តារាចម្រៀងកូន២ អ្នកនាងយក់ ថិតរដ្ឋា បានទម្លាយថា នាងមានជំងឺបេះដូងជាង១០ឆ្នាំមកហើយ និងធ្លាប់ធ្វើទុក្ខរហូតដួលសន្លប់ជាញឹកញាប់ទៀតផង។ ទោះជាយ៉ាងណា រដ្ឋា ថា ជំងឺនេះមិនបានឃាត់ដំណើរនៃអាជីពចម្រៀងរបស់នាងបាននោះទេ…។

យក់ ថិតរដ្ឋា កើតជំងឺបេះដូងតាំងពីមុននាងរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត ម៉្លេះ ប៉ុន្តែក្រោយមានប្តីនិងកូន២មក នាងថា មិនសូវដួលសន្លប់ញឹកញាប់ដូចមុនទេ ប៉ុន្តែនាងនៅតែមិនហ៊ានហាត់ប្រាណខ្លាំងៗឬរាំបទចម្រៀងណាដែលប្រើកម្លាំងហួសខ្លាំងៗពេកឡើយ ព្រោះវាអាចធ្វើឱ្យនាងដួលសន្លប់គ្រប់ពេល។

តារាចម្រៀងផលិតកម្មថោន រូបនេះ បានឱ្យដឹងថា “ខ្ញុំមានជំងឺខ្សោយបេះដូង ហើយខ្វះជាតិស្ករ។ ជំងឺនេះកើតមានតាំងពីខ្ញុំនៅលីវម៉្លេះ ហើយមុនពេលមានប្តីនិងកូន ខ្ញុំឧស្សាហ៍ដួលសន្លប់ណាស់។ នៅថ្ងៃរៀបការ ខ្ញុំឈរទទួលភ្ញៀវបានត្រឹមម៉ោង៨យប់ក៏សន្លប់បាត់ទៅហើយ”។

រដ្ឋា បានបន្តថា “ក្រោយខ្ញុំមានប្តីនិងកូន២នេះគ្រាន់បើបន្តិច ប៉ុន្តែនៅតែមានជំងឺហ្នឹងដដែល ហើយខ្ញុំមិនហ៊ានហាត់ប្រាណខ្លាំងៗពេកទេ ព្រោះអាចដួល។ ក្បាច់រាំក៏អ៊ីចឹងដែរ គ្រូបង្ហាត់រាំខ្ញុំដឹងថា ខ្ញុំមានជំងឺហ្នឹង អ៊ីចឹងគាត់មិនឱ្យខ្ញុំលេងក្បាច់រាំខ្លាំងៗពេកទេ”។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយចំណងស្នេហ៍១៣ឆ្នាំ ទទួលបានកូនប្រុស២នាក់ គឺកូនច្បង ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុ១២ឆ្នាំ និងកូនទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៤ឆ្នាំ។

យក់ ថិតរដ្ឋា បន្ថែមទៀតថា ទោះជាពេលនេះ នាងមានជំងឺបេះដូងដ៏គួរឱ្យព្រួយបារម្ភមែន ប៉ុន្តែនាងនៅតែអាចជិះយន្តហោះទៅប្រទេសជិតខាងបាន ហើយជាប្រចាំនាងត្រូវត្រួតពិនិត្យ សុខភាពរយៈពេល៣ខែម្តង ទាំងនៅពេទ្យខ្មែរនិងថៃ៕
