Friday, September 19, 2025
Homeតារាខ្មែរតារាសម្តែង អេតវីន សន្សំលុយរៀបការជាមួយប្រពន្ធថៅកែ LD?

តារាសម្តែង អេតវីន សន្សំលុយរៀបការជាមួយប្រពន្ធថៅកែ LD?

ជម្លោះរវាងតារាសម្តែងសាឡាត់ ស្រីឡាង និងអតីតប្រពន្ធថៅកែផលិតកម្ម LD ដែលមានឈ្មោះហ្វេសប៊ុកថា Panhchaka june កាន់តែក្តៅគគុកហើយ រហូតដល់លោកលៀក លីដា គ្រោងបើកសន្និសីទកាសែតធំដើម្បីបំភ្លឺរឿងស្រីស្អាតទាំង២ ច្បាំងគ្នាដណ្តើមលោកទៀតផង។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកនាង Panhchaka june បាននិយាយផ្តាំទៅសាឡាត់ ស្រីឡាង ថា រវាងនាងនិងអេតវីន ស្រលាញ់គ្នាខ្លាំងណាស់រហូតបែកគ្នា១វិនាទីមិនបានទេ ហើយពេលនេះ នាងកំពុងតែសន្សំលុយរៀបការជាមួយប្រុសសង្ហានោះទៀតផង។

អ្នកនាង Panhchaka june បានអះអាងថា “ខ្ញុំស្រលាញ់គាត់ (Edwin) ស្ទើរបែកគ្នាមួយថ្ងៃមិនបាន ពួកខ្ញុំខំរកលុយរៀងៗខ្លួន ដើម្បីរៀបការ”។

តាមរយៈការអះអាងរបស់អតីតប្រពន្ធថៅកែ LD នេះបញ្ជាក់ថា ចំណងស្នេហ៍ Edwin និងអ្នកនាង Panhchaka june ពិតជាឈានទៅរកជីវិតអាពាហ៍ពិពាហ៍មែន ព្រោះតែមុននេះពួកគេបង្ហាញស្នេហ៍ស្មោះជាចំហ ដោយបណ្តើរគ្នាទៅធ្វើបុណ្យនៅរដូវបុណ្យភ្ជុំបិណ្ឌកន្លងមកនេះទៀតផង។

ដោយឡែក សាឡាត់ ស្រីឡាង វិញ ក៏មិននៅស្ងៀមដែរ ព្រោះនាងបានបង្ហោះរូបកៀកកើយជាមួយ ថៅកែ LD ដើម្បីឱ្យអតីតប្រពន្ធថៅកែបានឃើញវិញដែរ។

គួរបញ្ជាក់ថា តារាសម្តែងយឹត មាសឧស្សាហ៍ ហៅ Edwin បានឡើងកូដនៅរយៈពេលចុងក្រោយនេះ ព្រោះឆក់បានតំណែងតួឯកក្នុងភាពយន្តធំៗ និងជាពិធីកររបស់ប៉ុស្តិ៍ទូរទស្សន៍ PNN ផងដែរ។

ប៉ុន្តែប្រុសសង្ហារូបនេះបែរជាមិនអាចគេចផុតពីអន្លង់ស្នេហ៍អ្នកមេម៉ាយកូន២ ដែលជាអតីតប្រពន្ធថៅកែ LD បានឡើយ ហើយកន្លងមកពួកគេធ្លាប់ធ្លាយរូបឱបថើបគ្នាយ៉ាងស្អិតល្មួត ធ្វើឱ្យទាំងក្នុង និងក្រៅសិល្បៈ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង។

ប៉ុន្តែពេលនេះអស់ការសង្ស័យទៀតហើយ ព្រោះថា អ្នកនាង Panhchaka june បានប្រកាសជាសាធារណៈច្បាស់ៗទៅហើយថា នាងនិងប្រុសសង្ហាកំពុងសន្សំលុយដើម្បីរៀបការនៅពេលខាងមុខនេះ។

អ្នកយកព័ត៌មានយើងព្យាយាមទាក់ទង លោក Edwin តាមទូរស័ព្ទជាច្រើនលើក តែទូរស័ព្ទតេមិនចូលឡើយ ទើបមិនអាចសុំការបំភ្លឺពីរឿងលោកត្រៀមដឹកដៃអតីតប្រពន្ធថៅកែ LD រៀបការនោះទេ៕

RELATED ARTICLES