Saturday, September 20, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត នៅស្ទើរ មិនអាចនាំកូនក្រុមលើកពាន ដូចឱក សុគន្ធកញ្ញា?

ខេមរៈ សិរីមន្ត នៅស្ទើរ មិនអាចនាំកូនក្រុមលើកពាន ដូចឱក សុគន្ធកញ្ញា?

តារាចម្រៀងខេមរៈ សិរីមន្ត ត្រូវបានហង្សមាស ប្រគល់តំណែងធំជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia រដូវកាលទី១ ដោយតម្រូវឱ្យលោកប៊ុនថៃ ចាប់ដៃជាមួយគ្រូបង្វឹក៣រូបផ្សេងទៀត គឺណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន។

មហាជនជាច្រើនបានលើកឡើងថា សិរីមន្ត មិនសូវពូកែវោហារស័ព្ទក្នុងការបញ្ចេញថ្វីមាត់នោះទេ អំឡុងពេលដែលរូបគេអង្គុយនៅកៅអីដែលត្រូវគេហៅថាជាគ្រូបង្វឹកនោះ ហើយអ្វីដែលធ្វើអ្នកគាំទ្រអតីតតារាចម្រៀងសាន់ដេរូបនេះ មានការខកចិត្តថែមទៀត គឺលោកសិរីមន្ត មិនអាចដឹកដៃកូនក្រុមរបស់ខ្លួន X-Fighter ដែលមានសមាជិកដល់ទៅ៤រូបនោះឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រឡើយ។

កុំថាឡើយដល់ការប្រជែងយកពាន ទើបនៅទីបំផុតក្មេងប្រុសអាយុត្រឹមតែ១៤ឆ្នាំ ដែលជាអតីតក្មេងវត្តមួយនៅខេត្តកំពង់ចាម ហើយជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា គឺចាន់ សុបញ្ញា នោះលើកពាន X Factor Cambodia រដូវកាលទី១ដោយជោគជ័យ បើទោះជាទស្សនិកជនជាច្រើននិយាយថា សមត្ថភាពរបស់សុបញ្ញា នៅមានកម្រិត បើប្រៀបធៀបជាមួយអ្នកអត់បានពានក៏ដោយ។

អ្នកគាំទ្រកូនក្រុមរបស់ខេមរៈ សិរីមន្ត មានការខកចិត្ត ហើយពួកគេហាក់បង្ហាញការស្ទាក់ស្ទើរចំពោះតំណែងជាគ្រូបង្វឹករបស់សិរីមន្ត ដោយអ្នកខ្លះបានលើកឡើងថា លោកប៊ុនថៃ នៅស្ទើរចំពោះបទពិសោធន៍ថ្មីមួយនេះ។

ប៉ុន្តែទន្ទឹមនឹងនេះក៏មានអ្នកចេញមុខការពារខេមរៈ សិរីមន្ត ផងដែរ ដោយលើកឡើងថា មិនមែនតែ សិរីមន្ត ម្នាក់ទេដែលកូនក្រុមធ្លាក់ចេញអស់មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនោះ សូម្បីតែណុប បាយ៉ារិទ្ធ ដែលមានបទពិសោធន៍យ៉ាងជោគជាំក្នុងតំណែងជាគណៈកម្មការនិងគ្រូបង្វឹកជាច្រើនកម្មវិធីនៅហង្សមាស មកហើយនោះ ក៏ធ្វើឱ្យកូនក្រុមរបស់ខ្លួនខ្ទាតចេញអស់តាំងពីមុនថ្ងៃ Final នោះដូចគ្នាទៅនឹងសិរីមន្ត ដែរ។

គួរបញ្ជាក់ថា ការឆក់បានតំណែងធំនៅហង្សមាសរបស់ខេមរៈ សិរីមន្ត ជាគ្រូបង្វឹក X Factor Cambodia រដូវកាលទី១នេះ សិរីមន្ត ក៏ធ្លាប់ស្ពឹកមុខម្តងរួចទៅហើយដែរ ដោយសារត្រូវអតីតតារាសម្តែងស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីនោះចេញមុខរិះគន់ចំៗទៅលើសិរីមន្ត ដែលមិនហ៊ានអារកាត់ខ្លួនឯងលើអតីតបេក្ខភាពង៉ូត សិលា ថាឱ្យបន្តទៅទៀតឬឱ្យធ្លាក់ពីកម្មវិធី តែបែរជារុញឱ្យមហាជនជាអ្នកទម្លាក់សិលា ចេញទៅវិញ បើទោះជាពេលនោះរូបគេជាអ្នកមានសិទ្ធិសម្រេចដោយខ្លួនឯងក្តី។

ទោះជាយ៉ាងណា សិរីមន្ត មិនខ្វល់ការរិះគន់ឡើយ ហើយរូបគេបន្តអង្គុយកៅអីគ្រូបង្វឹកនេះរហូតដល់ចប់កម្មវិធី។

ប៉ុន្តែគេមិនដឹងថា ខេមរៈ សិរីមន្ត នៅបន្តធ្វើជាគ្រូបង្វឹកកម្មវិធីប្រលងចម្រៀងមួយនេះតទៅទៀតឬយ៉ាងណា ខណៈដែលកន្លងមកតារាចម្រៀងសុគន្ធ និសា ដែលធ្លាប់រងការរិះគន់រឿងនាងទម្លាក់កូន ក្រុមរបស់ខ្លួនខុសក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី១នោះ នាងក៏បានលាឈប់ពីតំណែងនេះតែម្តង ទើបហង្សមាស រុញសួស វីសា ឱ្យទៅជំនួសនាង។

ថ្វីត្បិតតែខេមរៈ សិរីមន្ត មិនអាចធ្វើបានដូចព្រាប សុវត្ថិ ចូលកាន់តំណែងជាគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី១ នាំពេជ្រ ថៃ លើកពានផ្អើលពេញផ្ទែប្រទេស មែន តែកម្មវិធី X Factor Cambodia រដូវកាលទី១នោះ តាមព័ត៌មានថា បេក្ខភាពមួយចំនួនបានលើកយកបទចម្រៀងរបស់លោកសិរីមន្ត ឡើងច្រៀងច្រើនបទ ទើបធ្វើឱ្យអតីតតារា U2 រំភើបរីករាយផងដែរ ទោះជាមិន អាចជួយកូនក្រុមឱ្យលើកពានក្តី។

ដោយឡែករឿងរៀបការវិញ ទោះជាឆ្នាំនេះតារាប្រុសស្រីសម្រុកនាំគ្នាចូលរោងការដូចទឹកហូរបាក់ទំបន់ក៏ដោយ តែតារាកូន៣ ខេមរៈ សិរីមន្ត គ្មានគម្រោងដឹកដៃភរិយា អ្នកនាងកុយ ផល្លី រៀបការជាចំហឡើយ បន្ទាប់ពីសិរីមន្ត ធ្លាប់អះអាងថា បានរៀបការម្តងទៅហើយកាលពីឆ្នាំ២០០៩ និងកុហកអ្នកកាសែតនិងមហាជនថា អត់ប្រពន្ធកូនអស់រយៈពេល៩ឆ្នាំមក៕

RELATED ARTICLES