ម៉ូលីកា ដែលខានជិះរថយន្ដសំណព្វចិត្តម៉ាក Range Rover 2015 ពណ៌ស រយៈពេល១៨ថ្ងៃ ក្រោយជួបឧបទ្ទវហេតុអាក្រក់ត្រូវក្មេងប្រុសអាយុ១៣ឆ្នាំ បើកម៉ូតូដឹកលៀសហាលបុកខ្ទេចចំហៀងខាងស្ដាំ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនាងគ្មានទាមទារសំណឹង១សេននោះ។

ពេលនេះអតីតតារាចម្រៀងផលិតកម្ម Rock បានយករថយន្ដរបស់នាងមកវិញហើយ កាលពីថ្ងៃទី២៦ ខែតុលា ក្រោយជួសជុសអស់ទឹកប្រាក់ខ្ទង់៧ពាន់ដុល្លា។

អ្វីដែលប្លែក គឺម៉ូលីកា បានប្រែពីគ្រោះមកជាលាភ ព្រោះនាងថ្លែងសារថា គ្រាន់តែយករថយន្ដមកដល់ហាងវិញភ្លាម អាជីវកម្មនៅហាង ”អិនខេ មូលិកា ប៊ីយូធី ត្រឌីង ឯ.ក” របស់នាងដំណើរការកាន់តែរលូន លក់ផលិតផលដាច់កាន់តែខ្លាំង ១គុណនិង១០ឯណ្ណោះ។

ប៉ុន្ដែនៅពេលត្រូវសួរថា តើកញ្ញាម៉ូលីកា គ្រោងនឹងជិះរថយន្ដទំនើបនេះយូរអង្វែងតទៅទៀត ឬយ៉ាងណានោះ?

ថៅកែស្រីរូបនេះនិយាយថា នាងនឹងប្ដូររថយន្ដក្នុងពេលឆាប់ៗខាងមុខនេះហើយ ប៉ុន្តែម៉ូលីកា មិនបញ្ជាក់ថា នាងត្រូវលក់រថយន្ដនោះចេញតម្លៃប៉ុន្មាន? ហើយប្រឈមការខាត ប្រាក់ប៉ុន្មានឡើយ ខណៈដែលរថយន្ដ Range Rover 015 នោះ នាងទើបទិញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នូវតម្លៃ១៥ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ម៉ូលីកា បានផ្អាកអាជីពចម្រៀងមកពង្រឹងមុខជំនួញហាងរក្សាសម្រស់ ដែលចំណាយទុនរហូតដល់ទៅ១០ម៉ឺនដុល្លារ ក្រោយពេលនាងផ្ដើមមានទុនត្រឹម៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាម Online។

ទោះជាយ៉ាងណា ម៉ូលីកា ថា នាងមិនបោះបង់អាជីពចាស់ទេ ហើយនៅពេលខាងមុខនេះ នាងនឹងត្រៀមចេញបទចម្រៀងដែលចំណាយលុយធ្វើដោយខ្លួនឯង។ ក្រៅពីទិញបានរថយន្ដទំនើប Range Rover នោះ ម៉ូលីកា ក៏មានរថយន្ដទំនើបមួយគ្រឿងទៀត ម៉ាកLexus Rx 450h តម្លៃជាង៧ម៉ឺនដុល្លារផងដែរ។

នាងជាអ្នកលក់តាម Online ម្នាក់ ដែលជោគជ័យខ្លាំង ហើយត្រូវបានមហាជនចាត់ទុកថាជាថៅកែស្រីរូបស្អាត និងចិត្តល្អម្នាក់ ព្រោះកន្លងមក ម៉ូលីកា បានបង្ហាញទឹកចិត្តសប្បុរសធម៌ជួយដល់អតីតបេក្ខភាព X Factor Cambodia កញ្ញាលៀង ចាន់ឡា នូវទឹកប្រាក់៥០០ដុល្លា និងតារាជើងចាស់អ៊ឹម ផល្លា នូវទឹកប្រាក់៥០០ដុល្លារផងដែរ នៅពេលដែលតារាទាំង២ជួបបញ្ហាទាល់ច្រកជីវភាពលំបាកដូចគ្នា។

ដោយឡែក ការមិនទាមទារប្រាក់សំណងពីក្រុមគ្រួសារក្មេងប្រុសបើកម៉ូតូដឹកលៀសហាល កៀរឡាននាងខ្ទេចមួយចំហៀងខាងស្ដាំនោះ រឹតតែធ្វើឲ្យអតិថិជនរបស់ហាងនាងគាំទ្រ និងសរសើរនូវទឹកចិត្តតារាចម្រៀងរូបនេះថែមទៀតថា កម្ររកបាន អីចឹងហើយបានជានាងកាក់កបតាំងពីរកស៊ីមានតែលុយត្រឹម៣០០ដុល្លារ រហូតឈានដល់បើកហាងតម្លៃ១០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបៗជិះដូចពេលនេះ៕


