Friday, September 19, 2025
Homeតារាខ្មែរម៉េង កែវពេជ្ជតា-ចន ច័ន្ទលក្ខិណា ត្រូវគ្នាវិញ គ្រាន់តែជាការសម្តែង?

ម៉េង កែវពេជ្ជតា-ចន ច័ន្ទលក្ខិណា ត្រូវគ្នាវិញ គ្រាន់តែជាការសម្តែង?

អ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ធ្លាប់ឈ្លោះគ្នាតាមបណ្តាញសង្គមកក្រើកពេញផ្ទៃប្រទេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអ្នកនាងពេជ្ជតា បានហៅអ្នកនាងលក្ខិណា ថា “ទេពអប្សរចិត្តព្រាយ” ទៀតផង ប៉ុន្តែពេលនេះ អ្នកទាំងពីរបានបង្ហាញសញ្ញាវិលមករកត្រូវរ៉ូវគ្នាវិញហើយ។

អ្នកនាងម៉េង កែវពេជ្ជតា និងអ្នកនាងចន ច័ន្ទលក្ខិណា

មហាជនជាច្រើនបានស្រឡាំងកាំងនៅពេលដែលអ្នកនាងពេជ្ជតា និងលក្ខិណា ថតរូបកៀកកើយគ្នានៅថ្ងៃមង្គលការតារាចម្រៀងសុន ស្រីពេជ្រ នៅបុរីពិភពថ្មីសែនសុខ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នោះ ដោយតារាទាំង២ឈរកៀកកិតគ្នាដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។

ភ្ញៀវដែលបានចូលរួមមង្គលការ ព្រមទាំងមហាជនជាច្រើនដែលបានឃើញរូបភាពនោះ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលរហូតដល់អ្នកខ្លះស្រឡាំងកាំងតែម្តងព្រោះថាកាលពីចុងឆ្នាំ២០១៧នោះ ពួកគេឈ្លោះគ្នាបែកផ្សែង ស្រាប់តែរំលងបាន២ឆ្នាំគត់ អ្នកទាំង២បែរជាមកថត Selfie ជាមួយគ្នាវិញ រហូតដល់មានអ្នកខ្លះបានលើកឡើងថា តើនេះគ្រាន់តែជាការសម្តែង ឬមួយក៏ត្រូវរ៉ូវគ្នាពិតប្រាកដចេញពីបេះដូងមែន ?

តាមព័ត៌មានថា ក្រោយអ្នកនាងម៉េង កែវពេជ្ជតា ថតរូបជាមួយចន ច័ន្ទលក្ខិណា ហើយអ្នកទាំងពីរមិនបាននិយាយចូលគ្នាច្រើនទេ គឺគ្រាន់តែសួរសុខទុក្ខតិចតួច និងញញឹមដាក់គ្នាប៉ុណ្ណោះ។

ចំណែកតារានៅជិតតារាទាំងពីរបានខ្សឹបខ្សៀវគ្នាថា “ម៉េង កែវពេជ្ជតា ត្រូវគ្នាជាមួយចន ច័ន្ទលក្ខិណា វិញហើយ ! ជយោ !”។

ម៉េង កែវពេជ្ជតា បានបង្ហាញខ្លួនចូលរួមកម្មវិធីមង្គលការអ្នកនាងសុន ស្រីពេជ្រ នោះ គឺទៅតែម្នាក់ឯង អត់មានបណ្តើរគូស្នេហ៍ថ្មីទៅបង្អួតគេដូចតារាផ្សេងៗទៀតឡើយ។

ចំណែកអ្នកនាងចន ច័ន្ទលក្ខិណា វិញ បានបណ្តើរម្ចាស់ចិត្តថ្មី លោកហេង ឡុង ទៅចូលរួម ធ្វើឱ្យ តារារួមអាជីពជាច្រើនបានសួរនាំពីពេលវេលាដែលអ្នកទាំងពីរក្រាបផ្ទឹមជាមួយគ្នា ប៉ុន្តែទាំងអ្នកនាងលក្ខិណា និងលោកឡុង មិនបានបញ្ជាក់ថ្ងៃពួកគេរៀបការឡើយ។

ដោយឡែក ការវិលមកត្រូវរ៉ូវគ្នាវិញរបស់អ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា នៅពេលនេះ ជាសញ្ញាល្អមួយដែលតារារួមអាជីពចាត់ទុកថា “ក្រោយភ្លៀងមេឃស្រឡះ” ហើយគេជឿថា អ្នកទាំងពីរនឹងគ្មានគំនុំអ្វីជាមួយគ្នាឡើយ ព្រោះថាកំហឹងដែលក្តៅងំកាលពី២ឆ្នាំមុនទាំងប៉ុន្មាន ត្រូវបានបន្សាបត្រឹមថ្ងៃដែលអ្នកទាំង២ព្រម ញញឹមនិងថតរូបកៀកកើយគ្នាវិញនៅពេលនេះ។

អ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា មិនធ្វើអត្ថាធិប្បាយប្រាប់អ្នករួមអាជីពឱ្យបានដឹងពីការដែលអ្នកទាំង២ វិលមករកភាពល្អូកល្អិនសាជាថ្មីនេះវិញឡើយ។

ប៉ុន្តែ តាមប្រភពថា ស្វាមីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា គឺលោកហេង ឡុង បានដើរតួនាទីយ៉ាង សំខាន់ក្នុងការផ្សះផ្សាឱ្យតារាទាំង២ លែងពាក់មុខយក្សដាក់គ្នាទៀត ហើយលោកឡុង ថែមទាំងចង់ឱ្យប្រពន្ធលោកចាប់ដៃអ្នកនាងពេជ្ជតា បម្រើសិល្បៈរួមគ្នាទៀតផង។

ប៉ុន្តែគេមិនទាន់ដឹងថា ក្រោយពេលអ្នកនាងម៉េង កែវពេជ្ជតា ព្រមថតរូបនិងបង្ហាញភាពស្និទ្ធស្នាលជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ហើយពួកគេកាន់តែវិលខិតមករកគ្នាតាមរយៈកម្មវិធីផ្សេងៗទៀត ឬមួយក៏ថតជាមួយគ្នាតែម្តង ហើយក៏លែងនិយាយរកគ្នានៅកម្មវិធីផ្សេងៗទៀតវិញ?៕

RELATED ARTICLES