តារាចម្រៀងផលិតកម្មថោន អ្នកនាងសុន ស្រីពេជ្រ បានរៀបការដូចបំណងជាមួយស្វាមី លោកតិច សុខដា កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដែលកម្មវិធីជប់លៀងធ្វើនៅអាគារ E បុរីពិភពថ្មីសែនសុខ រាជធានីភ្នំពេញ នោះ គេឃើញមានតារាល្បីៗដែលរួម អាជីពជាមួយស្រីពេជ្រ បានមកចូលរួមជាបន្តបន្ទាប់ ដើម្បីអបអរកូនក្រមុំដែលមានកូន១ ទើបរៀបការនេះ។

សុន ស្រីពេជ្រ បានថ្លែងថា “ខ្ញុំរីករាយខ្លាំងណាស់ដែលបានរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវនៅពេលនេះ ហើយរៀបចំ៨៥តុ ក្នុងនោះខ្ញុំបានហៅតារាសិល្បករ៧០% ហើយភ្ញៀវខាងក្រៅសិល្បៈ៣០%”។

ស្រីពេជ្រ បន្តថា “ខ្ញុំបានស្គាល់ប្តីខ្ញុំ៥ឆ្នាំហើយ តែទើបស្រលាញ់គ្នាបាន២ឆ្នាំទេ។ ចំពោះមូលហេតុដែលខ្ញុំសម្រេចចិត្តរៀបការ ជ្រើសយកគាត់ជាគូអនាគត ដោយសារតែគាត់ស្រលាញ់ក្រុមគ្រួសារចាស់ទុំទាំងសងខាងដូចគ្នា។ ឥឡូវកូនស្រីខ្ញុំអាយុបាន៨ខែហើយ អ៊ីចឹងទាល់តែ៣ឆ្នាំទៀត ទើបខ្ញុំយកកូនថែម”។

ដោយឡែក ស្វាមីរបស់សុន ស្រីពេជ្រ មិនសូវចេះនិយាយច្រើនជាមួយអ្នកកាសែតទេ គ្រាន់តែលោកថា អ្វីដែលភរិយាលោកនិយាយ រូបលោកក៏គិតដូចគ្នាដែរ។

ចំពោះស្រីពេជ្រ វិញ អះអាងថា ពេលនេះនាងមិនទាន់មានគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅទីណាឡើយ ប៉ុន្តែនាងបន្តអាជីពសិល្បៈដូចមុនដដែល។

គួររំលឹកថា សុន ស្រីពេជ្រ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ធ្លាប់បានភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ជាមួយលោកទាវ វិសាល ដែលជាមន្ត្រីបម្រើការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ប៉ុន្តែបានប្រេះឆាស្នេហ៍កាលពីឆ្នាំ២០១៦ ទើបស្រីពេជ្រ ងាកមកភ្ជាប់ស្នេហ៍ ថ្មីជាមួយលោកតិច សុខដា ហើយបានរៀបការដោយជោគជ័យក្រោយមានកូនស្រី១៕