Saturday, September 20, 2025
Homeតារាខ្មែរយ៉ុង ចាន់កណ្ណិកា បោះបង់អាជីពចម្រៀង ក្រោយបោះទុន២០ម៉ឺនដុល្លារធ្វើជំនួញ

យ៉ុង ចាន់កណ្ណិកា បោះបង់អាជីពចម្រៀង ក្រោយបោះទុន២០ម៉ឺនដុល្លារធ្វើជំនួញ

តារាចម្រៀងតូចច្រឡឹង យ៉ុង ចាន់កណ្ណិកា ដែលគេស្គាល់ថាជាម្ចាស់បទ “វាចាស្រីឡង់សេ”  នោះ បានអះអាងថា នាងគ្មានគម្រោងវិលមករកឆាកតន្ត្រីសាជាថ្មីវិញឡើយ ក្រោយអាក់ខានឡើងឆាកជាង៣ឆ្នាំមក ពេលនេះនាងសម្រេចចិត្តបាយបាយពីអាជីពចម្រៀងហើយ។

ប៉ុន្តែយ៉ាងណា កណ្ណិកា ទទួលស្គាល់ថា នាងស្តាយអាជីពចម្រៀងគ្រាន់តែមិនអាចបន្តទៀត ដោយសារតែមមាញឹកការរកស៊ី មិនអាចដកខ្លួនរួចឡើយ។

យ៉ុង ចាន់កណ្ណិកា ថ្លែងថា “ខ្ញុំផ្អាកច្រៀង៣ទៅ៤ឆ្នាំមកហើយ ដោយសារតែមិនអាចឆ្លៀតបាន ព្រោះរវល់រឿងរកស៊ីដកឃ្លាមិនរួចទេ។ ខ្ញុំគ្មានគម្រោងវិលមកច្រៀងសាជាថ្មីវិញទេ ដោយសារតែមមាញឹកខ្លាំងពេកទៅលើការគ្រប់គ្រងហាងសាឡន និងលក់ផលិតផលតាមOnline”។

កណ្ណិកា បន្តថា “មួយរយៈមុនមានគេហៅឱ្យឡើងប៉ុស្តិ៍ដែរ តែយើងជាប់រវល់មិនបានទៅ អ៊ីចឹងគេក៏លែងហ៊ានហៅទៀតហើយ”។

អតីតតារាចម្រៀង BKS យ៉ុង ចាន់កណ្ណិកា ថា មុខជំនួញរបស់នាងពេលនេះបានដាក់ទុនដល់ទៅ២០ម៉ឺនដុល្លារទៅហើយ ទាក់ទងការយកផលិតផលគ្រឿងសម្អាងពីថៃ មកលក់ ហើយពេលនេះ នាងកំពុងតែត្រៀមពង្រីកសាខាថែមទៀត។

នាងថា អាជីវកម្មថ្មីមួយនេះមានការប្រកួតប្រជែងច្រើននៅលើទីផ្សារផងដែរ ហើយមានអ្នកជេរ មានអ្នកសរសើរជារឿងធម្មតា ពេលដែលនាង Live លក់ផលិតផល។

តារារាងតូចតែសំឡេងស្រួយស្រែសរូបនេះ បន្ថែមថា “ពេល Live លក់ផលិតផលហ្នឹង យើងជួបអស់ហើយ មានអ្នកជេរ អ្នកសរសើរ គឺជារឿងធម្មតាទេ បើគ្មានអ្នកជេរក៏ទៅមុខមិនរួចដែរ។ ការលក់ឡេ គឺការនិយាយរបស់យើងខុសពីឡើងឆាក ព្រោះយើងមានវិធីទាក់ទាញអតិថិជនឱ្យមើលយើង អ៊ីចឹងខ្ញុំមិនខ្វល់ទេអ្នកណាជេរ អ្នកណាសរសើរ ព្រោះមានដូចគ្នា”។

យ៉ុង ចាន់កណ្ណិកា បានរៀបការកាលពីចុងឆ្នាំ២០១៤ ជាមួយលោកចាន់ ចំណាន ដែលជាមន្ត្រីបម្រើការផ្នែកពន្ធនាគារ ហើយពេលនេះនាងទទួលបានចំណងដៃកូនស្រីម្នាក់អាយុជាង២ឆ្នាំទៅហើយ។

កណ្ណិកា ថា ការបោះបង់អាជីពចម្រៀងនៅពេលនេះ មិនមែនស្វាមីរបស់នាងហួងហែងមិនឱ្យលេងសិល្បៈទេ តែមកពីនាងរើខ្លួនមិនរួចពីមុខជំនួញតែម្តង៕

RELATED ARTICLES