តារាកូន១ ភិន សុដាលីស អាចនឹងពិបាកប្រឈមតិចតួចនៅពេលដែលមិត្តរួមអាជីព សុទ្ធតែទទួលបានសំបុត្រការពីអតីតប្តីរបស់នាង គឺលោកប៉ែន ចំរ៉ុង ដែលត្រូវដឹកដៃប្រពន្ធថ្មី កញ្ញាហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ នៅមជ្ឈមណ្ឌុលដឺព្រេមៀរ សេនធឺរ សែនសុខ រាជធានីភ្នំពេញ។ ខណៈដែលដាលីស ផ្ទាល់វិញ មិនត្រូវបានឪពុករបស់កូនស្រីនាងហៅញ៉ាំការដូចតារាផ្សេងៗទៀតឡើយ។

ប៉ុន្តែនៅពេលដែលថ្ងៃរៀបការអតីតប្តីខិតជិតមកដល់នេះ ភិន សុដាលីស ដែលជាកូនស្រីរបស់ថៅកែផលិតកម្មមហាហង្ស បែរជាគ្មានប្រតិកម្មបង្ហាញការភ្ញាក់ផ្អើលចំពោះការចាប់អារម្មណ៍មង្គលការរបស់ប្តីចាស់នោះទេ តែរយៈពេលចុងក្រោយនេះ ដាលីស បែរជាមានទឹកមុខក្រៀមស្រពោនជាងមុន ហើយនាងព្យាយាមគេចចេញពីការសម្ភាសន៍និងថតរូបរបស់អ្នកសារព័ត៌មាន ដោយនិយាយខ្លីថា “ខ្ជិលនិយាយឬខ្ជិលថត”ទៅវិញ។

ការប្រែប្រួលបែបនេះរបស់សុដាលីស ត្រូវបានអ្នកសិល្បៈដែលជិតស្និទ្ធដាលីស បង្ហើបឱ្យដឹងថា មកពីតារាកូន១រូបនេះខ្លាចអ្នកកាសែតសួរនាំរឿងអតីតប្តីត្រៀមរៀបការចោល ហេតុនេះហើយបានជានាងគេចអ្នកកាសែតតែម្តងទៅ។

គួរបញ្ជាក់ថា ភិន សុដាលីស បានភ្ជាប់ស្នេហ៍ជាមួយប៉ែន ចំរ៉ុង ដោយផ្ទុះសង្គ្រាមជាមួយឪពុកនាង លោកអ៊ិន សុភិន ទាំងចម្រូងចម្រាស រហូតចុងក្រោយ ដាលីស និងចំរ៉ុង ចែកផ្លូវគ្នា ហើយពេលនេះ ដាលីស បន្សល់តំណក់ឈាមចំរ៉ុង នូវកូនស្រីម្នាក់ឈ្មោះ Katherina អាយុជាង២ឆ្នាំ។

ដោយសារចងកំហឹងជាមួយប៉ែន ចំរ៉ុង ទើបដាលីស មិនអនុញ្ញាតឱ្យចំរ៉ុង ជួបមុខកូនស្រីដោយ ផ្ទាល់ជាដាច់ខាត បើទោះជាអតីតប្តីអន្ទះសាចង់បីប្រលែងលេងកូនស្រីដូចកូនគេដទៃទៀតយ៉ាងណា ក៏នាងមិនព្រមឱ្យកូនជួបមុខអតីតប្តីដែរ ហេតុនេះហើយបានជាធ្វើឱ្យចំរ៉ុង តូចចិត្ត ហើយក៏សម្រេចចិត្តដឹកដៃនាងម៉ាណេ រៀបការនៅពេលនេះតែម្តង។

ប្រភពបានឱ្យដឹងថា អំឡុងពេលដែលដាលីស ត្រូវអតីតប្តីត្រៀមរៀបការប្រពន្ធថ្មីចោលនេះ នាងវិញ ក៏មិនមែនទុកបេះដូងឱ្យនៅទំនេរដែរ គឺមានម្ចាស់ចិត្តថ្មីទៀតហើយ គ្រាន់តែមិនទាន់បង្ហាញជាសាធារណៈប៉ុណ្ណោះ។

ភិន សុដាលីស ក្រោយកូនស្រីរបស់នាងកាន់តែធំធាត់នេះ នាងបានវិលត្រឡប់មករកអាជីពចាស់វិញ តាមរយៈការលើកស្ទួយពីឪពុករបស់នាងដែលជាថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ឱ្យដាលីស គ្រងតំណែងតួឯកជាថ្មី ដូចជាថ្មីៗនេះនាងក្លាយទៅជាតួឯករឿង “លោកឪពុក” និងទើបហោះមកពីស្រុកចិន តាមរយៈការយករឿង “ណូលីណូឡា”ទៅចូលរួមកម្មវិធី Silk Road Film Festival តែដាលីស ដែលជាតួឯករឿងនោះ មិនបានពានអ្វីមួយឡើយ។

យ៉ាងណា តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ គេកត់សម្គាល់ថា ដាលីស ដែលឡើងគីឡូជ្រុលក្រោយមានកូន១នោះ ពេលនេះនាងចាប់ផ្តើមប្រឹងសម្រកទម្ងន់បានរាងស្វែលជាងមុនបន្តិចហើយ ដែលមិត្តរួមអាជីពបានលាន់មាត់ថា នាងស្អាតមិនចាញ់កាលនៅក្រមុំទៀតផង។

អ្នកមេម៉ាយកូន១រូបនេះ ក៏ត្រូវបានកន្លង់ទាំងក្នុងនិងក្រៅសិល្បៈលង់នឹងសម្រស់នាងដែរ ពិសេស កន្លងមកធ្លាប់លេចឮថា កីឡាករបាល់ទាត់រូបសង្ហាមួយចំនួនបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងទៀតផង។ ប៉ុន្តែដាលីស មិនហ៊ានបណ្តើរគូស្នេហ៍ថ្មីជាសាធារណៈដូចអតីតប្តីឡើយ គឺព្យាយាមបិទបាំងជានិច្ច ខណៈដែលមានដំណឹងថា បុរសខ្មែរនៅអាមេរិកម្នាក់ធ្លាប់បង្ហាញភាពស្និទ្ធស្នេហ៍ជាមួយនាងដែរ។

ទោះជាយ៉ាងណា គេជឿថា ភិន សុដាលីស នឹងអាចប្តូរចិត្តលែងលាក់បាំងស្នេហ៍ថ្មីតទៅទៀតមិនខាន ក្រោយពេលដែលនាងត្រូវអតីតប្តីត្រៀមរៀបការប្រពន្ធថ្មីចោលនេះ ព្រោះដើម្បីកុំឱ្យចាញ់ប៉ែន ចំរ៉ុង ដាច់ខាត ដាលីស ត្រូវតែហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីជាចំហនឹងត្រូវតែរៀបការជាសាធារណៈវិញ ទើបអាចស្តារមុខមាត់ឡើងវិញបាន៕