ម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធីត្រេឌីង ឯ.ក(Nk Molika Beauty Trading Co.Ltd) ត្រូវបានក្រុមហ៊ុន Luxury Smile ប្រគល់ពានThe Beauty Net Idol Award 2019 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពិធីនេះរៀបចំនៅផ្សារទំនើប Aeon Mall សែនសុខ រាជធានីភ្នំពេញ។
ម៉ូលីកា បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការបានពានរង្វាន់មួយនេះ ខណៈដែលមានក្រុមហ៊ុនជិត៥០ផ្សេងទៀត បានចូលរួមប្រកួតក្នុងវេទិកាដ៏ធំនេះផងដែរ។

ម៉ូលីកា បានទទួលពានរង្វាន់នេះដែលប្រគល់ផ្ទាល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល
ដោយឡែករង្វាន់ដែលត្រូវក្រុមហ៊ុន Luxury Smile រៀបចំប្រគល់ពានសហគ្រិនឆ្នើមអាស៊ាន CEO ធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស មាន៣កំរិត គឺរង្វាន់ទី១ ”The Top 20 Asean Successful CEO Award 2019” , ទី២ ” The Beauty Net Idols Award 2019” និងទី៣ ”The Successful CEO Of The Year2019”។ ដោយឡែក ម៉ូលីកា វិញឈ្នះពានទី២ ”The Beauty Net Idol Award 2019”។

តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីបានបង្ហើបថា មូលហេតុដែលកញ្ញាម៉ូលីកា ឈ្នះពានមួយនេះ ដោយសារតែក្រុមហ៊ុនរក្សាសម្ផស្សរបស់នាងដែលមានឈ្មោះថា “អិន ខេ ម៉លីកា ប៊ីយូធី ត្រេឌីង ឯ.ក” មានអាជ្ញាបណ្ឌត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ហើយផលិតផលរបស់នាងមានគុណភាព ព្រមទាំងមានអតិថិជនគាំទ្រច្រើន ទើបជំរុញឲ្យម៉ូលីកា ទទួលបានពានដ៍អស្ចារ្យមួយនេះ។
អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានឲ្យដឹងដែរថា ការបានពានរង្វាន់នេះជាកិត្តិយសមួយដ៏ធំធេងសម្រាប់នាង ដែលរឹតតែមានកំលាំងចិត្ត និងជំរុញឲ្យកាន់តែខំប្រឹងពង្រឹងអាជីវកម្មក្រៅសិល្បៈមួយនេះឲ្យរឹងមាំថែមទៀត។

នាងបន្តថា សព្វថ្ងៃមានអតិថិជនច្រើនណាស់ដែលគាំទ្រផលិតផលរបស់នាង ហេតុនេះហើយការទទួលពាននេះនឹងធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តចំពោះផលិតផលនៅហាងរបស់នាង កាន់តែច្រើនជាមិនខានឡើយ។

ដោយឡែក អ្នករៀបចំកម្មវិធី ”Asean Successful Ceo Award 2019” វិញបានបង្ហើបឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងសម្រាប់បងប្អូនដែលជាតារាល្បីៗ, Net Idols និងម្ចាស់អាជីវកម្មខាងគ្រឿងសម្អាង, សាឡន , ស្ប៉ា, គ្លីនិក និងកែសម្ផស្ស។

កម្មវិធី ”Asean Successful Ceo Award 2019” ប្រារព្ធឡើងដើម្បីជំរុញទៅដល់បងប្អូនតារា និងសិល្បៈផ្សេងៗ ជាពិសេសអ្នកជំនាញដែលមានបំណងក្នុងការពង្រឹងសក្ដានុពលនៃអាជីវកម្មរបស់ខ្លួន ជាមួយដៃគូសហការឲ្យកាន់តែមានឈ្មោះបោះសំឡេងទាំងក្នុងស្រុកនិងក្រៅប្រទេស ក្រោយពួកគេទទួលបានពានដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនេះ។

គួររំលឹកថា ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock បានផ្អាកពីអាជីពចម្រៀងមួយអន្លើ ងាកមកបើកហាងរក្សាសម្រស់ដែលចំណាយទុក១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ហើយពេលនេះនាងជាអ្នកជោគជ័យ និងលេចធ្លោខ្លាំងម្នាក់ដែលលក់ផលិតផលតាម Online មានការគាំទ្រច្រើន រហូតធ្វើឲ្យនាងមានជីវភាពធូរធា ព្រមទាំងបានទិញរថយន្ដទំនើប២គ្រឿងជិះឆ្លាស់គ្នាទៀតផង គឺRange Rover ស៊េរីឆ្នាំ២០១៥ និងLexus Rx 450h។

ប៉ុន្ដែម៉ូលីកា ថា នាងមិនបោះបង់អាជីពចម្រៀងទេ គឺនឹងវិលវិញនៅពេលវេលាសមស្របណាមួយ ប៉ុន្តែមិនចូលផលិតកម្មណាទៀតឡើយ ដោយត្រៀមចំណាយលុយផ្ទាល់ខ្លួនធ្វើបទចម្រៀងដោយខ្លួនឯង៕