កែវ និសា បានដកខ្លួនពីអាជីពចាស់ ម្តងរួចទៅហើយ អំឡុងពេលដែលនាងប៉ះស្នេហ៍ដ៏រសើបជាមួយមន្ត្រីធំម្នាក់ ហើយនាងអាចនឹងក្លាយទៅជាជំទាវ ទើបព្រមផ្តាច់ស្នេហ៍ប្រុសក្មេងលឹម ជាឡាយ។
យ៉ាងណា ការវិលមករកអាជីពចាស់វិញនៅពេលនេះរបស់និសា ធ្វើឱ្យមានការសង្ស័យថា អ្នកមេម៉ាយសាច់សខ្ចីរូបនេះកំពុងប្រឈម “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ដោយសារតែតំណែងជំទាវក៏មិននៅក្នុងកណ្តាប់ដៃ ខណៈប្រុសក្មេងជាឡាយ គ្មានបំណងផ្សះផ្សាស្នេហាជាមួយនាងវិញឡើយ…។

កែវ និសា ធ្លាប់ផ្ទុះរឿងស្នេហាមន្ត្រីធំម្នាក់ ហើយនាងឡើងកាលីពជិះរថយន្តទំនើបម៉ាក Audi ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ និងពេលខ្លះគេប្រទះឃើញនាងជិះរថយន្ត Lexus LX570 ហើយនាងគិតតែដើរកម្សាន្តនៅក្រៅស្រុកទិញអីវ៉ាន់ម៉ាកល្បីៗហាក់មិនខ្វល់លុយនោះ ធ្លាប់ត្រូវបានគេខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា អ្នកមេម៉ាយដែលគេសង្ស័យថាមានកូនស្រីមួយរូបនេះមានគូស្នេហ៍ជាលោកធំម្នាក់នោះនៅក្រោយខ្នង ហើយមិនយូរទេនាងនឹងឡើងធ្វើជាជំទាវដូចអតីតតារាមួយចំនួនជាមិនខាន។
ភាពឡូយឆាយរបស់កែវ និសា អាយុជិត៤០ឆ្នាំ ហៅកែវ និសា នៅពេលនោះ ធ្វើឱ្យអតីតសង្សារកម្សត់កម្រជាមួយគ្នាជាង៥ឆ្នាំ ប្រុសក្មេងរូបសង្ហាលឹម ជាឡាយ ត្រូវខ្ទាតចេញដោយមិនដឹងខ្លួន។

កែវ និសា ហាក់មិនខ្វល់ខ្វាយចំពោះសង្សារចាស់ឈឺបេះដូងនោះទេ ហើយនាងក៏មិនអើពើចំពោះការថតសម្តែងដូចមុនទៀតឡើយ ដោយបាត់ខ្លួនទាំងការធ្វើពិធីការិនីនិងថតកុនព្រមគ្នាតែម្តង។
មិត្តភក្តិជិតស្និទ្ធនិយាយថា វង្ស សុផាវណ្ណ ហៅនិសា នាងមានសំណាងធំណាស់ព្រោះមន្ត្រីធំរូបនោះស្រលាញ់តែនាងម្នាក់គត់ ហើយទោះជាស្រីស្អាតរូបនេះចង់ទាមទារសំណើអ្វីក៏លោកធំនោះមិនឱ្យស្រីស្អាតខកចិត្តដែរ ហេតុនេះហើយគេរំពឹងថា និសា នឹងអាចសម្ងំសោយសុខលើគំនរទ្រព្យ ដែលដើរតាមគន្លងអតីតតារាសម្តែងស្រីតូច ចំណាន , ឱក បូរី និងពេជ្រ ច័ន្ទបរមី ជាដើម ជាមិនខានឡើយ។

ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿ ហើយផ្ទុយពីការសន្និដ្ឋានខាងលើ ព្រោះថ្មីៗនេះ កែវ និសា វិលរកអាជីពចាស់វិញទាំងស្រងូតស្រងាត់ ខណៈដែលតំណែងជំទាវរបស់នាងដែលត្រូវគេរំពឹងថា នឹងធ្លាក់ក្នុងដៃនិសា នោះ បែរជាមិនងាយស្រួលសម្រាប់ឈោងចាប់ទៅវិញ។
ព័ត៌មានបានឱ្យដឹងថា មន្ត្រីធំដែលលង់ស្នេហ៍នាងនោះមិនមែននៅទំនេរឡើយ ហើយថែមទាំងធ្លាប់ពាក់ព័ន្ធស្នេហ៍ជាមួយតារាស្រីផ្សេងៗមួយចំនួនទៀតផង។

ប្រភពបានឱ្យដឹងថា កែវ និសា មិនចង់យកកទៅលអន្ទាក់ ហេតុនេះហើយទើបនាងសម្រេចចិត្តវិលរកអាជីពចាស់កើបលុយល្អិតតក់ៗពីសិល្បៈវិញ។
ប៉ុន្តែកែវ និសា ហាក់ជ្រុលក្បាលក្រពើបន្តិចព្រោះនាងមិនអាចវិលមករកការផ្សះផ្សាស្នេហ៍ជាមួយប្រុសក្មេង លឹម ជាឡាយ ជាថ្មីវិញបានឡើយ ដោយសារតែជាឡាយ កំពុងតែជាប់ដៃជាមួយគូស្នេហ៍ថ្មី។

មិត្តភក្តិរបស់កែវ និសា និយាយថា ពេលនេះ និសា ប្រឈមការបាត់បង់បុរសដល់ទៅ២នាក់ ក្នុងពេលតែមួយ គឺ “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ព្រោះតំណែងជំទាវក៏របូត ប្រុសក្មេងក៏ត្រូវគេឆក់ទៅបាត់ដែរ។
ប៉ុន្តែស្រីស្អាតដូចកែវ និសា មិនមែនងាប់ក្រឡាអស់ផ្លូវដើរ ព្រោះតែបាត់ស្នេហ៍មួយគ្រានេះឡើយ។ និសា មានមន្ត្រីធំផ្សេងៗទៀតរង់ចាំត្រងស្នេហ៍ពីនាង ហើយបើសិនជាស្រីស្រស់ព្រមលោតឆត្រ សាងស្នេហ៍លួចលាក់ដូចតារាមួយចំនួននោះ លុយ ឡាន និងវីឡា នៅតែមិននៅឆ្ងាយពីនាងដដែល។

ជាក់ស្តែង ដូចជាកាលពីឆ្នាំ២០០៩ អំឡុងពេលដែលកែវ និសា ប្តឹងលែងលះអតីតប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ហើយនាងថែមទាំងផ្តាច់ស្នេហ៍ តារាចម្រៀងសាន ផានិត ភ្លាមៗនោះ ស្រាប់តែនិសា មានប្រុសៗកាន់តែច្រើនតាមប្រជែងគ្នាដណ្តើមបេះដូងនាង។

ប៉ុន្តែពេលនោះ និសា ស្ម័គ្រចិត្តស្ម័គ្រកាយប្រគល់បេះដូងដែលមានដំបៅរបស់នាងឱ្យទៅតែប្រុសក្មេងលឹម ជាឡាយ ម្នាក់ទេព្យាបាលរបួសនាង។
ពេលនេះ ទាំងនិសា និងជាឡាយ បែរជាមិនត្រឹមតែមិនអាចវិលមករកការផ្សះផ្សាស្នេហ៍ឱ្យដូចដើមនោះទេ សូម្បីតែមើលមុខគ្នាក៏អ្នកទាំងពីរលែងហ៊ានមើលមុខចំទៅហើយ ព្រោះតែមានជនទី៣ចូល ជ្រៀតជ្រែកស្នេហ៍នេះ៕