ភ្នំពេញ ៖ តារាស្រីមេម៉ាយកូនមួយ សុខ សោម៉ាវត្តី នៅទីបំផុតបានសារភាពពីចំណងស្នេហ៍៣ឆ្នាំ ជាមួយប្រុសក្មេងកីឡាករលី វ៉ាហេទ ដែលបានផ្តល់នូវការស្រលាញ់ថ្នាក់ថ្នមនិងភាពកក់ក្តៅដល់នាង ដោយនាងនឹកស្មានមិនដល់ថា មានមនុស្សប្រុសល្អបែបនេះមករួមដំណើរ និងកាន់ដៃមិនលែង ក្រោយពីនាងបានលែងប្តីជាមន្ត្រីប៉ូលិស ធ្លាក់ខ្លួនមេម៉ាយកាយរងាប៉ុន្មានឆ្នាំមកនេះ។

សុខ សោម៉ាវត្តី បានបង្ហោះរូបភាពទទួលទានអាហារល្ងាចដ៏រ៉ូមែនទិកជាមួយគូស្នេហ៍វ័យក្មេង លី វ៉ាហេទ ក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ជាមួយសំណេរសារភាពក្តីស្នេហ៍លែងលាក់លៀមថា “វាជាពេលវេលាដ៏មានន័យសម្រាប់ការផ្តល់ឱ្យមិនមែនត្រឹមតែជាពាក្យសំដី តែជាទង្វើការស្រលាញ់ ការថ្នាក់ថ្នមភាពកក់ក្តៅដែលឱ្យមនុស្សស្រីម្នាក់នេះនឹកស្មានមិនដល់ថា មានមនុស្សប្រុសល្អដូចបង មករួមដំណើរនិងកាន់ដៃអូនមិនលែងបែបនេះ”។

សោម៉ាវត្តី បន្ថែមថា “សង្ឃឹមថាការធ្វើល្អចំពោះអូនបែបនេះ ជាការពិតមិនមានលាក់លៀម ឬលាក់ពុត តែបើការធ្វើល្អចំពោះអូនបែបនេះ ជាការកុហក អ៊ីចឹងសុំឱ្យបងកុហក អូនតែ២០០០០ថ្ងៃទៀតបានហើយ … Ha-ppy anni… 3y babe”។

គួរបញ្ជាក់ថា សុខ សោម៉ាវត្តី បានលែងលះប្តីដែលជាមន្ត្រីប៉ូលិសផ្កាយ១ បន្ទាប់ពីរៀបការបានកូនស្រីម្នាក់ ឈ្មោះចាស្មីន។

ក្រោយពេលលែងប្តី មានព័ត៌មានចចាម អារ៉ាមលេចឮជាបន្តបន្ទាប់ថា មានមន្ត្រីធំ ឧកញ៉ាតាមសុំស្នេហ៍អ្នកមេម៉ាយកូនមួយឈ្ងុយដូចដូងដុតរូបនេះ រួមទាំងកីឡាករបាល់ទាត់ លី វ៉ាហេទ ផងដែរ តែវត្តី មិនដែលចេញមុខបកស្រាយបំភ្លឺរឿងនេះឡើយ ទើបតែមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នេះ ស្រាប់តែនាងបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយការសារភាពពីចំណងស្នេហ៍ជាមួយប្រុសក្មេង កីឡាករបាល់ទាត់លី វ៉ាហេទ ថា មានរយៈពេល៣ឆ្នាំទៅហើយ។

ការបង្ហាញនូវចំណងស្នេហ៍ ជាសាធារណៈនេះ អាចជាចេតនារបស់វត្តី ក្នុងការជម្រះមន្ទិលរឿងស្នេហ៍លេចឮកន្លងមក ក៏ដូចជាការ រាំងខ្ទប់បុរសផ្សេងៗដែលប៉ងចង់តាមថ្ពក់បេះដូងនាងឱ្យភ្លឺភ្នែក ប្រញាប់ដកថយ ព្រោះពេលនេះបេះដូងរបស់នាងមិននៅទំនេរទេ គឺមានម្ចាស់ស្នេហ៍ជាកីឡាករបាល់ទាត់វ័យក្មេង ឬសង្ហាមកគ្រប់គ្រងហើយ។

ទោះជាយ៉ាងណា សុខ សោម៉ាវត្តី មិនទាន់បញ្ជាក់ថានាងនឹងដឹកដៃប្រុសស្នេហ៍រៀបការលើកទី២ ឬយ៉ាងណានោះទេ ខណៈការទាក់ទងសុំយោបល់ពីនាងមិនបានសម្រេចទេ កាលពីម្សិលមិញ៕
