តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញាចំរើន សុភ័ក្ត្រ បានបណ្តើរគូស្នេហ៍ជាចំហនៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីធ្លាយអ្នកចម្រៀងមាឌតូចសំឡេងធំ បានភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍ និងត្រៀមខ្លួនសម្រាប់តែពេលវេលាចូលរោងការក្នុងពេលឆាប់ៗនេះហើយ។

ប៉ុន្តែយ៉ាងណាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ និងជាអ្នករាំរបាំរូបនេះនៅតែមិនហ៊ានលាតត្រដាងពីអត្តសញ្ញាណរបស់គូស្នេហ៍ឡើយ បើទោះជាពេលនេះសកម្មភាពរបស់ពួកគេប្រៀបបានដូចជាប្តីប្រពន្ធទៅហើយក្តី។

ប៉ុន្តែមិត្តរួម អាជីពបានសរសើរពីចំរើន សុភ័ក្ត្រ ថា នាងពូកែរកសង្សារបានស័ក្តិសមគ្នាខ្លាំងណាស់ គឺពិតជាគូព្រេងពីអតីតជាតិរបស់ពួកគេមែន។

គួរបញ្ជាក់ថា ទោះជាចំរើន សុភ័ក្ត្រ មានទឹកដមសំឡេងក្រអួនក្រអៅមែន ប៉ុន្តែនាងមិនអាចដណ្តើមទីផ្សារចម្រៀងលេចធ្លោខ្លាំងនៅហង្សមាស ឡើយ ព្រោះតែផលិតកម្មនេះហាក់ប្រឹងលើកស្ទួយស្រីស្អាតរ៉េត ស៊ូហ្សាណា ច្រើនជាង ទើបធ្វើឱ្យសុភ័ក្ត្រ នៅទ្រឹង។

ទោះ ជាយ៉ាងណា តារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះ មានឱកាសចេញទៅច្រៀងសម្តែងនៅក្រៅស្រុក ដើម្បីរកលុយបន្ថែមទីផ្សារក្នុងស្រុក ដូចជាមុននេះ នាងបានចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី រយៈពេល១ខែជាមួយលោកព្រាប សុវត្ថិ ទៀតផង។

ដោយឡែក មុនបង្ហាញមុខអនាគតស្វាមីនេះ ចំរើន សុភ័ក្ត្រ ក៏បានទិញផ្ទះល្វែង១ជុងផងដែរ ដែលថវិកាទាំងនោះត្រូវបានគេបង្ហើបឱ្យដឹងថា នាងបានមកពីប្រាក់ចំណូលសិល្បៈ បន្ទាប់ពីមានឱកាសឈរជើងនៅហង្សមាស នេះតែម្តង។

តាមព័ត៌មានថា ចំរើន សុភ័ក្ត្រ ចង់ពន្យារពេលរៀបការ ព្រោះនាងចង់ពង្រឹងអាជីពចម្រៀងឱ្យបានរឹងមាំជាងនេះសិន ប៉ុន្តែគូដណ្តឹងរបស់នាងមិនព្រមឡើយ គឺចង់តែរៀបការឱ្យបានឆាប់ៗ ហេតុនេះហើយបានជាពួកគេអាចនឹងដឹកដៃគ្នាចូលរោងការនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ខាងមុខនេះ៕