Friday, September 19, 2025
Homeតារាខ្មែរភិន សុដាលីស រីករាយ "ណូលី ណូឡា" ត្រូវបានផ្សព្វផ្សាយនៅចិន ទោះមិនឈ្នះពាន

ភិន សុដាលីស រីករាយ “ណូលី ណូឡា” ត្រូវបានផ្សព្វផ្សាយនៅចិន ទោះមិនឈ្នះពាន

តារាសម្ដែងអ្នកនាងភិន សុដាលីស បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមមហោស្រពភាពយន្ដលើកទី៦ ដែលមានឈ្មោះថា “Silk Road Film Festival” ដែលធ្វើនៅខេត្តសៀងមិញ ប្រទេសចិន ហើយនាងនិងប្រតិភូមហាហង្ស បានមកដល់កម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២១ ខែតុលា។

អ្នកនាងភិន សុដាលីស បានឲ្យដឹងថា នាងនិងប្រតិភូមហាហង្ស ត្រូវបានទទួលការការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នករៀបចំកម្មវិធីជូនទៅមក មើលស្ដង់ពិព័រណ៌រឿង ”ណូលី ណូឡា” ដែលមហាហង្សទទួលបានសិទ្ធិតាំងបង្ហាញ ហើយជាការលើកមុខលើកមាត់ភាពយន្ដខ្មែរនៅលើឆាកអន្ដរជាតិ​បានមួយផ្នែកផងដែរ បើទោះជានាងមិនបានទទួលរង្វាន់ជាផ្លូវការណាមួយក៏ដោយ ប៉ុន្តែនេះជាការផ្សព្វផ្សាយភាពយន្ដខ្មែរដើម្បីឲ្យបរទេសបានទទួលស្គាល់ពីស្នាដៃខ្មែរដែរ។

នាងបន្តថា ប្រតិភូមហាហង្ស លោកភឹម តារាវិបុល និងលោកអ៊ិន សុភិន ត្រូវបានទូរទស្សន៍ និងអ្នកកាសែតចិន សម្ភាសន៍ផងដែរ ដែលនេះជាឱកាសដែលយើងបានផ្សព្វផ្សាយកុនខ្មែរនៅបរទេស ហើយនាងពិតជាមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់។

ដោយឡែក លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានបន្ថែមថា ទោះជាយើងមិនបានទទួលពានភាពយន្ដឆ្នើមប្រចាំមហោស្រពមែន ប៉ុន្ដែយើងទទួលបានការសរសើរច្រើនពីសំណាក់ទស្សនិកជន គណៈកម្មការ និងភ្ញៀវកិត្តិយសទាំងអស់ដែលចូលចូលរួមមហោស្រពនៅប្រទេសចិន នេះដោយសារតែរឿង ”ណូលី ណូឡា” បញ្ជាក់ពីតថភាពពីសង្គមខ្មែរ​បានច្រើន​ហើយពាក់ព័ន្ធតួសម្ដែង​និងបច្ចេកទេសថតវិញ​យើងមានស្ដង់ដាអន្ដរជាតិមួយ​ដែលគេអាចទទួលយកបាន។

រឿង​​ ”ណូលី ណូឡា” បញ្ចាំង២ដង គឺនៅថ្ងៃទី១៥និង១៩ខែតុលា រាល់ការបញ្ចាំងម្ដងៗ គឺទស្សនិកជនចូលមើលពេញៗ គឺការគាំទ្រកុនខ្មែរច្រើន ធ្វើឲ្យគេចាប់អារម្មណ៍កុនខ្មែរ ហួសពីការរំពឹងទុក ព្រោះគេមកមើលពេញៗសាល ហើយពេលទស្សនាចប់ពួកគាត់សុំថតរូប សុំចុះហត្ថលេខាជាមួយតារានិងប្រតិភូយើង ហើយអ្នកកាសែតចិនសុំសម្ភាសន៍ច្រើនមែនទែន ដែលធ្វើឲ្យយើងមានមោទនភាពចំពោះភាពយន្ដខ្មែរនៅលើឆាកអន្ដរជាតិនេះ។

គួរបញ្ជាក់ថា​ លោកអ៊ិន សុភិន បានដឹកនាំប្រតិភូមហាហង្ស ឡើងយន្ដហោះទៅចិន កាលពីថ្ងៃទី១៤ ខែតុលា ខណៈដែលកម្មវិធី “Silk Road Film Festival”​បានបើកនៅថ្ងៃទី១៥​និងបិទនៅថ្ងៃទី២០​ខែតុលា​ទើបលោកបានដឹកនាំប្រតិភូមហាហង្ស​មកដល់ស្រុកវិញ​កាលពីល្ងាចថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៩៕

RELATED ARTICLES