គ្រងឈុតហូលខ្មែរដែលតំណាងអត្តសញ្ញាណរបស់ជាតិ ច្នៃដោយហាងដាណាម៉ាកាត់ដេរ ហើយក្នុងដៃកាន់កាបូបតំណាងឲ្យប្រេន Mudhita Gs-2113 នោះ ពិធីការិនីឌួង ហ្សូរីដា ដែលធ្លាប់ជាប់ពានគ្រងសម្លៀកបំពាក់ពាក់ប្រពៃណីខ្មៃរសមជាងគេកាលពីឆ្នាំ២០១៣នោះ បានបង្ហាញអារម្មណ៍សប្បាយរីករាយចិត្តខ្លាំងណាស់ នៅពេលដែលក្រុមហ៊ុននាងត្រូវបានទួលពានដល់ទៅ២នៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ពានដែលឌួង ហ្សូរីដា ទទួលបាននោះត្រូវបានពិធីការិនីរូបនេះ ប្រាប់ថា មាន២ប្រភេទ គឺទី១. Achievement Award 2019 ប្រេន Mudhita GS-2113 និងទី២. Standardization Products Award 2019 N27 Brand។

ឌួង ហ្សូរីដា បានឲ្យដឹងទៀតថា នេះជាពានរង្វាន់កិត្តិយសដល់បុគ្គលឆ្នើម ជាថ្នាក់ដឹកនាំល្អភារកិច្ចគ្រប់មុខជំនួញ និងពានកិត្តិយសផលិតផលមានគុណភាពល្អល្បីឈ្មោះបំផុត សម្រាប់ឆ្នាំ២០១៩។

នាងបន្តថាមានកិត្តិយសខ្លាំងណាស់ដែលក្រុមហ៊ុននៅថៃជាអ្នករៀបចំកម្មវិធីនេះឡើងហើយនាងនិងប្អូនស្រីបានទទួលពានទាំង២ពីឯកឧត្តមសេនីយ៍ជិកសាក់ ចេរិនសម្បត្តិ ជាអ្នកប្រគល់ជូនដោយផ្ទាល់តែម្ដង។

ពិធីការិនីរូបនេះបន្ថែមថា នាងអារម្មណ៍រំភើប និងមោទនភាពដែលក្រុមហ៊ុននាងបានពាននៅពេលនេះ។ នាងថែមទាំងសន្យាថានឹងបន្ដការផលិតបន្ថែមនូវផលិតផលមានគុណភាពជាច្រើនទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ពិធីការនីរូបនេះក៏អះអាងថាការឈ្នះពានទាំង២នោះគឺដោយសារតែអតិថិជនទាំងអស់បានគាំទ្រគ្រប់ផលិតផលទាំងអស់របស់ហាងមុទិតា នៃក្រុមហ៊ុន Mudhita Trading Co.LTD។ ដោយសារតែផលិតផលទាំងអស់របស់ក្រុមហ៊ុននាង មានគុណភាពតាមស្ដង់ដារហើយមានវិញ្ញាបនបត្រពីក្រសួងពាណិជ្ជកម្ម និងសុខាភិបាលត្រឹមត្រូវ ហេតុនេះហើយបានជាត្រូវបានគេប្រគល់ពានខាងលើឲ្យ។

ឌួង ហ្សូរីដា បានងាកមកបុកផ្នែកជំនួញក្រៅពីសិល្បៈដោយបើកហាងរក្សាសម្រស់ខាងលើនេះរយៈពេល៣ឆ្នាំមកហើយទើបមានឱកាសលូកកាន់តែជ្រៅក្នុងការលក់ផលិតផលផ្នែក Cosmetic នេះ។

ហ្សូរីដា ជាអ្នកគ្រប់គ្រប់គ្រងក្រុមហ៊ុន Mudhita Trading Co.LTD ដែលមានផលិតផល Mudhita Gs-2113 ចំណែកប្អូនស្រីនាង កញ្ញាឌួង ហ្សូរីម៉ា ជាអ្នកដឹកនាំក្រុមហ៊ុនMudhita Trading Co.Ltd ដែលមានផលិតផល N27 Brand។ អ្នកទាំងពីរបានឈ្នះពានរៀងៗខ្លួន ហើយរយៈពេលចុងក្រោយនេះគេឃើញទាំងហ្សូរីដា និងហ្សូរីម៉ា រយាលពីការងារសិល្បៈកាន់តែខ្លាំង ដោយសារផ្ដោតលើមុខជំនួញក្រៅសិល្បៈនេះ។

ប៉ុន្ដែទាំងហ្សូរីដា និងប្អូនស្រី នៅតែមិនបោះបង់អាជីពសិល្បៈឡើយ ដោយពេលនេះពួកគេគ្រាន់តែចង់ឆក់ក្ដាប់ឱកាសពង្រឹងមុខរបរក្រៅសិល្បៈឲ្យរឹងមាំសិនប៉ុណ្ណោះ ព្រោះតែអាជីពសិល្បៈមិនថិតថេរឡើយ៕



