តារាចម្រៀងពិការភ្នែក យឿន ពិសី ដែលជាម្ចាស់ពាន Cambodia Got Talent រដូវកាលទី១នោះ ហាក់ត្រូវបានផលិតកម្មរស្មីហង្សមាស បំភ្លេចចោល ព្រោះទ្រនំធំនេះមិនបានធ្វើបទចម្រៀងឱ្យពិសី ច្រៀងឬឱ្យឡើងប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួនញឹកញាប់ទេ ក្រោយពីហង្សមាស ប្រមូលបានតារាកាន់តែច្រើនទៅៗឡើងជាន់ជើងគ្នា។

ដោយឡែក បំណងប្រាថ្នាដែលពិសី ចង់មានបទចម្រៀងផ្ទាល់ខ្លួន ហើយសង្ឃឹមថា ហង្សមាស នឹងនិពន្ធបទចម្រៀងឱ្យច្រៀងនោះក៏ប្រឈមបរាជ័យផងដែរ ព្រោះ ពេលនេះ ពិសី ថា មិនមានបទចម្រៀងច្រៀងទេ ប៉ុន្តែរូបគេក៏មិនអាក់អន់ស្រពន់ចិត្តជាមួយហង្សមាស នោះឡើយ។

យឿន ពិសី ថ្លែងថា “ខ្ញុំអត់សូវបានឡើងប៉ុស្តិ៍ហង្សមាស ទេ ពេលនេះ ហើយក៏គ្មានបទចម្រៀងនៅហង្សមាស ដែរ។ ខ្ញុំមិនអន់ចិត្តហង្សមាស ទេ ព្រោះឥឡូវគាត់មានតារាច្រើនដែរ។ ខ្ញុំមានតែអរគុណគាត់ដែលបានជួយខ្ញុំកន្លងមក”។

ទោះជាមិនមានឈ្មោះល្បីរន្ទឺដូចពេជ្រ ថៃ និងឡុង លីគ័ង្គ មែន ប៉ុន្តែយឿន ពិសី អះអាងថា ពេលនេះតម្លៃខ្លួនរបស់គេចេញច្រៀងតាមបណ្តាកម្មវិធីផ្សេងៗនោះ គឺស៊ីថ្លៃ២៥០ដុល្លារ ទើបធ្វើឱ្យប្រាក់ចំណូលនិងជីវភាពរបស់គេគ្រាន់បើជាងមុន។

ចំណែកភ្នែកពិការបស់គេវិញ ពេលនេះមើលឃើញច្បាស់ជាងមុនហើយ ថែមទាំងអាចឡើងឆាកបានដោយខ្លួនឯងទៀតផង។

យឿន ពិសី អះអាងថា “ខ្ញុំច្រៀង១កម្មវិធីស៊ីថ្លៃ២៥០ដុល្លារ តាមកម្មវិធីផ្សេងៗ។ តែមិនបានចេញច្រៀងញឹកញាប់ទេ គឺយូរៗចេញច្រៀងម្តងដែរ។ ចំណែកភ្នែករបស់ខ្ញុំវិញបានល្អជាងមុន ព្រោះអាចមើលជិតៗឃើញខ្លះ ហើយខ្ញុំអាចឡើងឆាកបានដោយខ្លួនឯងហើយ”។

យឿន ពិសី ថា ពេលនេះរូបគេផ្អាកការសុំគេច្រៀងតាមហាងមួយចំនួននៅខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់គេនោះហើយ គឺកំពុងរកហាងណាដែលហៅគេច្រៀង ហើយឱ្យប្រាក់ខែតែម្តង ទើបរូបគេទៅធ្វើការយប់វិញ៕