តារាសម្តែងម៉ាក សែនសូនីតា បានសាងស្នេហ៍ដោយរួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយពោះម៉ាយ លោកប៉ុល វិបូរ ហៅនីត ហើយថ្មីៗនេះ មានព័ត៌មានថា គូស្នេហ៍ខុសវ័យនេះត្រៀមចែកសំបុត្រការទៀតផង។

ប៉ុន្តែដំណឹងនេះ ត្រូវបានតូតា ច្រានចោល ដោយនាងថា មិនទាន់ដល់វេលាក្រាបផ្ទឹមក្នុងពេលឆាប់ៗនេះទេ ព្រោះប្រឹងរកស៊ីសិន ទើបគិតគូររឿងចូលរោងការតាមក្រោយ។
ការស្ទាក់ស្ទើររឿងលាភាពនៅលីវរបស់តូតា នៅពេលនេះ ត្រូវបានគេសង្ស័យថា នាងនៅអាល័យប្រុសក្មេង ទឹម នីដា បើទោះជាមុននេះ ទឹម រដ្ឋា បានអះអាងថា ប្អូនប្រុសនាងមិនដែលនឹកនាដល់តូតា ទៀតក្តី…។

ម៉ាក សែនសូនីតា ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់តារាសិល្បកររួមអាជីពនិងមហាជនមួយចំនួន ក្រោយពេលដែលលេចឮដំណឹងថា នាងបានបណ្តើរគូស្នេហ៍ថ្មី លោកប៉ុល វិបូរ ហៅនីត ទៅបោះធៀបការ ហើយសម្រិតសម្រាំងហៅភ្ញៀវឱ្យស៊ីការនាងសុទ្ធតែជាតារាល្បីទាំងអស់។

ប៉ុន្តែភ្លាមៗនេះ តូតា បែរជាប្រកែកចំពោះរឿងនេះ ហើយនាងនិយាយបែបស្ទាក់ស្ទើរចំពោះមង្គលការរបស់នាងជាមួយលោកនីត ទៅវិញ ទើបធ្វើឱ្យមានការសង្ស័យថា ស្រីស្អាតតូតា ពន្យារពេលរៀបការដោយសារតែនាងនៅមិនដាច់អាល័យពីសង្សារចាស់ គឺប្រុសក្មេងទឹម នីដា ដែលពួកគេបានចែកផ្លូវគ្នាដោយសារតែលោកនីត ចូលជ្រៀតជ្រែកស្នេហ៍ ធ្វើឱ្យនីដា ខ្ទាតចេញពីស្រីស្អាត និងឈឺបេះដូងគ្មានអ្វីមកថ្លាថ្លែងបានឡើយ។

អ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទទៅតូតា ជាច្រើនលើក ប៉ុន្តែនាងថា ជាប់រវល់មិនអាចនិយាយបាន ហើយចុងក្រោយចុចផ្តាច់ទូរស័ព្ទតែម្តង ទើបមិនអាចសុំការបញ្ជាក់ពីការលុបចោលមង្គលការជាមួយលោកនីត ឡើយ។

ទោះជាយ៉ាងណា កន្លងមក តារាសម្តែងទឹម រដ្ឋា បានប្រាប់ថា ពេលនេះ ប្អូនប្រុសនាងមិននៅអាឡោះអាល័យដល់តូតា ទៀតទេ ក្រោយពេលគេឈឺចាប់ បំផុត ព្រោះត្រូវតូតា ផ្តាច់ស្នេហ៍ទាំងមិនអស់ចិត្តនោះ។
រដ្ឋា ថែមទាំងឆ្ងល់ថា ហេតុអីបានជាតូតា បែកពីប្អូននាងសោះ ប៉ុន្តែបែរជាឥឡូវលែងនិយាយចូលនាង?

ម៉ាក សែនសូនីតា បានងាកទៅភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្ម Angkor Pucture ហើយមិនត្រឹមតែធ្វើឱ្យប្រុសក្មេងទឹម នីដា ចុកឈាមតែម្នាក់នោះទេ ប៉ុន្តែនៅមានប្រុសជាច្រើនទៀតដែលខកស្នេហ៍ស្រីស្អាតរូបនេះ។

អ្នកសិល្បៈជាច្រើនបាននិយាយថា តូតា ពិតជាមិនធម្មតាមែន ព្រោះគ្រាន់តែផ្តាច់ស្នេហ៍ប្រុសក្មេងភ្លាម មានលុយមិនចាញ់សេដ្ឋិនីឡើយ អ៊ីចឹងហើយបានជានាងត្រូវប៉ាន់ពេករហូតលុបចោលគម្រោង ដឹកដៃថៅកែផលិតកម្មចូលរោងការ ដែលដំណឹងនេះប្រាកដជាធ្វើឱ្យមន្ត្រីធំៗដែលចង់ប្រជែងយកបេះដូងតូតា នឹងជ្រួលជ្រើមតាមសាសងស្នេហ៍ស្រីស្អាតរូបនេះជាថ្មីមិនខាន៕