់តែបង្ហាញឱ្យទស្សនិកជនអស់សង្ស័យថែមទៀតជាមិនខាន ប្រសិនបើនាង ហ៊ានបណ្តើរប្រុសថ្មីកាត់ចិននោះជាចំហ ដែលនៅពេលនោះការដែលនាងថាមិនចង់ឱ្យគេភ្ជាប់ឈ្មោះលោកផ្កាយ២ ទៅរឿងនាងទៀតនោះនឹងត្រូវកាត់បន្ថយជាមិនខាន៕