ពោះម៉ាយកូន៤ នាយក្រិន ដែលកំពុងឈឺបេះដូងស្ទើរប្រេះទ្រូងនោះបានអះអាងថា ក្រោយលែងប្រពន្ធទី២ អូនយ៉ាយ៉ា មក ពេលនេះនាយមិនហ៊ានជួបមុខប្រពន្ធទី១ នាងហ៊ិន ចាន់ធឿន ហៅអូន សុវណ្ណារ៉ា ដែលជាជាងអ៊ុតសក់នៅក្រុងកំពង់សោមទេ ព្រោះខ្លាចស្វាមីថ្មីរបស់នាងប្រចណ្ឌ ហេតុនេះហើយបានជាលោកសម្រេចចិត្តថាឈប់រវីរវល់រឿងយកប្រពន្ធថ្មីទៀតហើយ គឺសុខចិត្តរស់នៅម្នាក់ឯងអស់មួយជីវិត។

តារាកំប្លែងមាឌល្អិតដែលជាថៅកែហាងផឹកស៊ីមួយនៅផ្លូវ២០០៤ រូបនេះថ្លែងថា “ប្រពន្ធមុនខ្ញុំមិនដែលទាក់ទងទៀតទេព្រោះខ្លាចប្តីថ្មីគាត់ប្រចណ្ឌ។ កូនប្រុសរបស់ខ្ញុំ សុជុន ចាន់វរីរៈ អាយុ១២ឆ្នាំហើយ។ ខ្ញុំធ្លាប់ជួបតែតាមទូរស័ព្ទម្តងម្កាលនិងធ្លាប់ឱ្យលុយកាក់ខ្លះៗដល់កូនដែរ តែឥឡូវមិនដែលទាក់ទងទៅទេ។ ចំពោះរឿងយកប្រពន្ធថ្មី ខ្ញុំលែងចង់បានទៀតហើយ ព្រោះអីខ្ញុំចាស់ហើយឆ្នាំនេះ អាយុ៤០ឆ្នាំ អ៊ីចឹងតើចង់បានប្រពន្ធអីទៀត?”។

ក្រោយនាយក្រិន ចែកផ្លូវជាមួយអូនយ៉ាយ៉ា ដោយបន្សល់កូន៣ (ស្រី២-ប្រុស១) នៅលើបន្ទុកនាយជាអ្នករ៉ាប់រងនោះ ពេលនេះ នាយក្រិន អះអាងថា ការដែលនាយឃើញប្រពន្ធផិតក្បត់នៅចំពោះមុខ និងភ្នែកស្រស់ៗ ហើយទាក់ទងប្រុសដល់ទៅ២នាក់ក្រោយខ្នងនាយនេះហើយ ដែលធ្វើឱ្យនាយឆ្អែតចិត្តលែងចង់មានការផ្សះផ្សាស្នេហ៍ឡើងវិញ ហើយក៏គ្មានគម្រោងយកប្រពន្ធទី៣ដែរ។

ប៉ុន្តែរឿងដែលនាយកាន់តែពិបាកចិត្តថែមទៀតនោះ គឺអាជីពកំប្លែងកំពុងតែធ្លាក់ចុះ ហើយហាងដែលជួលគេ១ខែ ១០០០ដុល្លារនោះ ក៏មិនសូវមានភ្ញៀវទៀត អ៊ីចឹងហើយបានជានាយរកគិតអី មិនចេញទេ ហើយមានអារម្មណ៍ឯណាទៅរកប្រពន្ធថ្មីទៀតទៅ?

ក្រោយនាយក្រិន លែងលះជាមួយប្រពន្ធទី២នេះ ប៉ាធម៌របស់នាយក្រិន គឺនាយកុយ បានសម្តែងការអាណិតអាសូរតារាកំប្លែងមាឌល្អិតរូបនេះជាខ្លាំង ព្រោះបំណងរបស់លោកចង់ឱ្យកូនធម៌រស់ជាមួយប្រពន្ធកូនរហូតដល់ចាស់កោងខ្នងដូចតាឡូតូ តែពេលនេះក្តីស្រម៉ៃនោះបានបរាជ័យទៅហើយ។

យ៉ាងណា នាយកុយ ថាលោកគ្មានបំណងអន្តរាគមន៍ផ្សះផ្សាស្នេហ៍នាយក្រិន និងប្រពន្ធ ឱ្យត្រូវរ៉ូវគ្នាទេ ព្រោះជារឿងផ្ទៃក្នុងរបស់គេ តែលោកសម្តែងការហួសចិត្តចំពោះបុរសដែលឆក់ប្រពន្ធនាយក្រិន នោះ ដោយលោកថា តើប្រុសនោះមិនដឹងថាស្រីនោះជាប្រពន្ធនាយក្រិន ទេអីបានជាទៅយកពីគ្នាទៅកើត?៕
